ភេវរកម្ម៖ ថត​រូប​ខ្លួន​ឯង ជា​មួយ​ក្បាល​ជន​រង​គ្រោះ​ទើប​នឹង​កាត់

យ៉ាស៊ីន សាលី (Yassin Salhi) ជនសង្ស័យទីមួយ ពីពីការកាប់ក្បាល ប្រធានក្រមហ៊ុនរបស់ខ្លួន មុននឹងធ្វើភេវរកម្ម ប្រឆាំងរោងចក្រផលិតឧស្ម័ន ភាគខាងត្បូងបារាំង បានថតរូបដោយខ្លួនឯង ជាមួយនឹងក្បាលជនរងគ្រោះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 28, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតថតដោយខ្លួនឯងនោះ ត្រូវបានផ្ញើរទៅឲ្យជនជាតិអាមេរិកម្នាក់ តាមរយៈកម្មវិធី WhatsApp ក្នុង​ទូរស័ព្ទ​ដៃ។ នេះបើតាមប្រភពមួយ ស្និតនឹងការស៊ើបអង្កេត។ អត្តសញ្ញាណ នៃជនជាតិអាមេរិកនោះ មិនត្រូវ​បាន​ប្រភពនោះ បង្ហើបឲ្យដឹងទេ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត នឹងប្រើប្រាស់ នូវគ្រប់មធ្យោបាយរបស់ខ្លួន ដើម្បី​តាម​ស្វែង​រក ពីអ្នកទទួលផ្សេងទៀត ដែលជនសង្ស័យ ជាភេវរជន ឈ្មោះ យ៉ាស៊ីន សាលី នេះ បានផ្ញើរចេញទៅ។

កោសលវិច្ឆ័យទៅលើសាកសព ដែលមានដងខ្លួន ផ្សេងពីក្បាល របស់ជនរងគ្រោះ អតីតថៅកែរបស់ជន​សង្ស័យ ត្រូវបានធ្វើកាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយពីភេវរកម្ម បានកើតឡើង ប្រឆាំងរោងចក្រផលិតឧស្ម័ន ក្នុង​ក្រុង សាំងកងតាំង ហ្វាឡាវីយ៉េ (Saint-Quentin-Fallavier) ភាគខាងត្បូងនៃប្រទេសបារាំង។ ក្រុមអ្នក​ស៊ើប​អង្កេត ចង់ដឹងថា ជនរងគ្រោះ ដែលមានអាយុ៥៤ឆ្នាំ ត្រូវបានកាត់ក្បាល នៅមុន ឬនៅក្រោយ​មរណៈភាព។

សូមបញ្ជាក់ជូនដែរថា សាកសពជនរងគ្រោះ បានត្រូវរកឃើញ ដាច់ក ហើយក្បាលជនរងគ្រោះ ត្រូវបានរក​ឃើញ​ដោត ទៅនឹង​របងរោងចក្រ អមដោយទង់ របស់អង្គការរដ្ឋអ៊ីស្លាម ចំនួនពីរ។

ដំណឹងចុងក្រោយ ដែលត្រូវបានបង្ហើបឲ្យដឹង ដោយប្រភពស្និតនឹងសំនុំរឿង បានអះអាងថា យ៉ាស៊ីន សាលី ដែលមានអាយុ ៣៥ឆ្នាំ ទំនងជាបានព្រមព្រៀង ឆ្លើយទៅនឹងសំនួររបស់អ្នកអង្កេត។ ពីកន្លែងឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដែលត្រូវបានធ្វើ សម្រាប់រយៈពេល៩៦ម៉ោង (ក្នុងករណីភេវរកម្ម ៩៦ម៉ោង តែករណីបទល្មើស​ធម្មតា ៤៨ម៉ោង) ក្នុងស្នងការដ្ឋាននគរបាលយុត្តិធម៌ នាទីក្រុងលីយ៉ុងនោះ ជនសង្ស័យ ដែលបានស្ងាត់ស្ងៀម តាំង​ពីដំបូង ត្រូវបានភ្នាក់ងារ ទទួលបន្ទុកស៊ើបអង្កេត ធ្វើការសាកសួរ ហើយបានចាប់ផ្ដើម និយាយឆ្លើយទៅ​នឹង​សំនួរ។

ប្រភពនោះបាននិយាយថា៖ «ជនសង្ស័យបានស្ងាត់ស្ងៀម ក្នុងពេលមុននេះ តែបានផ្លាស់ប្ដូរជំហរវិញ ដោយ​បាននិយាយពន្យល់ ពីដំណើរដើមទង នៃរឿងរ៉ាវ»។ ការសាកសួរ កំពុងត្រូវបានធ្វើនៅឡើយ នៅក្នុងរាត្រី​ថ្ងៃ​សៅរ៍ ចូលមកថ្ងៃអាទិត្យនេះ (ត្រូវជាពេលព្រឹក ក្នុងប្រទេសកម្ពុជា)។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃសុក្រ ដោយមន្ត្រីអ្នកពន្លត់អគ្គិភ័យ បន្ទាប់ពីជននេះ ត្រូវបាន​ថត​ជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព ឃើញបើកឡាន ចូលទៅបុកឲ្យផ្ទុះ នូវធុងហ្គាសជាច្រើន។ នៅមុនពេល​ចាប់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាព ហាក់ដូចជាចង់ឲ្យធុងហ្គាសផ្សេងទៀត ផ្ទុះឡើង ប៉ុន្តែមន្ត្រី​ពន្លត់​អគ្គិភ័យ ដែល​ទើបនឹងមកដល់កន្លែងកើតហេតុ បានឃាត់ទាន់ និងរក្សាជនសង្ស័យទុក រហូតកម្លាំងនគរបាល​ផ្សេង​ទៀត​មក​ដល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...