បង់ក្លាដេស៖ ឆេះរោងចក្រ ស្លាប់កម្មករជាង១០៤នាក់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 26, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះស្លាប់ នៅក្នុងអណ្ដាតភ្លើង យ៉ាងអាណោចអាធម រីឯជនរងគ្រោះខ្លះទៀតបានស្លាប់ នៅពេលពួកគាត់ទាំងនោះ លោតគេចចេញពីអគ្គិភ័យ ទៅក្នុងលំហរ ...
អ្នកលត់អគ្គិភ័យ កំពុងធ្វើការគ្រប់គ្រង ទល់នឹងគ្រោះថ្នាក់នេះ។ រូបថត KEYSTONE។
អាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា អគ្គិភ័យបានលេបត្របាក់ រោងចក្រកាត់ដេរមួយស្ថិតនៅជាយទីក្រុងដាការ ( Dacca) របស់ ប្រទេសបង់ក្លាដេស ហើយបានសម្លាប់យ៉ាងហោចណាស់ ១០៤នាក់ ដែលក្នុងនោះមានមនុស្សជាច្រើនបានលោតគេចចេញពីភ្លើង ទៅក្នុងលំហរទទេ។ តុល្យភាពចុងក្រោយនៃអ្នកស្លាប់ មានចំនួនតិចជាង ចំនួនដែលរាប់ភ្លាមៗ ដោយអ្នកសង្គ្រោះអគ្គិភ័យ ដែល ថាមានចំនួនដល់ទៅ១២១នាក់។
អ្នកចាត់ចែង គ្រប់គ្រងការលត់អគ្គិភ័យ លោក ម៉ាប៊ប់ (Mahbub) បានពន្យល់ប្រាប់ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េថា «មានការភ័នច្រឡំ ក្នុងការរាប់ដល់ទៅពីរដង នូវចំនួនអ្នកស្លាប់ ដោយសារអ្នកធ្វើការងារក្នុងរោងចក្រជាច្រើនផ្នែក នៅតាមជាន់នីមួយៗនៃអាគារ»។
កម្មករជាង១០០០នាក់ បានជាប់នៅក្នុងរោងចក្រ
ភ្លើងបានឆាបឆេះឡើង ក្នុងថ្ងៃសៅរ៍ពេលយប់ជ្រៅ នៅផ្នែកជាន់ផ្ទាល់ដី របស់រោងចក្រតាស្រ៉េន ហ្វាសិន (Tazreen Fashion) មានចម្ងាយ៣០គម ផ្នែកខាងជើងនៃទីក្រុងដាកា។ អ្នករួចរស់មានជីវិតបានរៀបរាប់ នៅថ្ងៃអាទិត្យស្អែកព្រឹកឡើង ថាពួកគេបានរត់គេចចេញពីអណ្ដាតភ្លើងយ៉ាងដូចម្ដេច។
ស្រ្តីម្នាក់ឈ្មោះរ៉ូមេស្សា អាយុ៤២ឆ្នាំ កំពុងព្យាបាលនៅក្នុងមន្ទីពេទ្យ បានរំលឹកឡើងវិញពីហេតុការណ៍ដ៏គួរអោយតក់ស្លុត ហើយបាននិយាយថា «មានមនុស្សប្រមាណជា ១០០០នាក់ ជាប់នៅក្នុងរោងចក្រ។ (...) ខ្ញុំបានលោតពីជាន់ទីបួនមក ហើយបានមកទើរនៅលើដំបូលផ្ទះអាគារមួយទៀត ដែលមានកំពស់បីជាន់។ មនុស្សច្រើនណាស់ដែលធ្លាក់មក ហើយបានស្លាប់។»
មូលហេតុនៅមិនទាន់ស្គាល់ច្បាស់លាស់នៅឡើយ
រោងចក្រនេះផលិតសម្លៀកបំពាក់ ដើម្បីនាំចេញមកលក់ នៅប្រទេសលោកខាងលិច និងផលិតសម្លៀកបំពាក់អោយ ផ្លាកយីហោអន្តរជាតិធំៗ ដូចយ៉ាង C&A - Li & Fung ...។ លោកដែលវ៉ា អូសាន់ (Delwar Hossain) ជាម្ចាស់រោងចក្រ បាននិយាយប្រាប់អ្នកកាសែតថា «ជាការបាត់បង់ដ៏ធំ សម្រាប់បុគ្គលិកកម្មករ និងរោងចក្ររបស់ខ្ញុំ។ ជាលើកទីមួយ ដែលខ្ញុំជួបគ្រោះអគ្គិភ័យ ពីក្នុងចំណោមរោងចក្រទាំង៧របស់ខ្ញុំ។»
មូលហេតុដែលឈានទៅដល់ការឆាបឆេះ នៅមិនទាន់ដឹងថាយ៉ាងដូចម្ដេចនៅឡើយ។ តែរោងចក្រជាច្រើន នៅប្រទេសបង់ក្លាដេស បានផ្ទុកទុកនូវគំនរជាច្រើន នូវសម្លៀកបំពាក់ដែលត្រៀមទុកបំរុង សម្រាប់ការនាំចេញ តែមិនមានការរៀបចំអោយល្អ ខាងផ្នែកតបណ្ដាញអគ្គិសនី និងផ្នែកសន្តិសុខបុគ្គលិកនោះទេ។
សូមរំលឹកឡើងវិញថា កាលពីពាក់កណ្ដាលខែកញ្ញា រោងចក្រមួយទៀតនៅការ៉ាឈី (Karachi) ទីក្រុងសេដ្ឋកិច្ចរបស់ប្រទេស ប៉ាគីស្តង់ ក៏បានរងឆេះដោយអគ្គិភ័យដែរ ហើយបានសម្លាប់កម្មករប្រមាណជា ៣០០នាក់៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ