ឃាតកម្ម គីម ជុង-ណាម បង្កជម្លោះការទូត ម៉ាឡេស៊ី-កូរ៉េខាងជើង
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 20, 2017
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឃាតកម្មទៅលើលោក គីម ជុង-ណាម (Kim Jong-Nam) បងប្រុសម្ដាយដោយខ្លួន របស់លោក គឹម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំប្រទេសកូរ៉េខាងជើងសព្វថ្ងៃ បានដើរដល់ដំណាក់កាលថ្មី នោះគឺជម្លោះ«ការទូត»យ៉ាងខ្លាំងក្លា រវាងប្រទេសម៉ាឡេស៊ី និងរបបកុម្មុយនីស។ នៅព្រឹកថ្ងៃចន្ទនេះ ប្រទេសម៉ាឡេស៊ី បានកោះហៅ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅរាជធានី កូឡាឡំពួរ មកធ្វើការព្រមាន និងបានហៅឯកអគ្គរាជទូត របស់ខ្លួន ប្រចាំនៅរដ្ឋធានីព្យុងយ៉ាង ឲ្យវិលត្រឡប់មកមាតុប្រទេសវិញ។ នេះបើតាមការប្រកាសឲ្យដឹង ពីសំណាក់ក្រសួងការបរទេសម៉ាឡេស៊ី។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលបានចេញផ្សាយ បន្ទាប់ពីជំនួបជាមួយលោក កាង ជូល (Kang Chol) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានសរសេរឲ្យដឹងថា៖ «ក្រសួងបានបញ្ជាក់ជាថ្មី ទាក់ទងនឹងមរណភាព នៃលោក គឹម ជុង-ណាម ដែលបានកើតឡើង នៅលើទឹកដីម៉ាឡេស៊ី និងមានលក្ខណៈគួរឲ្យសង្ស័យ។ ដូច្នេះ វាជាការទទួលខុសត្រូវ របស់រដ្ឋម៉ាឡេស៊ី ក្នុងការដឹកនាំការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៃមរណភាពនេះ។»។
កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមកនេះ លោក កាង ជូល ឯកអគ្គរដ្ឋទូត របស់របបកុម្មុយនីស បានចោទប្រទេសម៉ាឡេស៊ី ថាបាន«ឃុបឃិត»ជាមួយនឹងក្រុមបច្ចាមិត្រ របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលក្រុង សេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) បានអះអាងថា ឃាតកម្មទៅលើលោក គឹម ជុង-ណាម ត្រូវបានរៀបចំឡើង ដោយក្រុងព្យុងយ៉ាង។
ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានប្រទេសម៉ាឡេស៊ីទាត់ចោល និងចាត់ទុកថា គ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល ដែលបានបញ្ជាក់បន្ថែមថា ឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅរដ្ឋធានី ព្យុងយ៉ាង ត្រូវបានហៅឲ្យវិលត្រឡប់ មកមាតុប្រទេសវិញ។
ការស៊ើបអង្កេត...
លោក គឹម ជុង-ណាម អាយុ៤៥ឆ្នាំ និងជាកូនប្រុសច្បងគេបង្អស់ របស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុង-អ៊ីល (Kim Jong-Il) ទំនងជាត្រូវបានស្ត្រីពីរនាក់ ចាក់វត្ថុរាវអ្វីម្យ៉ាង ទៅលើមុខរបស់លោក កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ នៅនឹងព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ មុននឹងលោកត្រៀមឡើងយន្ដហោះ ដើម្បីធ្វើដំណើរទៅកាន់ក្រុង ម៉ាកាវ ប្រទេសចិន។ លោក ជុង-ណាម បានផុតដង្ហើម នៅពេលលោក ត្រូវបានរថយន្ដសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យ។
មកដល់ថ្ងៃនេះ អាជ្ញាធរម៉ាឡេស៊ី បានប្រកាសស្វែងរកជនជាតិកូរ៉េខាងជើង ចំនួនបួននាក់ អាយុរវាងពី ៣៣ឆ្នាំ ទៅដល់ ៥៧ឆ្នាំ ដែលបានចាកចេញ ពីប្រទេសម៉ាឡេស៊ី នៅថ្ងៃតែមួយ និងនៅបន្ទាប់ពីឃាតកម្ម បានកើតឡើងរួច។ ជនទាំងបួននាក់នេះ រាប់បន្ថែមពីលើជនជាតិកូរ៉េខាងជើងម្នាក់ទៀត ដែលត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសៅរ៍ ដោយនគរបាលម៉ាឡេស៊ី។ ប៉ុន្តែដំណឹងដែលទីភ្នាក់ងារព័ត៌មាន «Yonghap» របស់កូរ៉េខាងត្បូង បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា ជនទាំងបួននាក់នោះ បានធ្វើដំណើរទៅដល់រដ្ឋធានី ព្យុងយ៉ាង ដោយសុវត្ថិភាពហើយ តាំងពីចុងសប្ដាហ៍នេះ។
ដោយឡែក អាជ្ញាធរម៉ាឡេស៊ី ក៏បានឃាត់ខ្លួនរួចហើយដែរ នូវស្ត្រីពីរនាក់ ម្នាក់កាន់លិខិតឆ្លងដែនវៀតណាម ម្នាក់កាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី រួមនឹងមិត្តប្រុសរបស់ស្ត្រី (កាន់លិខិតឆ្លងដែន ឥណ្ឌូនេស៊ី) ម្នាក់ទៀត ដែលជាជនជាតិម៉ាឡេស៊ី។ រឿងរ៉ាវឃាតកម្ម ដែលប្រទាក់ក្រឡាគ្នា ប្រៀបបានទៅនឹងប្រលោមលោកចារកម្មមួយយ៉ាងដូច្នេះ៕