អ្នក​ភូមិ​បឹង​ឈូក នៅ​ឫស្សីកែវ បារម្ភ​ពីការ​ចាប់ខ្លូន

ក្តីបារម្ភរបស់អ្នកភូមិបឹងឈូក នៅតែមាន ទោះជាបានចូលបំភ្លឺ តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ក៏ដោយ។ តំណាងអ្នកភូមិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា អាចនឹងមានការចាប់ខ្លួន ដូចអ្នកតវ៉ាដីធ្លី នៅភូមិបឹងកក់ដែរ ព្រោះចូលបំភ្លឺ ៤ លើកហើយ នៅមិនទាន់ដោះស្រាយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 03, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ អ្នកភូមិបឹងឈូក ៤៣គ្រួសារ ព្រមទាំងតំណាង អ្នកតវ៉ាដីធ្លី នៅផ្លូវលេខ ១៨០០ ក្រុមទីបី ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចូលខ្លួនបំភ្លឺ ជាលើកទី៤របស់ខ្លួន តាមដីកាកោះ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែការចូលបំភ្លឺលើកនេះ ត្រូវបានលើកថ្ងៃ​ទៅ​វិញ ដោយសារព្រះរាអាជ្ញា មានការវល់ទៅខេត្ត នេះ បើតាមការឲ្យដឹង របស់មេធាវីរបស់អ្នកភូមិ លោក ច័ន្ទ សុជាតិ មក​ពី​មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍។

តំណាងអ្នកភូមិបឹងឈូក ទាំង៤៣គ្រួសារ អ្នកស្រី ខៀវ ចិន្តា បានឲ្យអ្នកសារព័ត៌មានដឹងថា តុលាកាបានចោទប្រកាន់​អ្នកភូមិ៤រូប ទីមួយលោក ប៊ូ ម៉េង អាយុ៣៨ឆ្នាំ ទី២លោក កាង ណារ៉េន អាយុ៤៥ឆ្នាំ ទី៣លោក កុល សោភា អាយុ​៣២ឆ្នាំ ទី៤អ្នកស្រីផ្ទាល់ តាមពាក្យបណ្តឹង របស់ឈ្មោះ ទា ធឿន និងឈ្មោះ ឡៅ តុងងី បានប្តឹងអ្នកស្រី ពីបទប្រើ​អំពើ​ហិង្សា លើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត ក្នុងឆ្នាំ២០០៨ ទៅ២០០៩។ ដោយដើមបណ្តឹងខាងលើ បានអះអាង​តាមរយៈឯកសារ ដែលបានដាក់ទៅតុលាការថា ជាម្ចាស់ដីដែលអ្នកភូមិកំពុងរស់នៅសព្វថ្ងៃ។ ទាំងពលរដ្ឋនៅ​ភូមិបឹង​ឈូក និងតំណាងអ្នកភូមិ មិនធ្លាប់ស្គាល់ដើមបណ្តឹងខាងលើនោះទេ។

នៅក្នុងទំនាស់ដីធ្លីជាច្រើន ត្រូវបានតំណាងអ្នកភូមិឲ្យដឹង ពីការបារម្ភផ្សេងៗ នៅពេលដែលចូលបំភ្លឺ នៅតុលាការ ទោះ​ជា​ពេលខ្លះ បានដឹងនៅក្នុងចិត្តថា តុលាការមានភាពយុត្តិធម៌ក៏ដោយ ក៏ភាពភ័យខ្លាចនៅតែមាន ជាពិសេស គឺការ​ចាប់​ខ្លួនពួកគាត់ ដែលនឹងអាចកើតមាន។ អ្នកភូមិបានពន្យល់ ពីចំណុចនេះថា បើពួកគាត់មិនចូលខ្លួនបំភ្លឺ តាមដីកាកោះ ក៏​នឹង​មានការចាប់ខ្លួន តែនៅពេលចូលខ្លួន មកហើយ ក៏នៅមានភាពភ័យខ្លាចទៀត។ តំណាងអ្នកភូមិ បានលើក​ពីអំណះ​អំណាងជាក់ស្តែងថា នៅព្រឹកថ្ងៃទី០១ ខែមេសា ជាថ្ងៃដែលពួកគាត់ទាំងបួនរូប ត្រូវចូលបំភ្លឺនៅម៉ោង៨ និង៣០នាទី ពេល​ពួកគាត់ទៅដល់មុខសាលាដំបូង នៅម៉ោង៨ និង២០នាទី ទើបមេធាវីប្រាប់ថា លើកថ្ងៃ ព្រោះ ព្រះរាអាជ្ញារវល់។ អ្នក​ភូមិ​ខ្លះ បាននិយាយថា ហេតុអ្វីបានជាតុលាកាលើកថ្ងៃ មិនព្រមផ្តល់ដំណឹងដល់ពួកគាត់មុន?

មិនអាចទាក់ទង មន្ត្រីទទួលខុសត្រូវ នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការបកស្រាយ ទៅលើករណីនេះបានទេ ក្នុង​ពេលភ្លាមៗនេះ។

ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី ខៀវ ចិន្តា បានសូមសំណូមពរ ទៅដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យជួយ​អន្តរាគមន៍ ក្នុងករណីអ្នកភូមិបឹងឈូក ទាំងអស់នេះ ដើម្បីធ្វើយ៉ាងណា ឲ្យទទួលបានប័ណ្ណកម្មសិទ្ធផ្ទាល់ខ្លួនផង។ នេះ បើយោងតាមមូលហេតុ ដែលអ្នកភូមិបានអះអាងថា ពួកខ្លួនបានរស់នៅនៅលើដីនេះ តាំងពីឆ្នាំ១៩៩៦មកម្លេះ។ ម្យ៉ាង​វិញទៀត អ្នកស្រីបានធ្វើការអំពាវនាវដល់ រដ្ឋសភាជាតិដែរថា អាជ្ញាធរជាតិថ្នាក់ក្រោម មិនបានដោះស្រាយជូនអ្នកភូមិ ដូចជាអ្វីដែលបានដាក់ចេញមកនោះទេ មានតែបំភិតបំភ័យ ហើយយកប្រព័ន្ធតុលាការ មកគាបសង្កត់ពលរដ្ឋ​ថែម​ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...