អតីតអ្នកកាសែតបាញ់សម្លាប់មិត្តរួមអាជីព២នាក់ ពេលកំពុងផ្សាយផ្ទាល់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 27, 2015
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង អាលីសុន ប៉ាគ័រ (Alison Parker) អាយុ២៤ឆ្នាំ និងលោក អាដាម វ័ដ (Adam Ward) អាយុ២៧ឆ្នាំ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែសីហានេះ ខណៈអ្នកទាំងពីរកំពុង ធ្វើការផ្សាយបន្តផ្ទាល់ ពីកិច្ចសម្ភាសមួយ សម្រាប់ទូរទស្សន៍ក្នុងតំបន់ «WDBJ7» (ជាផ្នែកមួយ នៃបណ្ដាញទូរទស្សន៍ CBS) ប្រចាំរដ្ឋវៀជីនី។ អ្នកទាំងពីរបានស្លាប់ភ្លាមៗ នៅពេលបាញ់ប្រហារនោះ។
ក្រុមបុគ្គលិកនៃទូរទស្សន៍ «WDBJ7» ដែលកំពុងធ្វើការផ្សាយផ្ទាល់ បានស្ថិតនៅក្នុងហេតុការណ៍នេះ តាំងពីដើមរហូតដល់ចប់។ ពួកគេបានស្ដាប់ឮ នូវស្នូរផ្ទុះកាំភ្លើង និងសម្រែករបស់មិត្តរួមអាជីពរបស់ខ្លួន និងទីបំផុតទៅ ពួកគេបានដឹងថា នេះជាហេតុការណ៍ដ៏ក្ដុកក្ដួល ជាងពេលណាៗទាំងអស់។
នាយកទូរទស្សន៍ លោក Jeffrey Marks បានពន្យល់ថា៖ «ជនប្រដាប់អាវុធម្នាក់ ដែលគិតថា ជាបុរស បានចូលមកក្បែរ កន្លែងដែលពួកគេកំពុងធ្វើព័ត៌មាន ហើយបានបាញ់៦ទៅ៧គ្រាប់។ យើងបានស្ដាប់ឮសម្លេងស្រែក ប៉ុន្តែបន្ទាប់មកបានស្ងាត់ឈឹង ខណៈកាម៉េរ៉ាបានធ្លាក់ នៅនឹងដី។»
ជនខ្មាន់កាំភ្លើង ត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗ
បើរូបភាពនៃការបាញ់ប្រហារ ត្រូវបានស្ថានីយ៍ទូរទស្សន៍ កាត់មិនឲ្យឃើញតទៅទៀត តែជនខ្មាន់កាំភ្លើងវិញ បានថតឈុតឆាក ដែលខ្លួនបានធ្វើនេះដោយផ្ទាល់ ហើយបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម។ ជននេះ ដែលគេស្គាល់ឈ្មោះ «Bryce Williams» ជាអតីតបុគ្គលិក របស់ស្ថានីយ៍ទូរទស្សន៍នេះដែរ។ Bryce Williams ត្រូវបានបណ្ដេញចេញពីការងារ តាំងពី២ឆ្នាំមុន។ បើតាមសេចក្ដីសន្និដ្ឋានភ្លាមៗ របស់ក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា ជននេះទំនងជាបានធ្វើសកម្មភាពសងសឹក ដោយសារខ្លួនចេះតែគិតថា បានរងគ្រោះ នឹងការរើសអើងពូជសាសន៍ និងពណ៌សម្បុរ។
បន្ទាប់ពីត្រូវបាននគរបាល តាមប្រមាញ់តាមរថយន្ដ ជនខ្មាន់កាំភ្លើងទំនងជាបានបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ដនោះ ប៉ុន្តែរបួសបានធ្លាក់កម្រិតធ្ងន់ធ្ងរ ដែលធ្វើឲ្យជនសង្ស័យបានស្លាប់ ក្នុងពេលបន្ទាប់មក។
ហេតុការណ៍ បានបង្កឲ្យមាន ការជជែកវែកញែក ជាថ្មីទៀត ទាក់ទងនឹងការប្រើប្រាស់កាំភ្លើងជាតិផ្ទុះ ដោយសេរីនៅប្រទេសមហាអំណាចមួយនេះ។ សេតវិមានបានប្រតិកម្មភ្លាមៗ ដោយធ្វើការរំលឹក ទៅសភាអាមេរិក ឲ្យបោះឆ្នោតសម្រេច លើអត្ថបទច្បាប់ ដែលអនុញ្ញាត ឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះទាំងឡាយ នៅក្នុងប្រទេស៕