សវនាការជន២៣៖ ចៅក្រមហាមមិនឲ្យបង្ហាញ ពីភស្ដុតាងដោះបន្ទុក
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាកា ទៅលើជនត្រូវចោទទាំង២៣នាក់ តែនៅតែបន្តហាមឃាត់ មិនឲ្យជនត្រូវចោទ លើកពីភស្ដុតាងដោះបន្ទុក និងហាមមេធាវីរបស់ជនត្រូវចោទ មិនឲ្យចាក់វីដេអូ បង្ហាញពីភាពគ្មានទោសពៃរបស់កូនក្ដីខ្លួននោះឡើយ។
រូបរបស់ក្រុមអ្នកគាំទ្រជនទាំង២៣នាក់ នៅខាងក្រៅសាលាដំបូង។ (រូបថតហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - គេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា សវនាការបានចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក។ នៅក្នុងបន្ទប់សវនាការទី១ សំណុំរឿងបុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅមុខរោងចក្រ យ៉ាក់ ជីង កាលពីថ្ងៃទី២ ខែមករា។ រីឯនៅក្នុងបន្ទប់សវនាការទី២ ចៅក្រមបានសាកសួរអត្តសញ្ញាណសាក្សី ដែលមានវត្តមាននៅក្នុងតុលាការ។ សាក្សីមួយចំនួនបានអវត្តមាន ប៉ុន្តែទាំងភាគីដើមចោទ និងចុងចោទបានព្រមព្រៀងគ្នា ក្នុងការបន្តសវនាការ។ សាក្សីទី១ ត្រូវបានគេស្គាល់ថា គឺលោក អុក សម្បត្តិ អនុប្រធាននគរបាលខណ្ឌ ៧មករា។ លោកជាសាក្សី សម្រាប់ការចោទប្រកាន់ (ដាក់បន្ទុក)។
គេហទំព័រដដែល បានរាយការណ៍ទៀតថា នៅវេលាម៉ោង០៨និង៣២នាទី ក្នុងបន្ទប់សវនាការទី១ ជនជាប់ចោទទីប្រាំពីរ សុគន្ធ សម្បត្តិពិសិទ្ធិ ដាក់ភស្តុតាងជូនតុលាការ។ សុគន្ធ សម្បត្តិពិសិទ្ធិ បានអះអាងថានៅថ្ងៃដែលចាប់ខ្លួនគាត់ កងទ័ពពិសេស ៩១១ ដែលបានដាក់ពង្រាយនៅខាងក្រៅរោងចក្រ យ៉ាក ជីង បានប្រើដំបង ជំពាមកៅស៊ូ និងកាំភ្លើងអាកា ៤៧។ តែចៅក្រមបានព្រមានគាត់ ឱ្យឆ្លើយតែសំណួរតែប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យលើកពីភស្តុតាងទេ។
លោកស្រីមេធាវីការពារក្ដីឲ្យលោក សុគន្ធ សម្បត្តិពិសិទ្ធិ ពុំត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចាំងវីដេអូ នៃព្រឹត្តិការណ៍នោះទេ។ លោកស្រីបានអះអាងថា នេះជាភស្តុតាងដែលមានប្រយោជន៍ ដល់ការការពារកូនក្ដីរបស់លោកស្រី លើសំណុំរឿងនេះ ហើយបង្ហាញពីទីតាំងជាក់ស្តែងរបស់កូនក្ដី ក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នា នៅថ្ងៃទី២ ខែមករា។
តែចៅក្រមបាននិយាយថា មេធាវីការពារអាចដាក់បញ្ចាំងវីដេអូនេះ នៅពេលក្រោយ។ ការបដិសេធនេះ ត្រូវបានធ្វើឡើងគ្រប់ករណីកន្លងមក ហើយមកទល់ពេលនេះ ពុំមានវីដេអូភស្តុតាងណាមួយ ត្រូវបានដាក់បញ្ចាំងនោះឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភានេះជាថ្ងៃបន្តបើកសវនកាជាលើកទីបី ទៅលើជនត្រូវចោទ ទាំង២៣នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ ខែមករានៅមុខរោងចក្រយ៉ាកជីន និងសួនកាណាឌីយ៉ាលើផ្លូវវ៉េងស្រេង បន្ទាប់ពីជនត្រូវចោទ ៩នាក់ ត្រូវបានសាកសួររួចរាល់ កាលពីសវនាការថ្ងៃទី៦ ខែឧសភាកន្លងមក។
ចំណែកនៅខាងក្រៅតុលាការឯណោះវិញ ចរាចរណ៍នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបិទ និងមានកម្លាំងសន្តិសុខប្រមាណ៤០០នាក់ បានយាមកាមនៅទីនោះ។ នៅម៉ោងប្រមាណ៨កន្លះ ក្រុមអ្នកតវ៉ារាប់រយនាក់ រួមទាំងព្រះសង្ឃរាប់សិបអង្គ បានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ ខណៈពេលដែលក្រុមសន្តិសុខទាំងនោះ ព្យាយាមឱ្យក្រមអ្នកគាំទ្រ ថយទៅខាងក្រោយរបាំងបិទផ្លូវ៕