អតីត​ប្រធានាធិបតី​បារាំង ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ជា​ថ្មី​ដើម្បី​អង្កេត

នគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃបារាំង ដែលមានការិយាល័យ ក្នុងក្រុង ណង់ទែរ (Nanterre) ខាងលិចជាប់រដ្ឋធានីប៉ារីស នៃប្រទេសបារាំង បានឃុំខ្លួនជាបណ្ដោះអាសន្ន លោក នីកូឡា សារកូស៊ី (Nicolas Sarkozy) អតីតប្រធានាធិបតីបារាំង ដើម្បីអង្កេតពីសំណុំរឿង ទទួលថវិកាពីប្រទេសលីប៊ី ដែលកាលនោះ ស្ថិតក្នុងរបបដឹកនាំ របស់លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) ដើម្បីយកមកផ្គត់ផ្គង់ ឲ្យយុទ្ធនាការរកសម្លេងឆ្នោត ក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីបារាំង ឆ្នាំ២០០៧។
អតីត​ប្រធានាធិបតី​បារាំង ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ជា​ថ្មី​ដើម្បី​អង្កេត
លោក នីកូឡា សារកូហ្សី ទទួលជួបលោក មូអាម៉ា កាដាហ្វី នៅវិមានប្រធានាធិបតី ក្នុងខែធ្នូ ឆ្នាំ២០០៧ ប៉ុន្មានខែបន្ទាប់ពីលោក បានជាប់ឆ្នោត ធ្វើជាប្រធានាធិបតីបារាំង។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 20, 2018
  • ប្រធានបទ: នយោបាយបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុននេះបន្តិច អតីតប្រធានាធិបតីបារាំង ត្រូវបានដាក់ក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ដោយនគរបាលយុត្តិធម៌ «OCLCIFF» នៃក្រសួងមហាផ្ទៃបារាំង ដែលមានការិយាល័យ ក្នុងក្រុង ណង់ទែរ (Nanterre) ខាងលិចជាប់រដ្ឋធានី ប៉ារីស។ លោក នីកូឡា សារកូហ្សី (Nicolas Sarkozy) ត្រូវបាននគរបាលអង្កេត ពីសំណុំរឿងទទួលថវិកា ពីប្រទេសលីប៊ី ដើម្បីយកមកផ្គត់ផ្គង់ ដល់យុទ្ធនាការរកសម្លេងឆ្នោត ក្នុងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០០៧។

សម្រាប់សំណុំរឿងមួយនេះ លោកអតីតប្រធានាធិបតី ទើបនឹងរងការឃុំខ្លួន ជាលើកទីមួយ តែលោកត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្នម្ដងហើយ នៅក្នុងការិយាល័យដដែលនេះ ពាក់ព័ន្ធនឹងសំនុំរឿងផ្សេងទៀត កាលពីឆ្នាំ២០១៤ ដែលសង្ស័យថា លោកបានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីរកផលប្រយោជន៍។

សំណុំរឿងថ្មី ទទួលថវិកាពីប្រទេសលីប៊ីនេះ ត្រូវបានអាជ្ញាធរបារាំង បើកការស៊ើបអង្កេត តាំងពីឆ្នាំ២០១៣ បន្ទាប់ពីមានការចោទប្រកាន់ ក្នុងឆ្នាំ២០១១ ធ្វើឡើង​ដោយ អតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) និងកូនប្រុសរបស់លោក ថាលោក នីកូឡា សារកូហ្សី ទទួលបានប្រាក់ ពីគ្រួសារត្រកូល កាដាហ្វី ដើម្បីយកមកផ្គត់ផ្គង់ ឲ្យយុទ្ធនាការរកសម្លេងឆ្នោត ឆ្នាំ២០០៧។

ឈ្មួញកណ្ដាល...

មនុស្សដ៏សំខាន់ ដើរតួជា«ឈ្មួញកណ្ដាល» (ឬហៅថាអ្នកគួកជេរ តាមពាក្យសាមញ្ញ) នៅក្នុងសំនុំរឿងមួយនេះ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញបារាំងដ៏ល្បីឈ្មោះ គឺលោក អាឡិចសងឌ្រ៍ ដ្យូរី (Alexandre Djouhri) អាយុ៥៩ ដែលបានចេញទៅរស់នៅ ក្នុងប្រទេសស្វីស។ អ្នកជំនួញរូបនេះ ត្រូវបានអាជ្ញាធរអង់គ្លេស​ ចាប់ឃុំជាបណ្ដោះអាសន្ន នៅរាជធានីឡុដង៍ ចក្រភពអង់គ្លេស តាំងពីខែមករាមុន។

តុលាការបារាំង បានទាមទារឲ្យបញ្ជូនខ្លួន​បុរសអ្នកជំនួញ ភ្លាមៗមកកាន់ប្រទេសបារាំង ប៉ុន្តែតុលាការអង់គ្លេស បានសម្រេចថា ការបញ្ជូនខ្លួនបុរសរូបនេះ នឹងត្រូវ​ពន្យាពេល រហូតដល់ខែខែកក្កដាខាងមុខ។

ប្រាក់សុទ្ធ... មានប្រភពពីណា?

ក្នុងសំនុំរឿងដដែលនេះ មនុស្សជំនិតជាច្រើននាក់ របស់អតីតប្រធានាធិបតី ក៏ត្រូវបានអាជ្ញាធរបារាំង កោះហៅទៅសាកសួរ និងស៊ើបអង្កេត ដូចគ្នាដែរ។ ក្នុងពេលកន្លងមក លោកអតីតប្រធានាធិបតី តែងចេញមុខបដិសេធ ពីការចោទប្រកាន់នេះ។

សារព័ត៌មានបារាំង «Mediapart» ដែលល្បីខាងទម្លាយរឿងសម្ងាត់ របស់អ្នកនយោបាយបារាំងនោះ បានអះអាងថា នៅក្នុងរយៈពេលនៃយុទ្ធនាការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី ឆ្នាំ២០០៧នោះ មនុស្សជំនិតម្នាក់របស់លោក សារកូហ្សី គឺលោក ក្លូដ ហ្គេអង់ (Claude Guéant) ដែលក្រោយមក ក្លាយជារដ្ឋមន្ត្រីមហាផ្ទៃ បានចែកប្រាក់សុទ្ធ​ច្រើនពាន់ម៉ឺនអ៊ឺរ៉ូ ដាក់ក្នុងស្រោមសំបុត្រ ទៅដល់សមាជិកច្រើននាក់ ដែលចូលរួមធ្វើយុទ្ធនាការបោះឆ្នោត។ សាក្សីជាច្រើន បានអះអាងប្រាប់អ្នកស៊ើបអង្កេតថា ស្រោមសំបុត្រទាំងនោះ មានប្រាក់ចាប់ពី២០០ ទៅដល់ ២០០០អ៊ឺរ៉ូ។

» លោក ក្លូដ ហ្គេអង់៖

តាមច្បាប់ ការឃុំខ្លួនលោក នីកូឡា សារកូហ្សី អាចមានរយៈពេលយូរបំផុត ៤៨ម៉ោង។ ប៉ុន្តែលោកអាចរងការឃុំខ្លួន ជាបណ្ដោះអាសន្ននេះ ច្រើនម៉ោងទៅមុខទៀត ប្រសិនជាសំណុំរឿង ត្រូវបញ្ជូនឡើងទៅចៅក្រមស៊ើបអង្កេត។ ពេលនោះ គេអាចនិយាយបានថា វាជារឿងដ៏ធ្ងន់ធ្ងរ ហើយការទទួលថវិកា ដោយខុសច្បាប់នេះ អាចជារឿងពិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...