ពេជ្រពណ៌កូលាបមួយគ្រាប់ លក់ក្នុងតម្លៃ៣៩,៣លានដុល្លា
ពេជ្រពណ៌កូលាបមួយគ្រាប់ ទំហំ៣៤,៦៤ការ៉ាត ត្រូវបានលក់ដាច់នៅទីក្រុងញ៉ូយក ក្នុងតម្លៃជិត៤០លានដុល្លាអាមេរិក ដែលជាតម្លៃដ៏ថ្លៃជាងគេ និងបានជាប់ឯកត្តកម្មថ្មី សម្រាប់គ្រឹះស្ថានដេញថ្លៃដាក់លក់ពេជ្រឈ្មោះ គ្រីស្ទី (Christie's)។
ពេជ្រពណ៌កូលាប ឈ្មោះ «ម្ចាស់ក្សត្រីពេជ្រ»។ (រូបជំនួស)
មានឈ្មោះថា «ម្ចាស់ក្សត្រីពេជ្រ» ដុំគ្រួសដ៏កម្រនេះ ជាដុំគ្រួសដែលមានតម្លៃ ស្អាត និងធំជាង ពេជ្រពណ៌កូលាបផ្សេងទៀតទាំងអស់ នៅក្នុងពិភពលោក។ វាមានប្រភពមកពី អណ្ដូងរ៉ែពេជ្រចាស់បូរាណមួយ នៅផ្នែកខាងត្បូងនៃប្រទេសឥណ្ឌា។ នេះជាកាប្រកាសរបស់នាយកផ្នែកគ្រឿងអលង្កា របស់គ្រឹស្ថានដេញថ្លៃ លោក ហ្វ្រង់ស៊័រ គៀរីយ៉េល (François Curie) នៅមុនការដាក់លក់។
អ្នកទិញម្នាក់ ដែលមិនបង្ហាញមុខ បានបញ្ជាដេញថ្លៃតាមទូរស័ព្ទ ដោយអោយថ្លៃដល់ទៅ៣៩ ៣២៣ ៧៥០ដុល្លា (និយាយអោយខ្លី ៣៩,៣លានដុល្លា) ត្រូវជាមួយលានដុល្លា ក្នុងមួយការ៉ាត។
ពេជ្រនេះ ដំបូងឡើយ ជាទ្រព្យរបស់រាជ្យវង្សមួយ ក្នុងតំបន់អ៊ីដឺរ៉ាបាដ (Hyderabad) បន្ទាប់មកនៅឆ្នាំ១៩៦០ វាបានមកនៅក្រោមដៃរបស់គ្រឹស្ថានលក់ពេជ្រមួយ នៅទីក្រុងឡុងដ៍ ឈ្មោះ វ៉ាន ក្លេហ្វ អេន អែភែល (Van Cleef & Arpels)។ គ្រឹស្ថានគ្រឹស្ទី បានទិញបន្តមកទៀត ក្នុងតម្លៃ៤៦ពាន់លីវ ដែលក្នុងសម័យនេះ មានតម្លៃស្មើនឹង១,៣លានដុល្លាតែប៉ុណ្ណោះ។ តែគ្រាប់ថ្មពិសេសនេះ ត្រូវបានលក់ចេញនៅថ្ងៃអង្គារមុននេះ ជាមួយនឹងប្រាក់ចំណេញ ច្រើនជាងទុនចំណាយ ជិត៣០ដង។
មិនត្រឹមតែប៉ុណ្ណោះ អ្នកទិញបិតមុខរូបនេះ បានទិញដុំគ្រួសជាច្រើនផ្សេងទៀត ដែលមានតម្លៃជារួម រហូតដល់ទៅ៨០លានដុល្លា ក្នុងពេលលក់ដេញថ្លៃនេះ នៅទីក្រុងញ៉ូយក។
សម្រាប់គ្រឹស្ថានគ្រឹស្ទី គ្រាប់ពេជ្រដែលលក់បានថ្លៃជាងគេ មុនពេជ្រពណ៌កូលាបនេះ គឺជាពេជ្រពណ៌ខៀវក្រម៉ៅ (ពេជ្រ ធ្លាប់ជាទ្រព្យរបស់គ្រួសារ Wittelsbach នៅអាឡឺម៉ង់) ដែលបានលក់ដាច់ ក្នុងតម្លៃ២៤,៣លានដុល្លា កាលពីឆ្នាំ២០០៨៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ