ព្រះរាជពិធី «កាន់​ទុក្ខ​ប្រាំពីរ​ថ្ងៃ» យ៉ាង​​ធំ​សម្បើម បាន​កន្លង​ផុត​

កាលពីថ្ងៃទី២៣តុលា ឆ្នាំ២០១២ ដែលជាថ្ងៃចុងក្រោយ នៃថ្ងៃកាន់ព្រះមរណទុក្ខ ថ្វាយព្រះបុរមសព របស់អតីតព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ នៅមុខព្រះបរមរាជវាំង តាំងពីព្រឹកព្រលឹម មានមហាជនមកពីគ្រប់ទិសទី ខេត្ត-ក្រុង ច្រើនជាងថ្ងៃធម្មតា និងបានចេញ-ចូលប្រជ្រៀតគ្នា យ៉ាងណែនតាន់តាប់ ដើម្បីធ្វើពិធីចុងក្រោយដ៏ធំមួយ សំរាប់គោរពព្រះវិញ្ញាណក្ខន្ធ ។ ព្រះសង្ឃជាច្រើនអង្គ ក៏បានគង់តាំងសមាធិ សូត្រធម៌ ឧទ្ទិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាព្រលប់ថ្ងៃនោះផងដែរ ។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: October 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី២៣តុលា ឆ្នាំ២០១២ ដែលជាថ្ងៃចុងក្រោយផ្លូវការ នៃថ្ងៃកាន់ព្រះមរណទុក្ខ ថ្វាយព្រះបរមសព របស់អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ នៅមុខព្រះបរមរាជវាំង តាំងពីព្រឹកព្រលឹម មានមហាជនមកពីគ្រប់ទិសទី ខេត្ត-ក្រុង ច្រើនជាងថ្ងៃធម្មតា និងបានចេញ-ចូលប្រជ្រៀតគ្នា យ៉ាងណែនតាន់តាប់ ដើម្បីធ្វើពិធីចុងក្រោយដ៏ធំមួយ សំរាប់គោរពព្រះវិញ្ញាណក្ខន្ធ ។ ព្រះសង្ឃជាច្រើនអង្គ ក៏បានគង់តាំងសមាធិ សូត្រធម៌ ឧទ្ទិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាព្រលប់ថ្ងៃនោះផងដែរ។ សូមអានឡើងវិញ នូវការផ្សាយនានា របស់បណ្ដាញផ្សព្វផ្សាយនៅក្នុងស្រុក ឬក្រៅប្រទេសមួយចំនួន នៅជុំវិញព្រឹត្តិការណ៍នេះ។


ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង ថ្ងៃទី23 ខែតុលា ឆ្នាំ២០១២។ រូបថត KEYSTONE/arcinfo.ch

បណ្តាញញផ្សព្វផ្សាយក្នុងស្រុក បាននិយាយសឹងតែទាំងអស់ ពីទឹកចិត្តរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែររាប់សិប​ម៉ឺននាក់ ដែលបានចូលរួមកាន់មរណៈទុក្ខ តាំងពីថ្ងៃដំបូង រហូតដល់គម្រប់ប្រាំពីថ្ងៃ នៅគ្រប់បណ្តាខេត្តក្រុងទាំងអស់ ជាពិសេសសនៅមុខព្រះបរមរាជវាំងនេះតែម្តង។ តាមអត្ថបទចុះផ្សាយរបស់សាពត៌មានកម្ពុជាថ្មី ក្នុងថ្ងៃដដែលនេះ បាន​លើកឡើងថា៖ ដើម្បីឆ្លើយតបទៅនឹងការអាណិត គោរព និងស្រលាញ់របស់ប្រជាពលរដ្ឋ និងព្រះសង្ឃទាំងអស់​ចំពោះ​សម្ដេចឪ សម្ដេចតា សម្ដេចតាទួត សម្តេចព្រះនរោត្តម មុនិនាថ សីហនុ និងព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចេញពីព្រះបរមរាជវាំង ហែហមដោយមន្ត្រីជាច្រើន បានចុះមកសម្តែងនូវហរទ័យ​ដឹងគុណ​ដល់​បងប្អូនកូនចៅ ចៅទួត ចៅលួតទាំងអស់ដែលស៊ូទ្រាំចូលរួមទោះបីថ្ងៃក្ដៅ ភ្លៀងខ្លាំងយ៉ាងណាដោយ ។

ចំណែកវិទ្យុអាស៊ីសេរី ក៏បានលើកឡើងផងដែរថា មានមនុស្សរាប់ម៉ឺននាក់ ដែលមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំង​កម្មករ និងក្រុមនិស្សិតជាច្រើន បានដង្ហែជាក្បួនមកជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង ដោយមានរូប​ព្រះឆាយា​ល័ក្ខណ៍ ផ្កាភ្ញី ធូប ទៀន មកគោរពព្រះវិញ្ញាណក្ខន្ធនៅថ្ងៃកាន់ទុក្ខគម្រប់៧ថ្ងៃជាពិធីចុងក្រោយនេះ។ វិទ្យុនេះបានបន្តថា ប្រជា​ពលរដ្ឋខ្មែរ និងយុវជនប្រមាណជាសាមសិបនាក់ បានកោរសក់បួសមុខព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហនុ នៅទីលានប្រជាធិបតេយ្យ មុននឹងពួកគាត់ដង្ហែក្បួនកាន់មរណទុក្ខខាងមុខព្រះបរមរាជវាំង។ ចំណែកឯក្បួនដង្ហែ ដែល​មាន​ពលរដ្ឋប្រមាណ ២០០នាក់ ដឹកនាំដោយក្រុមយុវជនគណបក្ស សម រង្ស៊ី មានស្លៀកពាក់សកាន់ទុក្ខ មានព្រះឆាយា​ល័ក្ខណ៍ និងព្រះរាជសកម្មភាពអតីតព្រះមហាវីរក្សត្រ ត្រូវបានដង្ហែដោយថ្មើរជើង ដើរសន្សឹមៗដោយមានសមត្ថកិច្ច​ការពារ។ ម្ដងនេះអជ្ញាធរមានសមត្ថកិច្ច មិនបានរារាំងដំណើរក្បួនដង្ហែ របស់សមាជិកគណបក្សប្រឆាំងដូចសព្វមួយដង​ទេ តែបានដាក់រនាំងរាំងមិនឲ្យដង្ហែតាមផ្លូវជាតិធំ ដូចជាផ្លូវព្រះនរោត្តមជាដើម។ វិទ្យុនេះបានបន្ថែមថា  ព្រះសង្ឃប្រមាណ​មួយម៉ឺនអង្គ និមន្តដោយថ្មើរជើងចេញពី សឹងតែគ្រប់វត្ត នៅក្នុងរាជធានីភ្នំពេញ បានដង្ហែមកដល់មុខ ព្រះបរមរាជវាំង​ជាបន្តបន្ទាប់ ។ រីឯប្រជាពលរដ្ឋដែលនៅអមសងខាង ព្រះបរមរាជវាំងដែលគេ ប៉ាន់ប្រមាណថាមានរាប់ម៉ឺននាក់ បាន​រង់ចាំទទួលដោយមានសូត្រមន្ត សូត្រធម៌តាមដងវិថី ក្បែរព្រះបរមរាជវាំងរហូតដល់មុខព្រះបរមរាជវាំង ។

ទិដ្ឋភាពនៅ​ខាងមុខ​ព្រះបរមរាជវាំង ព្រះសង្ឃយាងគង់ នៅខាងមុខដំណាក់ច័ន្ទឆាយ៉ា ហើយប្រជាពលរដ្ឋ និងដូនជី​តាជី​បានអង្គុយត្រៀបត្រានៅសងខាងដំណាក់ច័ន្ទឆាយា។ បើតាមការឲ្យដឹងពីមន្ត្រីរៀបចំកម្មវិធី បានឲ្យដឹងថា ក្នុងពិធីបុណ្យ​កាន់ទុក្ខទី៧ ជាផ្លូវការនេះ ព្រះសង្ឃជិតមួយម៉ឺនអង្គ និមន្តពីគ្រប់ទីវត្តអារាមមកតាំងសមាធិ និងសូត្រធម៌បង្សុកូល ប្រមូល​កុសល ថ្វាយដល់អតីតព្រះមហាក្សត្រដែលសោយទិវង្គត។ លោកបន្តថា ប្រជាពលរដ្ឋបានអញ្ជើញមកក្នុង​ពេល​ឥឡូវនេះ មានប្រមាណបួនម៉ឺននាក់ឯណោះ ហើយចំនួននេះនឹងមានការកើនឡើងថែមទៀត នៅគ្រាដែលមាន ពលរដ្ឋជាច្រើន មកពីគ្រប់ទិសទី ធ្វើដំណើរជាបន្តបន្ទាប់មកព្រះបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធនាពេលរសៀល។

រីឯគេហទំព័រដើមអំពិលបានលើកឡើងថាមានកម្មករ កម្មការិនី មកពីរោង ចក្រកាត់ដេរ ហ្វ័រអេវើ ហៅរោងចក្រ «ស» ជាង​ពីររយនាក់ នៅល្ងាច ថ្ងៃទី២៣ ខែតុលានេះ បាននាំគ្នា ដង្ហែជាក្បួនដោយថ្មើរជើង ពីរោងចក្រដែលស្ថិតនៅ ម្តុំទីតាំងចាក់​សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យទៅដុតធូបគោរព ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុងទឹកមុខក្រៀមក្រំ សោកស្រណោះ អាឡោះអាល័យជាទីបំផុត ។ ក្នុងព្រឹត្តិការណ៍ដដែលនេះ វិទ្យុអាស៊ីសេរីបានធ្វើរបាយការណ៍លំអិតថា៖ ពិធីបង្សុកូលនៅមិនទាន់ចប់សព្វស្រួលបួលផង ក្បួនដង្ហែរបស់ក្រុមកម្មករ កម្មការិនី ប្រមាណជាជាងមួយម៉ឺននាក់ផ្សេងទៀត ដែលដឹកនាំដោយសហជីពសេរីកម្មករ បានដង្ហែក្បួនពីទីស្នាក់ការ​កណ្ដាល​របស់ខ្លួន មកកាន់ព្រះបរមរាជវាំង ដោយមានពាក់ឈ្នួតក្បាលធ្វើអំពីក្រដាសខ្មៅ មានសរសេរអក្សរថា «សម្ដេច​តាព្រះរាជបិតាឯករាជ្យជាតិ»។ ក្បួនដង្ហែដែលមានមនុស្សច្រើនកុះករនោះ បានមកឈប់នៅមុខព្រះបរមរាជវាំង ខាងមុខ​ព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ មុននឹងពួកគេចូលទៅអុជធូប លុតជង្គង់បួងសួង រំលឹកដល់វិញ្ញាណក្ខន្ធរបស់ព្រះអង្គ ។ ធូប ទៀន មានជាប់នឹងដៃរបស់កម្មករ បានអុជហុយផ្សែងសពេញមេឃ រីឯផ្កាម្លិះ ផ្កាឈូក បានដាក់ថ្វាយនៅមុខ​ព្រះឆាយាល័ក្ខណ៍ របស់ព្រះអង្គជាពំនូកៗគរដូចភ្នំ។

ដោយឡែកសារពត៌មានរបស់កោះសន្តិភាពវិញ បានសសេរថាក្នុងថ្ងៃទី២៣ តុលា ដែលជាថ្ងៃកាន់ព្រះរាជមរណទុក្ខ គម្រប់៧ថ្ងៃ ថ្វាយព្រះបរមសពព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ តាំងពីវេលាព្រឹក​មកនៅមុខ​ព្រះបរមរាជវាំង ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាននៅរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្ត បានមកជួបជុំគ្នាជាបន្តបន្ទាប់ ។ កាសែតនេះបានបន្តថា សម្រាប់ថ្ងៃទី២៣ តុលា នេះ មិនមែនត្រឹមតែជាថ្ងៃ​កាន់ព្រះរាជមរណទុក្ខ គម្រប់៧ថ្ងៃនៃព្រះបរម​សពសម្តេចឪ សម្តេចតា សម្តេចតាទួតប៉ុណ្ណោះទេ តែក៏ជាថ្ងៃខួប នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅ​ទីក្រុងប៉ារីសផងដែរ (២៣ តុលា ១៩៩១-២៣ តុលា ២០១២)។ ជាថ្ងៃចាប់ផ្តើម នៃការរួបរួមគ្នារវាងភាគីជម្លោះ​ខ្មែរទាំង៤ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ក្រោមនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិនៃព្រះករុណាព្រះមហាវីរក្សត្រ ។ នៅថ្ងៃនេះ​ផងដែរ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មានពីការសម្រចយកថ្ងៃទី២៣ តុលា ចាប់ពីឆ្នាំ២០១៣ទៅ ជាថ្ងៃ​ឈប់សម្រាកក្នុងប្រតិទិនការសម្រាប់មន្ត្រី រាជការ និយោជិតកម្មករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ២៤ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...