អាមេរិក៖ ម្ដាយទទួលស្គាល់បានសម្លាប់ទារកខ្លួន៦នាក់ ទើបនឹងកើត
ម្ដាយរបស់គ្រួសារ ដែលនគរបាលទើបនឹងរកឃើញកាលពីថ្ងៃសោរ៍ ទី១៣ ខែមេសាកន្លងមក នូវសាកសពទារកទើបនឹងកើតតូចៗ ចំនួន៧នាក់ ក្នុងរដ្ឋអ៊ុយតា សហរដ្ឋអាមេរិក បានសារភាពទទួលស្គាល់នៅថ្ងៃចន្ទទី១៤ ខែមេសានេះ ថាខ្លួនបានសម្លាប់ទារករបស់ខ្លួនទាំង៦នាក់ នៅក្នុងរយៈពេលពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០៦។
រូបភាពដៃម្ខាង របស់ទារកជាទូទៅម្នាក់ តែមិនបង្ហាញពីរូបភាពទារករងគ្រោះទេ។
ឃាតកម្មរន្ធត់ - សារព័ត៌មាន ឌឺសលឡេកទ្រីប៊ុត (The Salt Lake Tribute) បានឲ្យដឹងថា ស្ត្រីជាម្ដាយឈ្មោះ ម៉េហ្គាន ហនស្មាន (Megan Huntsman) អាយុ៣៩ឆ្នាំ ទំនងជាមិនបានសម្លាប់ទារកទី៧នោះទេ។ ទារកទី៧នេះ បានស្លាប់នៅពេលកើត ដោយយោងទៅតាមសេចក្ដីប្រកាសនៅពេលនោះ របស់ស្ត្រីម្ដាយរូបនេះ ប្រាប់ទៅនគរបាល។
កងកម្លាំងនគរបាល បានរកឃើញហេតុការណ៍ដ៏រន្ធត់ ដោយសារការរាយការណ៍របស់អតីតស្វាមីរបស់ ម៉េហ្គាន ហនស្មាន នៅពេលបុរសដែលទើបនឹងចេញពីពន្ធនាគាររូបនេះ មានបំណងចង់ចូលទៅរស់នៅក្នុងលំនៅដ្ឋាននោះវិញ ហើយបានកកាយឃើញសាកសពទារកដំបូង នៅក្នុងរោងចំណងរថយន្ដ។ បន្ទាប់ពីបានលែងលះប្ដីរបស់ខ្លួននៅឆ្នាំ២០១១នោះមក ជនសង្ស័យ ម៉េហ្គាន ហនស្មាន បានចាកចេញពីលំនៅដ្ឋាន ដែលជាមរតករបស់ឪពុកម្ដាយប្ដីខ្លួននោះ ហើយបានបន្សល់ទុកកូនស្រីបីនាក់អាយុពី១៣ ដល់២០ឆ្នាំ ឲ្យរស់នៅក្នុងផ្ទះនោះរហូតមក។
ស្ត្រីជាម្ដាយដែលមានចិត្តអាក្រក់រូបនេះ បានសារភាពនៅចំពោះអ្នកស៊ើបអង្កេតថា ខ្លួនបានច្របាច់ករ ឬបន្ថប់ដង្ហើមទារកទាំង៦នាក់ភ្លាមៗ បន្ទាប់ពីពួកគេបានកើតចេញពីឧទររបស់ខ្លួន។ សាកសពទាំងនោះ ត្រូវបានខ្ចប់ទុកនៅក្នុងកន្សែងឬអាវស៊ឺមី រុំព័ទ្ធពីលើដោយស្បោងផ្លាស្ទីក មុននឹងដាក់ទៅក្នុងប្រអប់ក្រដាសផ្សេងៗពីគ្នា ហើយបានរៀបទុកនៅក្នុងរោងចំណតរថយន្ដជាប់ផ្ទះ។
ហេតុការណ៍ដ៏រន្ធត់ដែលទើបនឹងរកឃើញ បានបង្កឲ្យអ្នករស់នៅក្នុងទីក្រុងលេសេន ហ្គ្រូវ (Pleasant Grove) ទាំងមូលស្ថិតក្នុងភាពស្រឡាំងកាំង រកនឹកមិនយល់។ អ្នកនៅជិតខាងរបស់ ម៉េហ្គាន ហនស្មាន បានលើកជាចម្ងល់ឡើងថា «តើគេអាចលាក់ ការពរពោះក្នុងរយៈពេលជិត១០ខែយ៉ាងដូម្ដេចកើត?» អ្នកខ្លះទៀតនិយាយទាំងតក់ស្លុតថា «គំនិតដែលថា នរណាម្នាក់អាចយកទារកតូចរបស់ខ្លួន ដាក់ខ្ចប់ទៅក្នុងប្រអប់មួយ ធ្វើឲ្យរន្ធត់ហួសនឹងនិយាយ»៕
-------------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤