មន្ត្រីស័ក្ដិ១ឡើងដឹកនាំនាយកដ្ឋាន តាមបែប«ឆ្អឹងអណ្ដែត»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មីនា ២០១៨
- កែប្រែចុងក្រោយ: March 07, 2018
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការតែងតាំង ធ្វើឡើងតាមរយៈ ការណែនាំរបស់លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក គិន សុលីតា ត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំឡើងតួនាទី ពីមន្ត្រីនគរបាលសាមញ្ញមួយរូប នៃនាយកដ្ឋានរដ្ឋបាលសរុប ទៅជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ខណៈលោក គិន សុលីតា មានឋានន្តរស័ក្តិត្រឹមតែ អនុសេនីយ៍ត្រី (ស័ក្ដិមួយ) ប៉ុណ្ណោះ។
លិខិតតែងតាំង របស់លោក ស ខេង ដែលត្រូវបានចុះហត្ថលេខា តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ និងដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី៦ ខែមីនានេះ បានសរសេរសម្រេច ពីការតែងតាំងនេះ ដោយ«យោងតាមសំណូមពរចាំបាច់ នៃការងារ»។
ប៉ុន្តែគេអាចនឹងយល់ ពីភាពចាំបាច់ នៃសំណូមពររបស់លោក ស ខេង ប្រសិនជាគេមិនបានដឹង ពីលិខិតណែនាំរបស់លោក ព្រំ សុខា ដែលបានសរសេរ សុំលោក ស ខេង ឲ្យតំឡើងតួនាទី របស់មន្ត្រីនគរបាលពាក់ស័ក្ដិរូបនេះ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំកន្លងទៅ។ លោក ព្រំ សុខា បានសរសេរនៅក្នុងលិខិតនោះថា៖
«ខ្ញុំសូមគោរពជូនសម្ដេចក្រឡាហោម មេត្តាជ្រាបថា លោក គិន សុលីតា បច្ចុប្បន្នជាមន្រ្តី នៃនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយសមីខ្លួនបានខិតខំបំពេញការងារ និងរៀនសូត្រទទួលបានសញ្ញាប័ត្រពីអាមេរិក និងដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមស្នើរសុំការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម តែងតាំងលោក គិន សុលីតា ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយអនុគ្រោះ»។
ការតំឡើងតួនាទី របស់មន្ត្រីស័ក្ដិមួយរូបនេះ បានរងការរិះគន់យ៉ាងច្រើន នៅលើបណ្ដាញសង្គម។ លេចធ្លោជាងគេ គឺលោក ផែង វណ្ណៈ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងក្រសួងមហាផ្ទៃ ដោយបានចាត់ទុក ការតែងតាំងនេះ មានលក្ខណៈ«ឆ្អឹងអណ្ដែត»។ លោក ផែង វណ្ណៈ បានសរសេរចំអកឲ្យថា៖
«អ្នកធ្វើការបំរើជាតិ ជាង ៣០ ឆ្នាំ អត់មានគុណសម្បត្តិ សំរាប់ ឯកឧត្ដម ព្រំ សុខា ស្នើតំឡើងតួនាទីសោះ។ ក្មួយ គិន សុលីតា ជាមន្ត្រី ១នាក់ ក្នុងចំណោមមន្ត្រីជាង ៦ម៉ឺននាក់ ដែលទើបធ្វើការ បានជាង ១ ឆ្នាំ ត្រូវបានឯកឧត្ដម ព្រំ សុខា ពេញចិត្តស្នើតម្លើងតួនាទី។»៕