បុរសតូចជាងគេក្នុងលោក បានស្លាប់ហើយ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 13, 2015
- ប្រធានបទ: ឯកត្តកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មូលនិធិឯកត្តកម្មពិភពលោក (Guinness World Records) មានទុក្ខក្រៀមក្រំ យ៉ាងជ្រាលជ្រៅ ដែលបានទទួលដំណឹង ពីមរណភាពរបស់លោក ចាន់ដ្រា ដង់ហ្គី ម្ចាស់ឯកត្តកម្មពិភពលោក ជាមនុស្សតូចជាងគេ ក្នុងលោក» នេះជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា របស់ស្ថាប័នផ្ដល់រង្វាន់ឯកត្តកម្មមួយនេះ។ មូលនិធិបានបង្ហាញ នូវការចូលរួមមរណៈទុក្ខ ទៅកាន់គ្រួសារសព របស់លោក ចាន់ដ្រា ផងដែរ។
លោក ចាន់ដ្រា បានធ្វើមរណភាពនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅក្រុង ប៉ាហ្គោ ប៉ាហ្គោ (Pago Pago) ទឹកដីអាមេរិក កណ្ដាលមហាសាគរប៉ាស៊ីភិក ក្នុងអាយុ៧៥ឆ្នាំ។ មានដើមកំណើត នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ១៩៣៩ នៅក្រុងកាលីម៉ាទី (Kalimati) លោក ចាន់ដ្រា ត្រូវបានទទួលស្គាល់ដោយ មូលនិធិឯកត្តកម្មពិភពលោក នៅខែកុម្ភៈ ឆ្នាំ២០១២ ថាជាមនុស្សដែលមាន មាឌតូចជាងគេ នៅក្នុងពិភពលោក។ លោកមានកំពស់ ៥៤,៦សង់ទីម៉ែត្រ និងមានទម្ងន់ ១២គីឡូក្រាម។
បុរសជាតិណេប៉ាល់រូបនេះ បានឈ្នះពីមុខលោក ជនរ៉ៃ បាឡាវីន (Junrey Balawing) ជាតិហ្វីលីពីន ដែលត្រូវបានទទួលស្គាល់ នៅខែមិថុនា ឆ្នាំ២០១១១ ថាជាមនុស្សតូចជាងគេ ក្នុងពិភពលោក នៅមុនលោក ចាន់ដ្រា។ ភរិយារបស់លោក ចាន់ដ្រា ក៏ជាស្ត្រីដែលមានមាឌតូចជាងគេ នៅក្នុងពិភពលោកដែរ។ អ្នកស្រីជាភរិយា ជាតិឥណ្ឌា មានឈ្មោះ ច័ទី អាមហ្សី (Jyoti Amge) មានកំពស់៦២,៨សង់ទីម៉ែត្រ និងមានទម្ងន់ តែ៥គីឡូក្រាមប៉ុណ្ណោះ។
កាលពីខែវិច្ឆិកាកន្លងទៅ គណៈកម្មការឯកត្តកម្មពិភពលោក បានរៀបចំឲ្យលោក ចាន់ដ្រា មនុស្សដែលមានមាឌតូចជាងគេ ឲ្យជួបជាមួយមនុស្ស ដែលមានមាឌធំជាងគេក្នុងលោក គឺលោក ស៊ុលតង់ កូសេន (Sultan Kösen) ជាតិទួរគី ដែលមានកំពស់ដល់ទៅ ២,៥១ម៉ែត្រ នៅក្នុងរាជធានី ឡុងដ៍ ប្រទេសអង់គ្លេស។ នៅពេលនោះ លោក ចាន់ដ្រា ដង់ហ្គី បានថ្លែង ក្នុងសម្លៀកបំពាក់ប្រពៃណីណេប៉ាល់ ថា៖ «ខ្ញុំត្រេកអរខ្លាំងណាស់ ដែលបានជួបជាមួយ អ្នកដែលមានកំពស់ ខ្ពស់ជាងគេក្នុងលោក។ ខ្ញុំពិតជាចង់ជួប ជាមួយដៃគូ ដែលបញ្ច្រាសកំពស់គ្នា ដ៏ខ្លាំងនេះណាស់។»៕