ផ្ដល់ស្ត្រីអ្នកបម្រើលើយន្ដហោះម្នាក់ជូនអ្នកដំណើរ ដើម្បីសុំទោសការយឺតយ៉ាវ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 24, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនបម្រើសេវាកម្មធូរថ្លៃ «Lion Air» របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការហាមអ្នកបើកបរយន្ដហោះមួយរូប មិនឲ្យធ្វើការហោះហើរ បន្ទាប់ពីអ្នកបើកបររូបនេះ ទំនងជាបានប្រកាសផ្ដល់ស្ត្រីអ្នកបម្រើ នៅលើយន្ដហោះម្នាក់ ទៅឲ្យបណ្ដាអ្នកដំណើរ ដើម្បីជាការលួងចិត្ត ជំនួសឲ្យការយឺតយ៉ាវ នៃការហោះហើររបស់ខ្លួន ទៅកាន់កោះបាលី ដែលជាកោះទេសចរណ៍ ដ៏ល្បីល្បាញរបស់ប្រទេស។
ហេតុការណ៍ដ៏ហួសចិត្ត ត្រូវបានអ្នកដំណើរម្នាក់ ទម្លាយឲ្យដឹង និងបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រព័ន្ធផ្សព្វផ្សាយ។ អ្នកដំណើររូបនោះ លោក «Lambertus Maengkom» បានសរសេរសំបុត្រមួយច្បាប់ ទៅឲ្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី ដើម្បីបរិហារ ពីការប្រកាសដ៏ចម្លែក តែពោរពេញដោយភាព«អាប់អោន» របស់ជំនួយការបើកបរយន្ដហោះម្នាក់ ដែលបាននិយាយតាមមីក្រូ នៅក្នុងយន្ដហោះ។
នៅបន្ទាប់ពីយន្ដហោះ បានប្រើពេលបន្ថែមជាច្រើននាទី ដើម្បីងើបខ្លួនពីក្រុង «Surabaya» នៃកោះជ្វា ជំនួយការបើកបរយន្ដហោះ បានប្រកាសតាមមីក្រូ ដោយនិយាយលេង បែបកំប្លែងថា ខ្លួននឹងផ្ដល់ស្ត្រីអ្នកបម្រើ លើយន្ដហោះម្នាក់ ដែលទើបលែងលះពីស្វាមី ទៅឲ្យអ្នកដំណើរទាំងអស់គ្នា ដើម្បីសុំការ«យោគយល់» ពីការយឺតយ៉ាវនេះ។
លិខិតរបស់លោក «Lambertus Maengkom» បានសរសេរថា៖ «ដូចជាមិនគួរឲ្យសើច ទាល់តែសោះ។ (...) យើងចង់ដឹងថា តើវាជារឿងធម្មតា របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ឬ ដែលតែងប្រកាសតាមមីក្រូ ផ្ដល់ស្ត្រីអ្នកបម្រើលើយន្ដហោះម្នាក់ ទៅឲ្យអ្នកដំណើរ?»
ជំនួយការអ្នកបើកបរយន្ដហោះ ដែលអត្តសញ្ញាណមិនត្រូវបង្ហើបឲ្យដឹងនោះ ថែមទាំងបានជូនពរ «បុណ្យខួបកំណើត» តាមមីក្រូដដែលនេះ ទៅកាន់សមាជិកបម្រើការម្នាក់ នៅលើយន្ដហោះនេះទៀតផង។ លិខិតអ្នកដំណើរ បានឲ្យដឹងថា៖ «មិនត្រឹមតែមិនធ្វើឲ្យសើចនោះទេ តែជាគ្រោះថ្នាក់មួយ ព្រោះអ្នកដំណើរទាំងអស់ បានដំណ្ដឹងសួរខ្លួនឯងថា តើជំនួយការបើកបរយន្ដហោះម្នាក់នេះ មានរោគ"ចិត្ត"ក្នុងខ្លួនឬ?»
លោក «Lambertus Maengkom» បានឲ្យដឹងថា លោកចង់ជួបម្ចាស់អ្នកនិយាយតាមមីក្រូនោះ នៅពេលយន្ដហោះបានចុះចតនៅលើកោះបាលី តែមិនបានជោគជ័យ។ ដោយឡែក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍វិញ បានប្រកាសក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ថាបានបើកការស៊ើបអង្កេតផ្ទៃក្នុងមួយឡើង និងបានហាមឃាត់ អ្នកបើកបរយន្ដហោះម្នាក់នោះ មិនឲ្យកាន់ចង្កូតយន្ដហោះ សម្រាប់រយៈពេល«មិន»កំណត់៕