កឹម សុខា ត្រូវ​បន្ត​នៅ​ក្នុង​ពន្ធនាគារ​៦ខែ​ទៀត

ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដាក់ឃុំ អស់រយៈពេល៦ខែមកហើយនោះ នឹងត្រូវបន្តនៅក្នុងពន្ធនាគារ សម្រាប់រយៈពេល៦ខែទៀត។ នេះ បើតាមការសម្រេច របសចៅក្រមស៊ើបសួរ លោក គី ឫទ្ធី នៅរសៀលថ្ងៃនេះ បន្ទាប់ពីបានបញ្ចប់ការសាកសួរ លោក កឹម សុខា នៅឯពន្ធនាគាររួច។
កឹម សុខា ត្រូវ​បន្ត​នៅ​ក្នុង​ពន្ធនាគារ​៦ខែ​ទៀត
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 05, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចប់ការសាកសួរ ​លោក​ កឹម សុខា នៅ​ឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីវេលា​ម៉ោង​ប្រមាណ ៣ រសៀល​នេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ​បាន​សម្រេច​បន្ត​នីតិវិធី ដើម្បីឃុំ​ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ​​រូប​នេះ ឲ្យនៅ​ក្នុងពន្ធ​នាគារ សម្រាប់​រយៈ​ពេល​ ៦ ខែ​ទៀត​។

អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ ពីក្នុងចំណោមមេធាវីទាំង៦នាក់ របស់លោក កឹម សុខា បានជំទាស់ ការបន្តនីតិវិធីខាងលើ ដោយខាងការពារក្ដី បានលើកយកមូលហេតុ ដែលទាក់ទងនឹងសុខភាព របស់មេដឹកនាំបក្សប្រឆាំងរូបនេះ ដែលចាំបាច់ ត្រូវទទួលការវះកាត់ និងព្យាបាល។

ថ្លែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅក្រោយ​មន្ត្រី​តុលាការ​ ចុះ​សាកសួរ​កូន​ក្តីរបស់​ខ្លួននោះ អ្នកស្រី ម៉េង សុភារី បានអះអាងថា៖ «យើង​មិន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល ​នៃ​ការ​ឃុំ​ខ្លួន​បន្ត​ទៀត​ទេ​ ដោយ​សារ​មូល​ហេតុ​ សុខភាព​របស់​គាត់​ជា​ចម្បង។​ ដោយ​សារ​គាត់​ មាន​បញ្ហា​ឆ្អឹង​គាប​ លើ​សរសៃ​ ដែល​ត្រូវ​ការ​វះ​កាត់ ​និង​ព្យាបាល​។​»។

អ្នកស្រី បានស្រង់សំដី របស់ចៅក្រម​ស៊ើបអង្កេត មកបញ្ជាក់ថា ការបន្តឃុំខ្លួននោះ ព្រោះ​ការ​ស៊ើប​អង្កេត​ នៅ«មិន​ទាន់​មូល»។ អ្នកស្រីបន្តថា ក្រុមមេធាវីនឹងប្ដឹងទាស់ ទៅកាន់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ ជាបន្តទៀត ដើម្បីជំទាស់និងការសម្រេច របស់ចៅក្រមសាលាដំបូង​ខាងលើ។

 

លោក កឹម សុខា ត្រូវ​បានក្រុមជនប្រដាប់អាវុធ ចូលទៅចាប់​​ខ្លួន ដល់ក្នុងគេហដ្ឋានរបស់លោក កាល​ពី​យប់ថ្ងៃ​ទី ២ ចូលថ្ងៃទី ៣ ខែ​កញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពីការបង្ហោះឡើងវិញ នៅលើបណ្ដាញសង្គម នូវឃ្លីបវីដេអូ​មួយ ដែលជាការថ្លែង របស់ប្រធានគណបក្សសង្គ្រោះជាតិ ​ទៅកាន់ក្រុមអ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពី​អំឡុង​ ឆ្នាំ​ ២០១៣។ រដ្ឋាភិបាលលោក ហ៊ុន សែន បានចោទមេដឹកនាំប្រឆាំងរូបនេះ តាមរយៈវីដេអូនោះ ថាបានប្រព្រឹត្តិ «ទង្វើក្បត់ជាតិ»។

ការចោទប្រកាន់ ដែលត្រូវបានច្រានចោល ដោយគណបក្សសង្គ្រោះជាតិ ដោយហៅការឃុំខ្លួនប្រធានគណបក្សខ្លួន ថាជាវិធានការមួយ ក្នុងចំណោមយុទ្ធនាការជាច្រើន របស់រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា ដើម្បីបំបាក់​សម្លេង​​ប្រឆាំង​​ឲ្យ​បាន នៅមុន​ការបោះឆ្នោតជាតិ ដែលនឹងមកដល់​ក្នុងពេលខាងមុខ។ យុទ្ធនាការទាំងនោះ បានរងការថ្កោលទោសខ្លាំងក្លា ពីសហគមន៍អន្តរជាតិ រហូត​ដល់​មាន​ការ​កាត់​ជំនួយ​ ជា​បន្ត​បន្ទាប់​​ពី​ សហ​រដ្ឋ​អាមេរិក និង​ពី​សហគមន៍​អឺរ៉ុប​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...