ប្រទេសចិន ពន្យាថ្ងៃចេញបញ្ចាំង «មេឃរលំ» ដើម្បីការពារភាពយន្ដចិន
ខ្សែរភាពយន្ដរបស់ហូលីវូដ រឿង «មេឃរលំ» ដែលជាវគ្គទី២៣នៃ កម្រងភាពយន្ដរបស់ភ្នាក់ងារសម្ងាត់អង់គ្លេស ០០៧ នឹងត្រូវពន្យាពេលដាក់បញ្ចាំង នៅតាមរោងភាពយន្ដក្នុងប្រទេសចិន រហូតដល់ទៅ៣ខែ។
ឈុតមួយ ក្នុងរៀង មេឃរលំ សម្ដែងដោយ ដានីញែល គ្រេច ក្នុងតួអង្គ ជេម្ស ប៊ន ឬភ្នាក់ងារ០០៧។
រូបភាពរបស់ផលិតកម្មភាពយន្ដ។
ខ្សែរភាពយន្ដ ត្រូវចេញបញ្ចាំង ជាធម្មតានៅថ្ងៃ០២វិច្ឆិកា ដែលជាថ្ងៃចេញបញ្ចាំងតែមួយ ក្នុងពិភពលោក។ តែសម្រាប់ទស្សនិកជននៅក្នុងប្រទេសចិន នឹងត្រូវរងចាំទស្សនាខ្សែរភាពយន្ដ «មេឃរលំ (Skyfall)»នេះ រហូតដល់៣ខែក្រោយ ពោលគឺដល់ដើមខែកុម្ភះ នៅឆ្នាំក្រោយ។
គេហទំព័រ ហូលីវូដ រឺពកទ័រ (Hollywood Reporter) បានរាយការណ៍ ថាអាជ្ញាធរចិន បានពន្យាពេលនៃការដាក់បញ្ចាំងនេះ នៅក្នុងគោលបំណងយ៉ាងច្បាស់មួយ គឺដើម្បីការពារបណ្ដាភាពយន្ដ ផលិតដោយផលិកម្មក្នុងស្រុក។ គេហទំព័របានបន្ថែមថា «ការពន្យាពេលនេះ មានចរិកនយោបាយផង និងការពារផង ដោយហេតុថា អាជ្ញាធរចង់ធានាអោយផលិកម្មចិន ដែលប្រើប្រាស់ធនធានធំៗ ក្នុងប្រទេស ដើម្បីផលិតភាពយន្ដ មិនអោយស្ថិននៅក្រោម ស្រមោលរបស់ភាពយន្ដអាមេរិកាំងនោះ»។
គេហទំព័រនេះ បានគិតទៅដល់ភាពយន្ដចិន ដូចយ៉ាង «ត្រឡប់ទៅឆ្នាំ១៩៤២ (Back to 1942)» របស់ផលិតករ ហ្វេង ស្សាវហ្គាង (Feng Xioagang) និង «មហាបុរសចុងក្រោយ (The Last Supper)» របស់ផលិតករ លូ ឈ័ន (Lu Chuan) ដែលចេញបញ្ចាំងក្នុងខែវិច្ឆិកាដែរនោះ នឹងអាចជួបគ្រោះអាសន្ន នៅពេលដែលភាពយន្ដប្រជែងយ៉ាងធំ ដូច«មេឃរលំ» ដាក់បញ្ចាំងក្នុងពេលតែមួយ។
គេហទំព័របានរំលឹកផងដែរថា មិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរចិនពន្យាពេល ចេញបញ្ចាំងជាផ្លូវការក្នុងប្រទេស នូវខ្សែរភាពយន្ដបរទេសនោះ។ ភាពយន្ដ «មនុស្សពីងពាង» និង«មនុស្សប្រជៀវ» ទាំងពីរនេះ ត្រូវបានបង្អក់ក្នុងប្រទេសចិន រហូតដល់ថ្ងៃទី ២៧សីហា ដើម្បីទុកកន្លែងអោយភាពយន្ដចិន (Painted Skin: Resurrection) រកចំណូលតែម្នាក់ឯងតាំងពីខែមិថុនាមក រហូតដល់ ១១២លានដុល្លាអាមេរិក៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ