បារាំង៖ សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម កូប៉េ និងហ្វីយ៉ុង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 22, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីចាញ់ឆ្នោតគណបក្សឆ្វេងនិយម ទាំងពេលជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្តកន្លងមក គណបក្សស្ដាំនិយមបារាំងថ្ងៃនេះ កំពុងឆ្លងកាត់នូវសង្គ្រាមផ្ទៃក្នុងមួយ ដែលអាចនឹងឈានទៅរកការបែកបាក់ដ៏ធំមួយ ក្នុងបក្សនយោបាយនេះ ហើយថែមទាំងបាននាំមក នូវរូបភាពដ៏អាក្រក់ ដល់ពិភពអ្នកនយោបាយ នៃប្រទេសប្រជាធិបតេយ្យមួយនេះទៀតផង។
លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។
លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) អតីតនាយករដ្ឋមន្ត្រី សម័យប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) បានទាមទារកាលពីល្ងាចថ្ងៃពុធទី២១វិច្ឆិកា អោយគេរាប់បញ្ចូលនូវសម្លេងឆ្នោត នៃមណ្ឌលចំនួន៣ ដែលសមាជិកបានបោះឆ្នោតផ្ដល់ការទុកចិត្ត ទៅអោយបេក្ខជន ប្រធានបក្ស កាលពីថ្ងៃអាទិត្យទី ១៨វិច្ឆិកា កន្លងទៅ។ មណ្ឌលទាំងបីដែលស្ថិតនៅ ទឹកដីបារាំងឯនាយសមុទ្រ ត្រូវបានលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង និងក្រុមរបស់លោក លើកឡើងថា ត្រូវគេបំភ្លេចមិនបានរាប់បញ្ចូល ដែលជាហេតុធ្វើអោយ លោកបានចាញ់ឆ្នោត ទល់នឹងគូរប្រជែងរបស់លោក គឺលោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េ (Jean-François Copé) ក្នុងការបោះឆ្នោតរើសប្រធានបក្ស សម្ព័ន្ធចលនាប្រជាជន (UMP) នោះ។
ប៉ុន្ដែអ្វីដែលលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង បានតវ៉ានៅពេលនេះ ហាក់ដូចជា«យឺតពេល»ទៅហើយ សម្រាប់ក្រុមអ្នកស្ថិតនឹងលោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ ដោយហេតុថា លោក ហ្វីយ៉ុង បានទទួលស្គាល់ពីលទ្ធផលនៃការបោះឆ្នោតនេះ ដែលប្រកាសកាលពីយប់ថ្ងៃច័ន្ទទី១៩វិច្ឆិកា ដោយគណកម្មាធិការរៀបចំ និងត្រួតពិនិត្យ នៃយុទ្ធនាការបោះឆ្នោត ហៅកាត់ថា (Cocoe)។
នៅក្នុងការទាមទារ អោយរាប់បញ្ចូលនូវសម្លេងឆ្នោតនេះ លោកហ្វីយ៉ុង មិនបានគិតថានឹងឈានទៅ ទាញយកតំណែងជាប្រធានបក្សត្រឡប់មកវិញនោះទេ តែជា«គោលជំហរនយោបាយ» ដែលបក្សនយោបាយបារាំងធំជាងគេនេះ គួរតែប្រកាន់ខ្ជាប់។ នេះជាប្រកាសអោយដឹង នៅតាមកញ្ចក់ទូរទស្សន៍ របស់លោកហ្វីយ៉ុង កាលពីយប់ថ្ងៃពុធដដែល។លោកបាននិយាយថា ស្នើសុំអោយ លោកអាឡាំង ហ្សីប៉េ (Alain Juppé) អតីតប្រធានស្ថាបនិករបស់បក្ស (អតីតរដ្ឋមន្ត្រីការបរទេស និងសព្វថ្ងៃជាចៅហ្វាយទីក្រុងប៊កដូ) មកធ្វើជាប្រធានបក្ស និងរៀបចំគណកម្មាធិការនាយករបស់បក្ស ជាលក្ខណៈបណ្ដោះអាសន្នសិន។
អ្នកជិតស្និតនឹងលោកហ្វីយ៉ុង បានបង្ហើបអោយដឹងថា «លោកហ្វ្រង់ស៊័រ ហ្វីយ៉ុង បានសារភាពពីបានត្រិះរិះគិតយ៉ាងច្រើន មុននឹងទម្លាយរឿងមណ្ឌលបោះឆ្នោតទាំងបីនេះចេញមក ដោយលោកដឹងជាមុនហើយថា នឹងមានបញ្ហាដ៏ធំមួយ។ ប៉ុន្ដែតើអោយយើង យល់ព្រមទទួលស្គាល់ ការផាត់ចេញទុកដោយឡែក នូវសម្លេងឆ្នោតបោះដោយសមាជិកគណបក្ស យ៉ាងដូចម្ដេច?»
លោកហ្វីយ៉ុង មិនទុកចិត្ត
លោកអាឡាំង ហ្សីប៉េ បាននិយាយនៅល្ងាចថ្ងៃពុធនោះថា «មានការអំពាវនាវអោយខ្ញុំ រៀបចំជាអាជ្ញាកណ្ដាលមួយឡើង។ ខ្ញុំត្រៀមខ្លួនរួចហើយ ក្នុងលក្ខខ័ណ្ឌមានការយល់ព្រម ពីភាគីទាំងសងខាង។» រីឯលោកស្រីអតីតរដ្ឋមន្រ្តីការពារជាតិបារាំង មីឆែល អាលីយ៉ូ ម៉ារី (Michèle Alliot-Marie) ក៏ថាត្រៀមខ្លួន ដើម្បីចូលរួមក្នុងការត្រឡប់មករក នូវភាពស្ងប់ស្ងាត់ឡើងវិញដែរ ដោយលោកស្រីមិនទាមទារតំណែង ឬតួនាទីអ្វីទាំងអស់។
ចំណែកលោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ វិញ បានសម្ដែងអោយដឹង ពីភាពមិនអាចទទួលយកបាន នូវការទាមទារទាំងនេះ ហើយបានស្នើសុំអោយ លោកហ្វីយ៉ុង ដាក់ពាក្យតវ៉ា នៅចំពោះគណកម្មាធិការឧទ្ទរណ៍របស់គណបក្សជាមុនសិន។ តែគណកម្មាធិការឧទ្ទរណ៍នេះ ត្រូវក្រុមអ្នកស្និតនឹងលោកហ្វីយ៉ុង ចោទថាជាអ្នកដែលផ្អៀងទៅលោក កូប៉េ។ ក្នុងបទសម្ភាសតាមកញ្ចក់ទូរទស្សន៍ លោកហ្វីយ៉ុង ក៏បានសម្ដែងនូវភាពមិនទុកចិត្ត ដោយបានបញ្ជាក់ថា «បើខ្ញុំដាក់ពាក្យឧទ្ទរណ៍ គឺខ្ញុំនឹងធ្វើនៅមុខតុលាការ»។ លោកបានបរិហាថា «គណបក្សមិនអាចរស់នៅ ជាមួយនឹងភាពបោកបញ្ឆោតយ៉ាងដូច្នេះទេ»។
ប៉ុន្ដែនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២២វិច្ឆិកានេះ លោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េ បានប្រកាសថាលោកនឹងដាក់ពាក្យតវ៉ាដោយខ្លួនលោក ទៅគណកម្មាធិការឧទ្ទរណ៍របស់គណបក្ស ហើយបានស្នើសុំអោយគណកម្មាធិការនេះ ស្ថិតនៅកណ្ដាលមិនលម្អៀង និងធ្វើការប្រកបដោយតម្លាភាព។ មកទល់នឹងម៉ោងនេះ គេនៅមិនទាន់ដឹង ពីជំហររបស់ក្រុមលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង នៅឡើយទេ។
តើគណបក្សនយោបាយ របស់អតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី នឹងត្រូវផ្ទុះបែកឬយ៉ាងណា? តើនរណាម្នាក់ដែលនឹងអាច ជួយស្រោចស្រង់គណបក្សនេះបាន? សូមតាមដានជាបន្ដ។
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ