កូនកាត់ខ្មែរបារាំង ប៊េរ៉េនីស្ស ម៉ាលូហ៖ ដំណើរ​​​ទៅ​​កាន់​​តារា​​ឯក​​​ស្រ្តី​​នៃ ជេម្ស ប៊ន

នៅពេលជួបសម្ភាស ជាមួយនឹងអ្នកកាសែត នាងប៊េរ៉េនីស្ស លីម ម៉ាលូហ (Bérénice Lim Marlohe) បានលាន់មាត់ទាំងអស់សំណើចថា « អ៎ា ហេតុអីក៏ខ្ញុំក្លាហានម្លេះ ! និយាយទៅ ការងារនេះ ទាមទារអោយយើងមានទេពកោសល្យផ្ទាល់ខ្លួន តែទន្ទឹមនឹងនេះ យើងត្រូវធ្វើការលះបង់ក៏ច្រើនណាស់ដែរ។» ប៉ុន្ដែនៅពេលអ្នកកាសែតសួរនាងបន្តទៀត ពីការសម្ដែងរបស់នាង ដែលជា ស្រ្តីឯករបស់ ជេម្ស ប៊ន (James Bond) ថាតើនាងត្រូវប្រឈមមុខនឹងអ្វីខ្លះ ? ដៃគូរ ? ឬគូរប្រជែង ? នាងមិនបានឆ្លើយអ្វីទៀតទាំងអស់ ដែលមើលទៅដូចជាអាថ៌កំបាំង ដ៏ធំមួយ ក្នុងវិស័យការពារជាតិយ៉ាងដូច្នេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងអាយុ ៣២ឆ្នាំ តារា​ភាពយន្ដ កូនកាត់ ខ្មែរបារាំងស្រីរូបនេះ បានក្លាយខ្លួនជាកំពូលតារា ដែលបានចេញសម្ដែង​អម​ជាមួយ នឹងភ្នាក់ងារសម្ងាត់របស់ប្រទេសអង់គ្លេស ជែម ប៊ន នៅក្នុងខ្សែរភាពយន្ដចុងក្រោយគេបង្អស់ នៃកម្រងរឿង​ស៊ើបអង្កេត ០០៧ដ៏ល្បីតាំងពី៥០ឆ្នាំកន្លងមកហើយ។

នៅពេលជួបសម្ភាស ជាមួយនឹងអ្នកកាសែត នាងប៊េរ៉េនីស្ស លីម ម៉ាលូហ (Bérénice Lim Marlohe) បានលាន់មាត់​ទាំង​អស់សំណើចថា « អ៎ា ហេតុអីក៏ខ្ញុំក្លាហានម្លេះ ! និយាយទៅ ការងារនេះ ទាមទារអោយយើងមានទេពកោសល្យ​ផ្ទាល់ខ្លួន តែទន្ទឹមនឹងនេះ យើងត្រូវធ្វើការលះបង់ក៏ច្រើនណាស់ដែរ។» ប៉ុន្ដែនៅពេលអ្នកកាសែតសួរនាងបន្តទៀត ពីការសម្ដែងរបស់នាង ដែលជា ស្រ្តីឯករបស់ ជេម្ស ប៊ន (James Bond) ថាតើនាងត្រូវប្រឈមមុខនឹងអ្វីខ្លះ ? ដៃគូរ ? ឬគូរប្រជែង ? នាងមិនបានឆ្លើយអ្វីទៀតទាំងអស់ ដែលមើលទៅដូចជាអាថ៌កំបាំង ដ៏ធំមួយ ក្នុងវិស័យការពារជាតិ​យ៉ាង​ដូច្នេះ។

តារាបារាំងរូបនេះ បានត្រឡប់មករកភាពល្បីល្បាញ យ៉ាងត្រចះត្រចង់មួយ ដែលនាងមិនធ្លាប់មានពីមុន។ កន្លងមក ពិភពភាពយន្ដក្នុងស្រុក មិនសូវជាអោយតម្លៃទៅនាងប៉ុន្មានទេ។ តែផ្ទុយទៅវិញ ក្រុមអ្នកថតកុន នៅហូលីវូដ និង​ផលិកម្ម​ថតភាពយន្ដ ០០៧ នេះ បែរជាបានឃើញពីទេពកោសល្យរបស់នាង ហើយបានដាក់នាងអោយដើរ​ជាតួអង្គ​ដ៏ធំមួយ នៅក្នុងដំណើរការថតដែលមានតម្លៃគិតជាទឹកប្រាក់ ប្រមាណជា ២០០លានដុល្លាអាមេរិក។ «មិនល្បីពីម្សិល» តែថ្ងៃនេះ នាងបានក្លាយជាកំពូលតារាស្រីមួយរូប ដែលបុរសៗក្នុងលោក នរណាៗក៏ឈ្លក់វង្វេង។


នាងប៊េរ៉េនីស្ស លីម ម៉ាលូហ តារាកូនកាត់ ខ្មែរបារាំង។ រូបភាព របស់ភាពយន្ដ។

នាងមានកំពស់ ១ម៉ែត្រ៧៥ ហើយនៅពេលដែលនាងបន្ថែមស្បែកជើងកែងចោត ដែលមានកំពស់ ១០សង់ទីម៉ែត្រ រួមជា​មួយនឹងឈុតពណ៌ខ្មៅ ដែលនាងស្លៀកថែមទៀតនោះ គេច្បាស់ជាអត់ទ្រាំពុំបាន នឹងមិនសសើរពីភាពស្រស់សង្ហា ក្នុង​ស្រ្តីភាពរបស់នាង ជាមួយនឹងស្បែកសម្បុរជ្វាភ្លឺរលោង ដូចគេទើបនឹងខាត់។ មុខមាត់មានលក្ខណៈជាកូនកាត់អាស៊ី នាង​បានបញ្ចេញសំណើចយ៉ាងក្អាកក្អាយ ហើយដើរចូលមក ដោយបញ្ចេញសម្លេងរាក់ទាក់ ទទួលអ្នកកាសែតថា «ជំរាបសួរ នាងខ្ញុំ ប៊េរ៉េនីស្ស»។ នាងបានលូកដៃគារវកិច្ច មកចាប់ដៃអ្នកកាសែត ដែលជាបុរសម្នាក់។ បុរសដែលមិនដឹងថា នឹងត្រូវ​ទប់​អារម្មណ៍របស់ខ្លួន​ អោយនឹងបានយ៉ាងដូចម្ដេច បើនៅចំពោះមុខខ្លួន គឺជានារីម្នាក់ ដែលមានសម្ផស្សស្អាតប្រៀបបាន នឹងទេពអប្សរយ៉ាងដូច្នេះនោះ។

តើហេតុយ៉ាងដូចម្ដេច បានជានាងមានរូបរាង និងសម្បុរផូផង់បែបនេះ ប្រសិនជានាងរស់នៅក្នុងប្រទេសមួយ ដែលមាន រដូវត្រជាក់​៩ខែក្នុងមួយឆ្នាំ ដូចប្រទេសបារាំង? មិនពិបាកយល់ទេ គឺដោយសារតែ តារាភាពយន្ដបារាំងរូបនេះ ជាកូនកាត់ បីសាសន៍។ មានទីកំណើតនៅទីក្រុងប៉ារីស នាងមានម្ដាយជាជនជាតិបារាំង ប្រកបមុខងារជាអ្នកជំនួយការសង្គម រីឯ​ឪពុកនាងមានដើមកំណើតខ្មែរចិន ជាវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅមួយរូប។ នាងបានរៀបរាប់ថា នាងបានធំដឹងក្ដី ជាមួយ​នឹងការស្រឡាញ់ «សិល្បះគំនូរ» ដែលបន្សល់ទុកអោយពី ឪពុកម្ដាយរបស់នាង ជាមួយនឹងអំនួតមួយបន្ថែម ថានាងជា «ជាងគំនូរដ៏ល្អម្នាក់»។ នៅពេលនាងចូលប្រឡូកក្នុងពិភពភាពយន្ដដំបូង នាងបានជួបនឹងការបន្តុះបង្អាប់ ជាខ្លាំងមួយ ប្រៀបបាននឹងជញ្ជាំងភ្នំព្រះសុមេរុ៍មកបាំងនាងយ៉ាងដូច្នេះ។ នៅក្នុងពិភពសិល្បៈបារាំង គេតែងតែលឺជាញយដង នូវពាក្យ ថា «អ្នកឯងមិនស្អាត ដូចតារាភាពយន្ដបារាំងល្បីៗផ្សេងទៀតនោះទេ ដូច្នេះអ្នកឯងនឹងមិនអាចក្លាយខ្លួនជា តារាភាពយន្ដ​អាជីបបានឡើយ។» ឬមិនអញ្ចឹងទ «អ្នកឯងអាចត្រឡប់មកវិញ នៅពេលអ្នកឯងមានស្គាល់នរណាម្នាក់ ក្នុងផលិតកម្ម»។


នាងប៊េរ៉េនីស្ស លីម ម៉ាលូហ តារាកូនកាត់ ខ្មែរបារាំង ក្នុងពេលសម្ភោធភាពយន្ដដំបូង។ រូបភាព របស់ភាពយន្ដ។

បន្ដិចម្ដងៗ ភាពជំនះរបស់នាង បានធ្វើអោយនាងបានចេញថត នៅក្នុងកម្រងភាពយន្ដ ផលិតអោយបណ្ដាញទូរទស្សន៍ (TeleFilm) ក្នុងនោះនាងបានដើរតួឯកខ្លះ និងជាតួរងផ្សេងទៀតជាច្រើន តែនាងមិនបានថត ជាខ្សែរភាពយន្ដខ្នាតធំទេ។ ពិភពភាពយន្ដ នៅក្នុងប្រទេសបារាំងមើលទៅចង្អៀតបន្តិច និងប្រហែលជាមិនគ្រប់គ្រាន់ទេសំរាប់នាង។ តារាភាពយន្ត​ក៏បានសម្រេចចិត្ត ដើរមួយជំហានយ៉ាងធំ ដោយបានជិះយន្ដហោះឆ្ពោះទៅកាន់ទីក្រុងឡូស អង់ជឺឡេស សហរដ្ឋអាមេរិក ហើយបានស្នាក់នៅទីនោះចំនួន២ខែ។ ក្នុងចិត្តរបស់នាង បានប្ដេជ្ញារួចជាស្រេច គឺនឹងបូជាខ្លួន ជាមួយនឹងសិល្បៈទី៧នេះ​ជារៀងរហូតតទៅ។

នៅទីនោះ នាងបានផ្ញើរបក្ខភាពរបស់នាង ទៅគ្រប់ផលិតកម្ម ហើយនាងបានទទួលចម្លើយ នៅសប្ដាហ៍បន្ទាប់។ នោះជា​សុបិន្តមួយ របៀបអាមេរិកាំង ដែលនាងនិយាយប្រាប់អ្នកកាសែតថា «ខ្ញុំមានអារម្មណ៍ថា នៅទីនោះ គេផ្ដល់សំណាង​អោយទៅនារីៗ មកពីគ្រប់ទិសទីទាំងអស់»។ នាងបានត្រឡប់មកដល់បារាំងវិញ ទាំងក្ដីសង្ឃឹមយ៉ាងមុតមាំថា  នាងនឹង​អាចវិលទៅទីក្រុងឡូស អង់ជឺឡេស  ក្នុងរយះពេល៦ខែខាងមុខទៀត ដើម្បីចូលរួម ក្នុងកម្មវិធីជ្រើសរើស«តួឯកស្រីទី ២៣» របស់ជេម្ស ប៊ន។

វាជាការដំណើរឆ្លងកាត់ នៃជីវិតដ៏អស្ចារ្យមួយ។ តារាស្រីរូបនេះ បានរៀបរាប់ថា «ខ្ញុំមិនសូវមានមធ្យោបាយច្រើនប៉ុន្មានទេ តែខ្ញុំបានសាកល្បងតាមគ្រប់វិធី តាមបណ្ដាញសង្គម តាមវេបសាយ ... ដើម្បីរកទាក់ទងអោយបាន នូវអ្នកណា​ក៏ដោយ​ដែលស្ថិតនឹងផលិតកម្មនេះ។ ហើយនៅទីបំផុត ដោយសារមិត្តភ័ក្ដអាមេរិកាំងរបស់ខ្ញុំ ខ្ញុំក៏ទទូលបានអស័យដ្ឋាន  Mail សារអេឡិចត្រូនិកមួយ របស់ស្រ្តីអ្នកចាត់ចែងប្រលងរើសតួសម្ដែង។ ប្រាំថ្ងៃក្រោយមក ខ្ញុំបានជួបនិយាយ ជាលើកទីមួយ នៅប៉ារីស ហើយពីរដងក្រោយមកទៀត នៅទីក្រុងឡុងដ៍។»

អ្វីដែលតារាភាពយន្ដស្រីរូបនេះ មិនដឹងថាតើត្រូវត្រេកអរតាមរបៀបណានោះ គឺនៅថ្ងៃមួយនៅក្នុងជីវិតរបស់នាង ដែល សមិទ្ធិករ សែម មេនដេស (Sam Mendes) បានទូរស័ព្ទហៅមកនាងផ្ទាល់ ដើម្បីប្រាប់នាងថា នាងបានជាប់ជា តួឯកស្រី របស់ ជេម្ស ប៊ន លើកទី២៣។ តារាភាពយន្ដ សប្បាយចិត្តណាស់ ព្រោះវាជាជ័យជំនះមួយយ៉ាងធំធេង ដែលនាងបាន​ឈ្នះ ពីក្នុងចំណោមបេក្ខនារីសម្ដែងប្រមាណជា ៣ ០០០នាក់មកពីជុំវិញពិភពលោក។

អ្វីៗ ដែលតារាភាពយន្ដកូនកាត់ខ្មែរបារាំង ដ៏ល្វតល្វន់ សម្រេចបាន ជាមោទនភាពមួយ សំរាប់ស្រ្តីគ្រប់រូបក្នុងពិភពលោក ដែលមានបំណងចង់ចូលប្រឡូកក្នុង វិស័យនេះ ហើយបានបង្ហាញពីចិត្តតស៊ូ រើបំរះពីទំលាប់ដដែលៗ របស់សង្គមរស់​នៅ​ទាំងឡាយ ដែលតែងតែចូលចិត្តបង្អាក់ទុកចោល នូវរាល់«ទេពកោសល្យ» និងជាពិសេស នូវ«សំណាង» ដែលមនុស្ស​គ្រប់រូប នរណាៗក៏មានសិទ្ធិនឹងទទួលបានដូចគ្នា៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...