រវាង «ឆ្កែអ៊ឺរ៉ុប» និង«ឆ្កែយួន»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មេសា ២០១៨
- កែប្រែចុងក្រោយ: April 05, 2018
- ប្រធានបទ: មនុស្ស-ឆ្កែ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការកម្រើកមកវិញ នូវសំណុំរឿងអត្តឃាតដ៏ចម្លែក របស់អ្នកស្រី ចេវ សុវឌ្ឍនា ដែលទីបំផុត ត្រូវបានប្ដូរមកជា សំណុំរឿងឃាតកម្មវិញនោះ ក៏បានអង្រួនឲ្យផ្ទុះកម្ដៅឡើង រវាងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី និងក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសស៊ុយអែត និងណ័រវេសនោះដែរ។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលគេស្គាល់ថា ជាលោក ប៉ាង សុខឿន (នៅលើហ្វេសប៊ុក ហៅខ្លួនឯងថា ខ្មែរ សុវណ្ណភូមិ) លោក ម៉ែន ណាត និងលោក ឆាំ ឆានី បានមើលឃើញ ពីភាពមិនប្រក្រតី នៃសំនុំរឿងឃាតកម្ម លើអ្នកស្រី ចេវ សុវឌ្ឍនា តាំងពីដំបូងទី និងបានស្វែងរកគ្រប់ចំណុចសង្ស័យ ដែលអាចបញ្ជាក់ថា ករណីនេះ មិនមែនជាជាការធ្វើអត្តឃាតទេ តែយ៉ាងហោចណាស់ វាជាករណីឃាតកម្ម ដ៏សាហាវព្រៃផ្សៃមួយ។
ប៉ុន្តែពួកគេខាងលើ ដែលមាននិន្នាការស្និត ទៅរកគណបក្សប្រឆាំង នៅបានរកឃើញ ពីតម្រុយជាច្រើនទៀត ដែលអាចយកមកបញ្ជក់បានបន្ថែមថា ករណីឃាតកម្មលើ ស្ត្រីរូបស្អាត ចេវ សុវឌ្ឍនា ដែលធ្វើការផ្នែកពិធីការ នៅរដ្ឋសភាជាតិ ទំនងជាមានជាប់ទាក់ទង ជាមួយលោក ហ៊ុន ម៉ាណែត។
នៅលើគណនី និងទំព័រហ្វេសប៊ុក ដែលគ្រប់គ្រងដោយអ្នកទាំងបី គេឧស្សាហ៍ឃើញ ការបង្ហោះពីរឿងរ៉ាវ ជាប់ពាក់ព័ន្ធជាច្រើន ដែលភាគច្រើន ត្រូវបានអះអាងថា ជាការបែកធ្លាយ ចេញពីមន្ត្រីគណបក្សប្រជាជនកម្ពុជា ឬពីមន្ត្រីក្រសួងមហាផ្ទៃ និងនៅប៉ុន្មានថ្ងៃចុងក្រោយ ការបង្ហោះផ្សេងទៀត បានអះអាងថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី និងអ្នកស្រី ចេវ សុវឌ្ឍនា បានចេញមកកាន់ទ្វីបអ៊ឺរ៉ុប (កាលពីអំឡុងខែកញ្ញាមុន) ក្នុងពេលជាមួយគ្នា និងបានដើរលេង ទៅកន្លែងមួយចំនួនដូចគ្នា។
ប្រាកដណាស់ហើយ ថាការយករឿងរ៉ាវ របស់ជនអន្ទ្រើសៗ នៅកម្ពុជា ដែលមានទាក់ទងនឹងអំពើពុករលួយ ឃាតកម្ម ឬសាហាយស្មន់ មកបង្ហោះផ្សាយជាសាធារណៈ មិនទទួលការស្វាគមន៍ ពីម្ចាស់ខ្លួន និងពីសំណាក់ក្រុមអ្នកគាំទ្រនោះឡើយ។ ហើយនោះ ជាអ្វីដែលលោក ហ៊ុន ម៉ាណែត បានប្រតិកម្មឡើង នៅបន្ទាប់ពីសំណុំរឿងឃាតកម្ម លើអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានតុលាការរាជធានី និងអាជ្ញាធរក្រសួងមហាផ្ទៃ រកឃើញពីជនសង្ស័យមួយចំនួន ដែលមិនមែនជារូបលោក ហ៊ុន ម៉ាណែត នោះទេ។
លោក ហ៊ុន ម៉ាណែត បានប្រតិកម្មតាមបែបប្រយោល ដោយបង្ហោះនៅលើបណ្ដាញសង្គម ជាអត្ថបទរឿងនិទានមួយ ដែលលោកអះអាងថា បានជជែកជាមួយមិត្តរបស់លោក ហើយមានចំណងជើងថា «ឆ្កែចេះតែព្រុស និងមនុស្សចេះតែដើរ»។ លោកបានសរសេរថា លោកបានឃើញហើយ ពី«ឆ្កែតាជាតិពីរបីក្បាល» ដែលចេះតែ «ព្រូសអីក៏ព្រូសយ៉ាងនេះ» ដោយហេតុថា «ធម្មជាតិរបស់ឆ្កែ» ត្រូវតែ«ព្រុសតាមម្ចាស់» ហើយ«ព្រុសហត់ពេលណា វាឈប់ពេលហ្នុងទៅ»។
កូនប្រុសនាយករដ្ឋមន្ត្រី ដែលកាន់តំណែង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម បានសរសេរថា៖ «ឆ្កែវាតែងតែព្រុសហើយ ឲ្យតែឃើញមនុស្ស ដែលមិនមែនជាម្ចាស់របស់វា ឬអ្នកដែលវាស្គាល់។ វាព្រុសដាក់គេដាក់ឯង គ្រប់តែគ្នាហ្នឹង វាមិនចាំបាច់មានហេតុផលទេ។ ពេលខ្លះ អត់មានមនុស្ស គ្រាន់តែខ្យល់បក់ស្លឹកឈើ ក៏វាព្រុសដែរ។»។
រឿងនិទាន ពី«ឆ្កែព្រុសតាមម្ចាស់» របស់លោក ហ៊ុន ម៉ាណែត ទោះមិនបញ្ចេញចំឈ្មោះ តែនរណាៗក៏អាចទាយដឹងដែរថា វាជាប្រតិកម្មបែប«ស្ងួត» របស់កូនប្រុសច្បងនាយករដ្ឋមន្ត្រី ហៅក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុកដ៏ល្បី ទាំងបីនាក់ខាងលើ ថាជាសត្វ«ឆ្កែ»។ ដូច្នេះ ចង់ឬមិនចង់ ការហៅនេះ ចាំបាច់ត្រូវទទួលការឆ្លើយតបមកវិញ ដោយគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។
តែ វាអាចជាចម្លើយវាយបក ដែលពិបាកនឹងលេបចូល។ ពិបាកលេប ព្រោះសាររបស់លោក ប៉ាង សុខឿន ដែលជាសកម្មជនម្នាក់ ពីក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងបី ដែលត្រូវបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុន បានលើកឡើងខ្លាំងៗ ជាដំបូងពីសុជីវធម៌ របស់មនុស្ស«របៀប ហ៊ុន ម៉ាណែត ឬ ហ៊ុន សែន» ថាមានលក្ខណៈ ជា«មនុស្សតិរិច្ឆានោ» «មនុស្សពាល» មុននឹងវាយលុកយ៉ាងចាស់ដៃ ជុំវិញភាពខុសគ្នា នៃ«ឆ្កែអ៊ឺរ៉ុប» និង«ឆ្កែយួន»។
លោក ប៉ាង សុខឿន ដែលដាក់ឈ្មោះខ្លួនឯងថា ជា«ខ្មែរ សុវណ្ណភូមិ» នៅលើបណ្ដាញសង្គម បានសរសេរថា៖ «ទោះធៀបយើងជាឆ្កែ បើឆ្កែជាឆ្កែនៅអឺរ៉ុប។ ឆ្កែនៅអឺរ៉ុប ជីវិតរស់នៅ មានច្បាប់ការពារត្រឹមត្រូវ គ្មានអ្នកណាអាចបំពានបានទេ រស់នៅថ្លៃថ្នូរ មានពេទ្យមើលថែ ដេកក្នុងផ្ទះ និងឆ្កែជាច្រើនមាន[ការ]ធានារ៉ាប់រង ពោលគឺប្រសើរជាង ជីវិតរាស្រ្តខ្មែរភាគច្រើន នៅកម្ពុជា នៃរបបត្រកូល[ហ៊ុន]សព្វថ្ងៃខ្លាំងណាស់។ ឆ្កែនៅអឺរ៉ុប មិនដូច (...) ឆ្កែយួនទេ។»។
លោកបានបន្តថា៖ «ឆ្កែយួន (ត្រកូលហ៊ុន) បើមិនព្រុស ហើយមិនចេះដើរខាំគេបន្ថែមទេ គឺអត់អីស៊ី ម្ចាស់យកទៅស្លការី (យួនចូលចិត្តស៊ីសាច់ឆ្កែណាស់) មិនព្រុស ម្ចាស់លក់ចោល ម្ចាស់ទាត់ ធាក់គ្មានច្បាប់ការពារ គ្មានប័ណ្ណធានារ៉ាប់រង ហើយក៏គ្មានគ្រូពេទ្យផ្ទាល់ សម្រាប់មើលថែដែរ។ ជាការពិត សាកត្រកូលហ៊ុនលែងព្រុស និងដើរខាំខ្មែរ ដើម្បីការពារប្រយោជន៍យួន នៅកម្ពុជាសាកមើល បើមិនយួនយកទៅស្លការី ទាំងពូជទេ ហ៊ានភ្នាល់។»៕