«មេឃរលំ ឬ Skyfall» ដាក់បញ្ចាំងមុនថ្ងៃ នៅទីក្រុងឡុងដ៍ សំរាប់ខួប៥០ឆ្នាំនៃ ជេម ស្បន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 24, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចេញបញ្ចាំង នៃខ្សែររឿងទី ២៣ នៃភា្នក់ងារស៊ើបអង្កេតដ៏ល្បី របស់អង់គ្លេស ០០៧ ឬជេម ស្បន បានធ្វើឡើងចំពេលខួបលើកទី៥០ នៃការចាប់កំណើតដំបូងរបស់ខ្សែរភាពយន្ដនេះ។ កាលពីថ្ងៃអង្គារទី២៣តុលាកន្លងទៅ ខណៈដែលមានការដាក់បញ្ចាំងមុនថ្ងៃ នៅទីក្រុងឡុងដ៍ប្រទេសអង្គគ្លេស តួអង្គរបស់ជេម ស្បន លោក ដានីញែល គ្រេច (Daniel Craig) បាននិយាយថា មាន«កិត្តិយស» ដោយបានដើរតួសម្ដែងនៅក្នុង ភាពយន្ដដ៏ល្បីនេះ។ ខ្សែរភាពយន្ដស៊ើបអង្កេត០០៧ ដែលលើកនេះមានចំណងជើងថា មេឃរលំ (Skyfall) បានចេញដាក់បញ្ចាំងក្នុងពិភពលោក នៅថ្ងៃពុធ ទី ២៤កញ្ញា ឆ្នាំ២០១២ នេះ។ រីឯនៅបារាំង ខ្សែរភាពយន្ដបានទទួលរួចជាស្រេច នូវការស្ងើចសរសើរជាច្រើន។
តួជេមស្បន លោក ដានីញែល គ្រេច និងតួឯកស្រីនាងប៊េរ៉េនីស្ស ម៉ាលូហ
តារាភាពយន្ដ លោក ដានីញែល គ្រេច ជនជាតិអង់គ្លេស អាយុ៤៤ឆ្នាំ ជាមួយនឹងសម្លៀកបំពាក់កាត់តម្រឹមយ៉ាងស្អាត និងសក់ទងដែង សិតយ៉ាងមានរបៀបរៀបរយ បានត្រូវទទួលនៅលើកម្រាលព្រំពណ៌ក្រហម ហើយបានដើរសំដៅទៅរកតារាសម្ដែងផ្សេងទៀត នៅក្នុងភាពយន្ដជាមួយគ្នា ក្នុងនោះមានដូចជា លោក ជុឌី ដេនឆ៍ (Judy Dench) និងលោក ហ្សាវីយ៉េ បារដឺម (Javier Bardem) ជាដើម។ លោកបានប្រកាសទៅកាន់អ្នកកាសែត និងបណ្ដាអ្នកគាំទ្ររាប់សិបរយនាក់ នៅទីនោះថា «ជាកិត្តិយសមួយ ដែលខ្ញុំមានវត្តមាននៅក្នុងភាពយន្ដ ដំណើរផ្សងព្រេងមួយ របស់ជេម ស្បន និងមានសំណាងដែលបានថតរឿងនេះ ចំពេលខួបទី៥០ នៃការចាប់កំណើត របស់កម្រងខ្សែររឿង០០៧ទាំងនេះ»។ លោកបន្ថែមថា «មិនមានអ្វីប្រសើរជាង ការដាក់បញ្ចាំងមុនថ្ងៃ ដូចពេលនេះទេ តែខ្ញុំមើលទៅ វាពិតជាពិសេសខ្លាំងណាស់»។
សូមបញ្ជាក់ថា លោកដានីញែល គ្រេច បានសម្ដែងជាលើកទីបីហើយ នៅក្នុងខ្សែររឿងលើកទី២៣នេះ នៃភ្នាក់ងារសម្ងាត់អង់គ្លេស ឬចារបុរស០០៧ ដែលបានបង្កើតឡើងដោយ អ្នកនិពន្ធប្រលោមលោក លោក អាយអែន ហ្លើមីង (Ian Fleming) (កើតនៅឆ្នាំ១៩០៨ ហើយស្លាប់នៅឆ្នាំ១៩៦៤)។
ចំណែកឯតារាសម្ដែងម្នាក់ទៀត លោកជុឌី ដេនឆ៍ ដែលសម្ដែងជា នាយកក្រុមភ្នាក់សម្ងាត់អង់គ្លេស លោកបានវាយតម្លៃ ខ្សែរភាពយន្ដ «មេឃរលំ» ថា ជាខ្សែរភាពយន្ដដ៏អស្ចារ្យមួយ។ លោកបញ្ជាក់ថា «ភ្នាក់ងារ ០០៧ ជាវីរបុរសម្នាក់ ដែលយើងទាំងអស់គ្នាស្រឡាញ់។ ភ្នាក់ងាររូបនេះ ហ៊ានប្រថុយ និងប្រឈមនៅគ្រប់គ្រោះថ្នាក់។ ជាពិសេសការលោតហក់ នៅក្នុងភាពយន្ដ មានសព្វគ្រប់បែបយ៉ាង។» លោកបានបង្ហាញ ពីអារម្មណ៍រំភើបរបស់លោក ជាមួយនឹងខ្សែរភាពយន្ដ ហើយជាងនេះទៅទៀត គឺនៅមុនការចាក់បញ្ចាំងមុនថ្ងៃចេញនៅរោងថ្ងៃនោះ។
បន្ទាប់មកគ្រប់តារាសម្ដែងបានចូលទៅទស្សនា ការចាក់បញ្ចាំងមុនថ្ងៃចេញនៅរោងនេះ ក្រោមព្រះរាជវត្តមាន នៃព្រះអង្គម្ចាស់ ឆាល និងមហេសីរបស់ទ្រង់ អ្នកម្នាង កាមីឡា ដែលបានធ្វើឡើងនៅក្នុងបន្ទប់មួយឈ្មោះថា រ៉ូយ៉ាល់ អាលប៊ែរ ហ័ល (Royal Albert Hall)។
សមិទ្ធិករនៃរឿងនេះ ដែលធ្លាប់ជាម្ចាស់ពានរង្វាន់អូស្កាមួយ របស់ហូលីវូដ កាលពីឆ្នាំ២០០០ ក្នុងរឿង សម្រស់អាមេរិកាំង (American Beauty) ផងនោះ លោក សាម មេនដែស (Sam Mendes) បាននិយាយថា «ជេម ស្បន ជាតួអង្គមួយ របស់បណ្ដាជនទូទៅ ដែលគេត្រូវតែថែរក្សាវា»។ សមិទ្ធិកររូបនេះបានពន្យល់ពីទឹកចិត្តរបស់លោក ក្នុងការផលិតរឿង «មេឃរលំ» យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែចង់ធ្វើភាពយន្ដមួយ ដែលខ្ញុំចង់ធ្វើ។ (...) ប៉ុន្ដែក្នុងអំឡុងពេលនោះ ខ្ញុំមួម៉ៅមិនតិចទេ។ តែសំខាន់ខ្ញុំបានបញ្ចប់រឿងនេះ ឥឡូវបានស្រួលចិត្តបន្ដិចហើយ។ បន្ទាប់ទៅ ខ្ញុំត្រូវការ ចេញទៅវិស្សមកាលធម្មតាមួយ។»
ការវាយតម្លៃជាទូទៅ មានលក្ខណៈវិជ្ជមាន សំរាប់តួអង្គ «ជេម ស្បន» លើកនេះ
នៅលើកនេះ តួអង្គភ្នាក់ងារ០០៧ ត្រូវបានគេវាយតម្លៃថា ជាតួអង្គប្រសើរបំផុតមួយ ក្នុងចំណោមតួអង្គ ០០៧កន្លងមក។ តួឯកស្រី ដែលដើរតួជាមួយនឹងចារបុរសរូបនេះ គឺតារាភាពយន្ដបារាំង នាង ប៊េរ៉េនីស្ស ម៉ាលូហ(Bérénice Marlohe) កូនកាត់បីសាសន៍ បារាំង ចិន ខ្មែរ។ ភាពយន្ដចាប់ផ្ដើមដំបូងឡើង ពីឈុតឆាក តាមដានមួយ យ៉ាងរំភើបញាប់ញ័រ នៅក្នុងទីក្រុងអ៊ីស្តាប៊ូល ប្រទេសទួរគី បន្តមកទៀត នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ជាមួយនឹងឈុតឆាក នៃភេវរកម្ម ...៕
ពេលជួបជាមួយ នឹងព្រះអង្គម្ចាស់ឆាល និងអ្នកម្នាង នៃប្រទេសអង់គ្លេស។
តួឯកស្រី ដើរជាមួយជេម ស្បននាងប៊េរ៉េនីស្ស ម៉ាលូហ បង្ហាញសាច់ខ្នង ដាក់អ្នកកាសែត។
ខាងក្រោមនេះ ជាវីដេអូផ្សាយពាណិជ្ជកម្មរបស់ភាពយន្ដនេះ៖
-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ពន្យល់ពាក្យ ៖
ការបញ្ចាំងមុនថ្ងៃ ឬ avant-première ជាការដាក់បញ្ចាំងខ្សែរភាពយន្ដនោះ នៅមុនពេលការដាក់បញ្ចាំងជាទូទៅ នៅតាមរោង។ ជាឱកាសមួយ ដែលគេបង្កើតឡើង ដើម្បីផ្ដល់ទៅអោយអ្នកទស្សនាតាមដានពិសេសៗ ជាមួយការព្រមព្រៀង ពីសំណាក់ផលិតកម្មនៃភាពយន្ដនោះ។