ប្រើស្នៀត «James Bond» ដើម្បីបើករថយន្ដគេចពីនគរបាល
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 18, 2016
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឈុតឆាកបានកើតឡើងពិតៗ តែវាដូចនៅក្នុងភាពយន្ដចារកម្ម របស់អង់គ្លេស-អាមេរិក រឿងជេមស្ប៊ន ០០៧ ដូច្នេះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍មុន នៅក្នុងទីក្រុង «Marijampolé» ភាគខាងត្បូងនៃប្រទេសលីតួអានី។ ម្ចាស់រថយន្ដ ធុន «SUV» ដែលមិនចង់ឈប់រថយន្ដ តាមការស្នើសុំរបស់នគរបាល បានបើករថយន្ដរបស់ខ្លួននេះ រត់គេចពីនគរបាល ដោយបានប្រើ នូវគ្រប់ល្បិច គ្រប់ស្នៀត ដែលមាននៅក្នុងភាពយន្ដ ជេមស្ប៊ន ដ៏ល្បី។
នៅក្នុងចំណោមល្បិចស្នៀតទាំងនោះ មានរាប់បញ្ចូលទាំង ផ្សែងពណ៌សបង្ហុយចេញតាមរថយន្ដផ្នែកខាងក្រោយរបស់ខ្លួន យ៉ាងហុយទ្រលោម និងដែកគោល ដើម្បីឲ្យបំផ្ទុះកង់រថយន្ដ ដែលកំពុងដេញតាមពីក្រោយខ្លួន។ សូមមើលដែកគោល ក្នុងរូបខាងក្រោម៖
នៅទីបំផុត ការប្រមាញ់រថយន្ដដ៏ពិសេស បានបញ្ចប់ទៅ បន្ទាប់ពីថយន្ដនគរបាលបានបុកផ្អិបរថយន្ដនោះ ទៅរនាំងចិញ្ចើមផ្លូវ។ ឈុតឆាកនេះ ត្រូវបានថតដោយកាម៉េរ៉ាវីដេអូ ដែលមានបំពាក់ នៅលើរថយន្ដនគរបាល ហើយត្រូវបានយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នគរបាល នៅប៉ុន្មានថ្ងៃបន្ទាប់មក។ ជាសំណាងល្អ នៅក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់រងរបួសឡើយ៕
» ទស្សនាវីដេអូ នៃការប្រដេញនេះទាំងស្រុង ដូចតទៅ៖