ម៉ូតូជាប់ហ្គែរជ្រុលទៅបុកអ្នកទិញឥវ៉ាន់ ឈ្លោះទារសំណង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០២ មេសា ២០១៥
- កែប្រែចុងក្រោយ: April 03, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីតូច ដែលប្រកែកយកឈ្នះ ឲ្យក្លាយទៅជាធំ នេះបានកើតឡើង កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី៣០ ខែមិនាឆ្នាំ ២០១៥ នៅក្នុងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចខាងមុខ កន្លែងលក់ត្រី តាមបណ្តោយផ្លូវ៣៣៦។ ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលម៉ូតូ បានប៉ះស្រ្តីចំណាស់ម្នាក់ ព្រោះតែម៉ូតូជាប់ហ្គែរ នៅពេលកំពុងជិះ។ ពេលភ្លាមៗ បន្ទាប់ពីមានបញ្ហា បុរសបង្ក បានសុំទោសស្រ្តីចំណាស់ រងគ្រោះ តែស្រ្តីរងគ្រោះ មិនបានលើកលែងទោសទេ ហើយថែមទាំងហៅកូនរបស់ខ្លូន មកចាប់ទាំងម្ចាស់ និងម៉ូតូទៅខណ្ឌ។
សាក្សីនៅកន្លែងកើតហេតុ ជាអជីវករលក់ត្រី អ្នកស្រី ច្រិប បានប្រាប់ថា គាត់បានឃើញផ្ទាល់ថា បុរសបង្កឈ្មោះ មករា ជិះ ម៉ូតូសង់កូរ៉េ ពណ៍ក្រហមស្លាកលេខ ភ្នំពេញ ១P-៣៧៨០ ពិតជាបានបើកម៉ូតូប៉ះ លោកយាយមែន បណ្តាលឲ្យគាត់ដួល និងមានរបួសត្រង់ដៃ និងជង្គង់ តែភ្លាមៗនោះ ជនបង្ករបានក្រោកឡើង ហើយនិយាយសំពះសុំទោស ទៅលោកយាយ ដោយធានាចេញថ្លៃ ព្យាបាលរបួសទាំងអស់ ព្រោះខ្លួនគ្មានចេតនា ធ្វើនោះទេ។ សាក្សីបន្តថា ជនរងគ្រោះ គ្មានស្តាប់ហេតុផល សុំទោសរបស់ជនបង្កទេ មានតែនិយាយខ្លាំងៗថា មិនសុខចិត្ត ហើយហៅកូនមក ដើម្បីឃាត់ខ្លួនជនបង្ក។
សម្រាប់ជាជនរងគ្រោះ លោកយាយ ម៉ី សន រស់នៅភូមិក្បាលមាន់ចែ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានរៀបរាប់ថា លោកយាយមិនសុខចិត្តទេ ព្រោះម៉ូតូបានបើកមកបុកគាត់ ដែលកំពុងដើរផ្សារ។ គាត់មិនព្រមទទួលអ្វី ពីជនបង្កទាំងអស់ លុះត្រាតែសមត្ថកិច្ចមកឃាត់ខ្លួនជនបង្ក ទៅដោះស្រាយតាមច្បាប់ទើបបាន។ បន្ទាប់ពីនិយាយរួច ស្រ្តីចំណាស់ខាងលើ បានហៅកូនប្រុសរបស់ខ្លួន ដែលបានឲ្យដឹងថា ជាមន្រ្តីប៉ូលិសសេដ្ឋកិច្ច មកកន្លែងកើតហេតុ។
យុវជន មករា រស់នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលជាជនបង្កខាងលើ បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្មានចេតនាទេ ដោយសារម៉ូតូដែលកំពុងជិះ ពេលមកដល់កន្លែងកើតហេតុជាប់ហ្គែរ បានជាបុកស្រ្តីចំណាស់ខាងលើ។ យុវជនបានពន្យល់ថា ពេលឃើញស្រ្តីរងគ្រោះដួលភ្លាម ក៏ចុះទៅជួយលើក បន្ទាប់មកនិយាយសុំទោស តាមដំណើរឿង និងសុំសម្របសម្រួលគ្នា រួចចេញថ្លៃព្យាបាលជូន ព្រោះមិនចង់ឲ្យមានរឿងកាន់តែធំ តែស្រ្តីរងគ្រោះ មិនព្រមលើកលែងទេ ពេលនោះជនបង្ករបាន ប្រគល់ម៉ូតូឲ្យទៅ អាជ្ញាធរខណ្ឌទួលគោក ធ្វើការដោះស្រាយ តាមចិត្តជនរងគ្រោះ ដែលមិនព្រមបញ្ចប់។
រហូតមកដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥នេះ មន្ត្រីចររាចរណ៍ នៅខណ្ឌទួលគោកម្នាក់ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ករណីនេះ បានបញ្ចប់រួចរាល់ហើយ កាលពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅសាលាខណ្ឌទួលគោក ដោយកូនប្រុសស្រ្តីរងគ្រោះ និងស្រ្តីរងគ្រោះយល់ព្រមយកថ្លែព្យាបាល ពីជនបង្កចំនួន៣៥.៤០០០រៀល ដើម្បីបញ្ចប់ជម្លោះ៕