បវរកញ្ញាប៊ែលហ្សិកឆ្នាំ២០១៦ ជានិស្សិតពេទ្យអាយុ២១ឆ្នាំ
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០ មករា ២០១៦
- កែប្រែចុងក្រោយ: January 11, 2016
- ប្រធានបទ: សម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះរាជាណាចក្រប៊ែលហ្សិក បានជ្រើសរើសរកបាន បវរកញ្ញាឆ្នាំថ្មីរបស់ខ្លួនរួចហើយ នៅក្នុងការប្រកួតប្រជែងដ៏ធំមួយ នៅរោងមហោស្រព «Plopsaland» នៃក្រុង «La Panne» កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ។ ស្ត្រីដែលស្អាតជាងគេ នៅក្នុងប្រទេសអ៊ឺរ៉ុបខាងលិចមួយនេះ មានឈ្មោះ ឡេនទី ហ្វ្រន់ អាយុ២១ឆ្នាំ មានដើមកំណើតនៅក្នុងខេត្ត អង់វែ (Anvers ភាគខាងលិចនៃប្រទេស)។
យុវតីដ៏ស្រស់ប្រិមប្រិយ កំពុងសិក្សានៅឆ្នាំទី៣ ក្នុងសាលាពេទ្យជាន់ខ្ពស់មួយ។ បើតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កញ្ញា ឡេនទី ហ្វ្រន់ ចង់ក្លាយខ្លួនជា វេជ្ជបណ្ឌិតជំនាញខាងភ្នែក ឬមានជំនាញទូទៅ។
ជាមួយនឹងតំណែង ជារាជនីសម្ផស្សថ្មីនៃប្រទេសប៊ែលហ្សិក កញ្ញា ឡេនទី ត្រូវទុកការសិក្សារបស់នាង មួយអន្លើសិន (ពេញមួយឆ្នាំ២០១៦ - Editor's note) ដើម្បីយកពេលវេលានេះ មកធ្វើសកម្មភាពនានា តំណាងឲ្យប្រទេសរបស់នាង។ ស្ត្រីស្អាតប្រចាំឆ្នាំថ្មី នៃរាជាណាចក្រមួយ ស្ថិតក្នុងទ្វីបអ៊ឺរ៉ុបខាងលិចនេះ បានថ្លែងប្រាប់ សារព័ត៌មាន «Sudinfo» ថា៖ «កម្មវត្ថុចម្បងរបស់ខ្ញុំពីពេលនេះតទៅ គឺត្រូវធ្វើអ្វីៗ តំណាងឲ្យប្រទេសប៊ែលហ្សិក យ៉ាងល្អបំផុត តាមដែលអាចធ្វើទៅបាន»។
ផ្ទុះសំណើច ព្រោះឆ្លើយសំនួរ... ច្រឡំ!
បវរកញ្ញាដែលទទួលចំណាត់ថ្នាក់ «អមទីពីរ» បានទៅលើកញ្ញា បូ ប្រាអេ (Bo Praet)។ បវរកញ្ញារូបនេះ បានភ័ន្ដច្រឡំនៅក្នុងការឆ្លើយសំនួរ ដែលសួរឲ្យពិធីករនៅក្នុងកម្មវិធីចុងក្រោយ។ ពិធីករបានសួរថា តើក្រុងធំរបស់តំបន់ ផ្លាម៉ង់ (flamande ភាគខាងលិច) ឈ្មោះអ្វី? បន្ទាប់ពីអ៊ឹមអៀនបានបន្តិច កញ្ញា បូ បានឆ្លើយឡើងថា៖ «ផូល ម៉ាញ៉េត (Paul Magnette)»។ «ផូល ម៉ាញ៉េត»នេះ ជាឈ្មោះ របស់អ្នកនយោបាយឆ្វេងនិយមមួយរូប របស់ប្រទេសប៊ែលហ្សិក។
យ៉ាងណាក៏ដោយ ក៏ការភ័ន្ដច្រឡំខាងលើនេះ មិនបានប៉ះពាល់ទៅដល់ ចំណាត់ថ្នាក់ដែលកញ្ញា បូ ត្រូវប្រឡងប្រជែង ជាមួយនាងៗទាំងប្រាំរូប នៅវគ្គផ្ដាច់ព្រ័ត្រនោះទេ។ នេះបើតាមការអះអាង របស់សារព័ត៌មាន ក្នុងស្រុកដដែល៕
» រូបថតរបស់កញ្ញា ឡេនទី ហ្វ្រន់៖