ភ្ញាក់ព្រើត! ហោះឡើងដល់លើ ស្រាប់តែឃើញឆ្មារមួយក្បាល...
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 25, 2015
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូនេះបានបង្កការអស់សំណើច ដល់ទស្សនិកជនគ្រប់ៗគ្នា ដែលបានទស្សនា។ តាមគម្រោង យន្ដហោះកំសាន្ដនេះ ត្រូវបានអនុញ្ញាត ឲ្យមានអ្នកដំណើរតែម្នាក់ទេ បន្ថែមពីលើអ្នកបើកបរម្នាក់ ដែលចាំបាច់ត្រូវបញ្ជាយន្ដហោះនេះ។ ប៉ុន្តែនៅពេលយន្ដហោះ បានហោះឡើងទៅដល់ក្នុងលំហអាកាស ស្រាប់តែអ្នកដំណើរម្នាក់ទៀត បានបង្ហាញខ្លួនមកដែរ ទោះខ្លួនគ្មាន«សំបុត្រ» សម្រាប់ជើងហោះហើរនេះក៏ដោយ។
ដាក់បង្ហោះកាលពីថ្ងៃអាទិត្យនេះ ដោយសមាជិកម្នាក់ នៃក្លិប «ULM 16-34» ដែលធ្វើអាជីវកម្ម ជាមួយយន្ដហោះកំសាន្ដ នៅក្រុង គូរូ (Kourou) ក្នុងដែនដី ហ្គីយ៉ាន (Guyane ទឹកដីបារាំងនៅទ្វីបអាមេរិកខាងត្បូង) វីដេអូនេះ បានទទួលការចុចចូលមកទស្សនា ប្រមាណជាង១៣លានដងហើយ។ បន្ទាប់ពីបានឃើញអតិថិជន ដែលមិនមានសំបុត្រ ជិះដោយខុសច្បាប់ នៅក្នុងយន្ដហោះដូច្នេះ អ្នកបើកបរចាំបាច់ ត្រូវបង្ហោះយន្ដហោះ ឲ្យចុះមកចតវិញ ដើម្បីយកអតិថិជនមួយក្បាលនេះ ឲ្យត្រឡប់មកនៅលើដី។
ប្រធានក្លិប «ULM» លោក ប៊ែរណា ប៉ៃរេប៍ (Bernard Birebent) បានថ្លែងប្រាប់សារព័ត៌មានបារាំងមួយថា៖ «សត្វឆ្មារនេះ បានមករស់នៅក្នុងក្លិប តាំងពីច្រើនឆ្នាំមកហើយ។ វាតែងតែមកដេក នៅលើស្លាបយន្ដហោះដូច្នេះ។»៕