អ្នកភ្នាល់បាល់ នៅតែចាក់យកក្រុមប៉ារីសឈ្នះរៀលម៉ាឌ្រីត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ មីនា ២០១៨
- កែប្រែចុងក្រោយ: March 05, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានចាញ់ក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងការប្រកួត«ទៅ» នៃវគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ក្នុងពិន្ទុដល់ទៅ ១-៣ ហើយក្រុមប៉ារីស បានបាត់បង់ ណីម៉ា (Neymar) កំពូលកីឡកររបស់ខ្លួន (រងរបួសកែងជើង កាលពីសប្ដាហ៍កន្លងទៅ) នោះក៏ដោយ តែសម្រាប់បណ្ដាជនអ្នកចូលចិត្តភ្នាល់បាល់ នៅក្នុងប្រទេសបារាំង មិនបានគិតថា ក្រុមប៉ារីស នឹងប្រកួតចាញ់ក្រុម រៀល ក្នុងការប្រកួត«ត្រឡប់» នៅថ្ងៃទី៦ ខែមីនា នោះទេ។
នៅលើគេហទំព័រ «PMU.fr» ដែលជំនាញខាងការភ្នាល់កីឡា នៅលើបណ្ដាញអ៊ិនធើណែតនោះ បានបញ្ចេញរបាយការណ៍មួយ នៅយប់ថ្ងៃទី៥ ខែមីនានេះថា ក្រុមអ្នកភ្នាល់បាល់ប្រមាណជា ៥៨% បានចាក់យកក្រុមប៉ារីស ថានឹងប្រកួតឈ្នះក្រុម រៀល។ ពីក្នុងចំណោមនោះ បណ្ដាអ្នកឈ្លក់នឹងការភ្នាល់ប្រមាណជា ៩៦% នៅតែជឿជាក់ថា ក្រុមប៉ារីសនឹងបំបាក់ក្រុមរៀល ដើម្បីបោះជំហានឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌប្រកួត កម្រិតអ៊ឺរ៉ុប ប្រចាំឆ្នាំមួយនេះ។
ផ្ទុយទៅវិញ នៅមុនកីឡាករ ណីម៉ា រងរបួស ក្រុមអ្នកភ្នាល់បាល់ទាំងនោះ មានចំនួនត្រឹមតែ ២៤% ប៉ុណ្ណោះ ដែលសំដែងការជឿជាក់ ពីជ័យជំនះរបស់ក្រុមប៉ារីស។
លោក «Samuel Loiseau» នាយកផ្នែកទីផ្សារ របស់គេហទំព័រភ្នាល់បាល់ខាងលើ បានថ្លែងឡើងថា៖ «តួលេខទាំងនេះ បង្ហាញពីការត្រិះរិះដ៏ពិតប្រាកដមួយ របស់ក្រុមអ្នកភ្នាល់បាល់។ សម្រាប់ការប្រកួត នៅថ្ងៃអង្គារនេះ អវត្តមានរបស់កីឡាករ ណីម៉ា បានធ្វើឲ្យការភ្នាល់ទាំងឡាយ ផ្អៀងខ្លាំងទៅរកក្រុមប៉ារីស ដោយសារការឈ្នះភ្នាល់ ក្នុងការចាក់យកក្រុមប៉ារីស បានកើនឡើងខ្លាំងដែរ (ឧទាហរណ៍៖ មុន ណីម៉ា រងរបួស មួយសងមួយ បើក្រុមប៉ារីសឈ្នះ តែក្រោយ ណីម៉ា រងរបួស មួយសងបី បើក្រុមប៉ារីសឈ្នះ)។»។
លោកបន្តថា៖ «ម្យ៉ាងទៀត ក្រុមអ្នកភ្នាល់បាល់ នៅមិនទាន់ភ្លេចនៅឡើយ អំពីជ័យជំនះរបស់ក្រុមប៉ារីស ទល់នឹងក្រុមបាសឺឡូន (Barcelone FC) កាលពីឆ្នាំកន្លងទៅ ក្នុងពិន្ទុ៤-០។ នៅពេលនោះ នៅមិនទាន់មានកីឡាករ ណីម៉ា កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) និងកីឡាករខ្លាំងៗម្នាក់ពីរនាក់ទៀត ដែលក្រុមប៉ារីស ទើបទទួលបាន នៅរដូវក្ដៅនេះផងទេ។ ជាពិសេស ក្រុមអ្នកភ្នាល់បាល់ បានសម្លឹងមើលឃើញទៀតថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០១៧-២០១៨ ក្រុមប៉ារីសមិនដែលចាញ់ម្ដងណាឡើយ នៅរៀងរាល់ការប្រកួត នៅក្នុងផ្ទះខ្លួនឯង (កីឡាដ្ឋាន «Parc des Princes»)។»៕