ភាពយន្ដជីវប្រវត្តិរបស់ ស្ទេវ ចប នឹងធ្វើជាមួយសាច់រឿងចំនូនបី
សាច់រឿងនីមួយៗ និយាយពីការរៀបចំចេញលក់នូវផលិតផល ជាប្រវត្តិសាស្រ្តរបស់ ក្រុមហ៊ុនអៀបផល តាំងពីក្រុមហ៊ុនបានស្គាល់ពន្លឺថ្ងៃ ដោយសារស្ទេវ ចប និងមិត្តរួមស្ថាបនិកមក។
យុវជនស្ទេវ ចប។ រូបភាពឯកសារ។
ភាពយន្ដជីវប្រវត្តរបស់ ស្ទេវ ចប (Steve Jobs) កំពុងត្រូវគេតម្លើងរៀបចំថត ដែលក្នុងនោះមានពីរវគ្គ។ វគ្គទីមួយ កំពុងថតក្នុងពេលបច្ចុប្បន្ន ហើយកំពុងឈានដល់ទីបញ្ចប់របស់វា។ តួអង្គដើរតួរជំនួសលោក ស្ទេវ ចប សម្ដែងដោយលោក អាស្តុន គាតឆ័រ (Ashton Kutcher) ជាមួយនឹងសេណារីយ៉ូ (scénario) ដែលនិយាយជាជីវិតប្រចាំថ្ងៃ របស់អតីតស្ថាបនិក ក្រុមហ៊ុនយីហោផ្លែប៉ោមរួបនេះ។ តែឈុតឆាកសម្ដែង មានលក្ខណៈចាស់បូរាណ ដែលសមស្របនឹងសម័យកាល ទស្សវត្តឆ្នាំ៧០ និង៨០។
រីឯវគ្គទីពីរ រៀបចំសរសេរក្រឡារឿង ដោយ លោក អារ៉ូន ស៊រគីន (Aaron Sorkin) ជាមួយនឹងពាក្យសន្យារបស់លោក ថានឹងធ្វើអោយខ្សែរភាពយន្ដនេះ មានភាពភ្ញាក់ផ្អើលជាពិសេស។ នៅក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត ដេលី ប៊ៀស្ត៍ (Daily Beast) អ្នកសរសេរ សេណារីយ៉ូ ដ៏ល្បីនិងមានទេពកោសល្យម្នាក់នេះ បានអះអាងថា លោកកំពុងធ្វើការងារ ក្នុងការរៀបចំឈុតឆាក អោយដល់ខ្សែរភាពយន្ដនេះ។
ខ្សែរភាពយន្ដវគ្គនេះ មានបញ្ចូលសាច់រឿងចំនួន៣ និងសាច់រឿងនីមួយៗ មានរយះពេល ៣០នាទី ដែលនិយាយរៀបរាប់ ពីជីវិតនៅខាងក្រោយឆាក និងរស់រវើក របស់ ស្ទេវ ចប ទាក់ទងនឹងផលិតផល កំព្យូទ័រម៉ាកដំបូងគេ (Mac) ផលិតផល ណេស្ត៍ (NeXT) និងផលិតផល អាយផត (iPod)។ អ្នករៀបរៀងកិច្ចសន្ទនា លោក អារ៉ូន ស៊រគីន បានបញ្ជាក់បន្ថែមថា លោកមិនមានភាពពិបាក ក្នុងការតាក់តែង ពាក្យជជែកគ្នាក្នុងភាពយន្ដនោះទេ ហើយអ្នកតាមដានទាំងឡាយរំពឺងថា លោកនឹងអាចឈ្នះ នូវការភ្នាល់របស់លោក។
តែគេត្រូវរងចាំបន្ដិចទៀត ដើម្បីដឹងអោយកាន់តែច្បាស់ពីខ្សែរភាពយន្ដនេះ ដោយហេតុថា ផលិតកម្ម សូនីភាពយន្ដ (Sony Pictures) របស់ហូលីវូដ មិនទាន់អោយគេស្គាល់ ពីឈ្មោះរបស់អ្នកសម្ដែង និងរបស់អ្នកដឹកនាំខ្សែរភាពយន្ដនេះនៅឡើយ។ សូមបញ្ជាក់ថា បន្ទាប់ពីមរណភាពរបស់ស្ទេវចប សូនីភាពយន្ដ បានទិញសិទ្ធិក្នុងការរៀបរៀងភាពយន្ដ ស្ដីពីជីវប្រវត្តរបស់វីរបុរសបច្ចេកវិទ្យារូបនេះ ពីអ្នកនិពន្ធជីវប្រវត្តិម្នាក់ គឺលោក វ័លធ័រ អាយស្សាសុន (Walter Isaacson - សព្វថ្ងៃ ជាចាងហ្វាងនិពន្ធរបស់ទស្សនាវដ្ដី ថែម៍ (Time) និងជានាយកបណ្ដាញទូរទស្សន៍ ស៊ីអ៊ីនអ៊ីន (CNN))៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ របស់លោក ស្ទេវ ចប ក្នុងពេលលោកធ្វើការ ជាមួយនឹងជំនក់ចិត្ត ក្នុងវិស័យបច្ចេកវិទ្យា៖
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ