ឲ្យ​ពស់​យក្ស​លេប​រយៈ​ពេល​១​ម៉ោង ដើម្បី​ជួយ​សង្គ្រោះ​ធម្មជាតិ

ផូល រ៉ូសូលី (Paul Rosolie) អ្នកស្រឡាញ់ ថែរក្សា ការពារបរិស្ថាន ដែលប្រព័ន្ធផ្សព្វផ្សាយ បាន​យក​មក​និយាយ​កាល​ពី​មួយ​ខែ​មុន ជុំវិញការប្រគល់ខ្លួន ឲ្យពស់ថ្លាន់យក្សលេបទាំងរស់នោះ ពិត​ជា​បាន​ធ្វើ​យ៉ាង​ដូច្នេះ​មែន ដើម្បី​ថត​ដាក់​វីដេអូ​ឯកសារ​មួយ​ ដែលនឹងត្រៀមផ្សាយ នៅក្នុងប្រទេសជាង១០ក្នុងពិភពលោក។
រូបភាពផ្ដិតពីវីដេអូ បង្ហាញពីសត្វពស់ថ្លាន់ កំពុងលេប ផូល រ៉ូសូលី។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 07, 2014
  • ប្រធានបទ: ធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជាតិអាមេរិក ដែល​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​​ នូវ​ព្រៃ​ភ្នំ​នោះ បាន​បង្កើត​ឲ្យ​មាន​ចលនា​ថ្មី​មួយ ដើម្បី​បរិហា​ពី​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ តាម​រយៈ​ការ​បំបែក​ឯកត្តកម្ម​មួយ មិន​ដែល​មាន​នរណា​ធ្វើ​ពី​មុន​មក៖ នោះ​គឹ​ការ​ប្រគល់​ខ្ឡួន​ឲ្យ​សត្វ​ពស់​ថ្លាន់​យក្ស លេប​ទាំង​រស់ ហើយ​ថត​ដាក់​ផ្សាយ​ក្នុង​នាទី​ឯកសារ​មួយ​​ របស់​ស្ថានីយ៍​ទូរទស្សន៍ ឌីសខូវើរី (Discovery)។

លោក ផូល រ៉ូសូលី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​អាអេហ្វប៉េ (AFP) ថា៖ «គំនិត​នេះ បាន​កើត​ឡើង បន្ទាប់​ពី​បាន​រស់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន និង​យក​វា​ធ្វើ​ជា​ជម្រក​អស់រ​យៈ​ពេល​ជាង​១០ឆ្នាំ។ ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ ធម្មជាតិ​ទាំង​នោះ​កំពុង​បាត់​បង់​ទៅ​ហើយ តែ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​សោះ​ឡើយ។ អញ្ចឹង យើង​ចង់​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍ និង​បញ្ចេញ​ប្រតិកម្ម។»

ការត្រៀមបម្រុងគ្រប់បែបយ៉ាង ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដើម្បីបញ្ជៀស ផូល រ៉ូសូលី ពីការស្លាប់ដោយ​ថប់​ដង្ហើម។​​ អ្នកជំនាញបានបង្កើតអាវក្រោះពិសេសមួយ ធ្វើអំពីហ្វីបកាបោន (ដែលមានលក្ខណៈរអិល) ដាក់​បំពាក់ដោយកាម៉េរ៉ា និងប្រព័ន្ធសម្រាប់ដកដង្ហើមនោះទៀត ដើម្បីឲ្យបុរសក្លាហានរូបនេះ ពាក់ចូល​ទៅឲ្យ​ពស់លេប។

បន្ទាប់មកទៀត ក្រុមថតភាពយន្ដឯកសារមួយនេះ ចាំបាច់ត្រូវរកឲ្យបានពស់ថ្លាន់យក្សដ៏ធំមួយ ដែលគេកម្រ​បាន​ជួប នៅក្នុងព្រៃអាម៉ាហ្សូនដ៏ជ្រៅ នៃប្រទេសប៉េរូ។ ផូល បានរៀបរាប់បន្តទៀតថា៖ «អស់រយៈពេល៦០ថ្ងៃ សម្រាប់ការដើរ ដេក បោះតង់ នៅក្នុងព្រៃ។ ជួនកាលត្រូវដើរចូលក្នុងថ្លុកត្រពាំងទាំងយប់នោះថែមទៀត។»

ពស់ថ្លាន់យក្សដែលបានជួបជាលើកទីមួយ មានទំហំធំណាស់ និងមានបណ្ដោយវែងជាង៧ម៉ែត្រកន្លះ រហូត​ធ្វើឲ្យក្រុមការងារថតឯកសារ មិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ប៉ុន្តែពួកគេរកបាន សត្វពស់មួយទៀត ដែលមានបណ្ដោយ ប្រវែងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ។ ផូល បញ្ជាក់ថា៖ «ដំបូងឡើយ ពស់ញីមួយក្បាលនេះ មិនចង់ស៊ី​ខ្ញុំភ្លាមទេ។ វាបានរត់គេចចេញពីខ្ញុំ។ តែនៅពេលដែលខ្ញុំ ធ្វើសកម្មភាពបង្ករឿងដាក់ វាបាន​ងាក​ក្បាល​មកវិញ ដើម្បីការពារខ្លួន។»

ជាមួយនឹងអាវក្រោះ បុរសអ្នកស្រឡាញ់សត្វរូបនេះ បានសម្រេចបញ្ចូលខ្លួន ទៅក្នុងសត្វពស់ ដោយដាក់​ក្បាល​ខ្លួនចូលទៅមុន។ លោក ផូល និយាយថា នៅពេលនោះ ខ្លួនលោកមានអារម្មណ៍រំភើបណាស់ ហើយ​លោក​និយាយជាប់ជានិច្ចជាមួយក្រុមការងារ តាមរយៈប្រព័ន្ធទាក់ទង។ ប៉ុន្តែការនិយាយជាប់រហូតនេះ ទំនង​ជាមធ្យោបាយដើម្បីបន្លប់ ភាពបារម្ភជាពិសេសខ្លាចក្រែង ប្រព័ន្ធទាក់ទងលែងដើរ ប្រព័ន្ធដកដង្ហើមត្រូវស្ទះ។ ផូល បាននិយាយពីការបារម្ភរបស់ខ្លួនទៀតថា៖ «បើខ្ញុំមិនអាចចេញមកវិញទេ ខ្ញុំប្រាកដជាស្ទះដង្ហើម​នៅក្នុង​នោះ»។

គោរពធម្មជាតិ

ដើម្បីចេញមកវិញ ផូល រ៉ូសូលី អះអាងថាមិនបានធ្វើអ្វីផ្សេង ក្រៅតែពីប្រព្រឹត្តិតាមទម្លាប់ធម្មតា របស់សត្វ​ពស់​នោះទេ។ លោកនិយាយថា៖ «សត្វពស់តែងតែខ្ជាក់ចំណី ដែលវាកំពុងលេបចេញមកវិញ នៅពេលដែលមាន​សត្វសាហាវណាផ្សេងមកដល់។  វាចាំបាច់ត្រូវបោះបង់ចំណីរបស់វាចោល ដើម្បីរកឱកាសរត់គេចខ្លួន។» លោក​បានបន្ថែមថា ការធ្វើបែបនេះ មានហនិភ័យខ្លាំងចំពោះលោក តែសម្រាប់សត្វពស់វិញ បានគេចខ្លួន​ចេញ​ទៅដោយសុវត្ថិភាព៕

វីដេអូស្ពតពាណិជ្ជកម្ម៖

វីដេអូដកស្រង់ពីឯកសារ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...