មហាបុរសពីរនាក់នេះ ឈ្លោះគ្នាព្រោះ«សាសា-សុខប៊ុន»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 11, 2015
- ប្រធានបទ: តារាហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារា«ហ្វេសប៊ុក»ពីររូបនេះ កំពុងបញ្ចេញ មកប្រើអស់នូវយុទ្ធិសិល្ប៍ «បាញ់គ្នាដោយសំដី» ដូចអ្វីដែលពួកគេ បានប្រឹងប្រែងរៀនសូត្រ មកពីបក្សអ៊ូតាំង និងសៅសីញយ៉ាងដូច្នោះ។ តើមានរឿងហេតុអ្វី បានជាធ្វើឲ្យមហាបុរសដ៏ល្បីល្បាញ ក្នុងពិភពគុនទាំងពីរនេះ បានបាញ់គ្នាទៅមកនោះ? ចម្លើយ៖ មកពីកញ្ញា សាសា និងលោកឧកញ៉ា សុខ ប៊ុក ដែលត្រូវបានគេឃើញ នៅក្នុងវីដេអូសុវត្ថិភាព កាលពីពេលថ្មីៗ ថាបុរសអ្នកមានប្រាក់ បានវាយតប់ ចាប់បោចសក់ ទៅលើអតីតពិធីការិនីទូរទស្សន៍។
មហាបុរស ក្នុងពិភពហ្វេសប៊ុក ទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ផែង វណ្ណៈ និងម្នាក់ទៀតឈ្មោះ ឆាំ ឆានី។ រឿងហេតុដំបូង ដែលបង្កឲ្យលោក ផែង វណ្ណៈ ឆេះឆួលក្ដៅក្រហាយ ទប់ការតាំងសិល្ប៍រាប់ពាន់ឆ្នាំ នៅមិនសុខ រហូតណាត់គ្នា ចេញមក«ប្រយុទ្ធគ្នាស្លាប់រស់»នោះ ព្រោះលោក ឆាំ ឆានី បានផ្សាយព័ត៌មានមួយ ក្នុងគណនេយ្យហ្វេសប៊ុក របស់ខ្លួនថា លោកឧកញ៉ា សុខ ប៊ុន ជាកូនប្រសារ របស់អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា។ ហើយបន្ទាប់ រឿងបានផ្ទុះឡើង កាន់តែខ្លាំង ដោយសារអ្នកទាំងពី បានភ្ជាប់ខ្លួនម្ខាងម្នាក់ ទៅរកគណបក្សនយោបាយ ដែលអ្នកទាំងពីរគាំទ្រ តែរៀងៗខ្លួន។
លោក ឆាំ ឆានី បានសរសេរថា៖ «បែកធ្លាយ សុខ ប៊ុន នាយកក្រុមហ៊ុន សុខ ប៊ុន គ្រុប (SBG) ក្រុមហ៊ុន TEHO Development និងក្រុមហ៊ុនវាយតម្លៃ អចលនវត្ថុនៅកម្ពុជា ជាកូនប្រសារ កែប ជុតិម៉ា។ (…) នេះគឺជាសាររបស់មិត្តអ្នកអានម្នាក់ ដែលបានផ្ញើមកខ្ញុំ ដោយសុំមិនបញ្ចេញឈ្មោះ: "បងដឹងទេថា អាឧកញ៉ាដែលវាយនាង សាសា នោះ វាជាកូនប្រសារ កែប តិជុម៉ា ចឹងហើយបានជាវាមានលុយ មានអំណាច បំផ្លាញជាតិ បំផ្លាញអ្នកដទៃនោះ ស្រុកខ្មែរគ្មានច្បាប់សំរាប់អ្នកមាន នឹងអ្នកធំទេបង"។»
មិនសង្ងំយូរ មហាបុរស ផែង វណ្ណៈ បានតបវិញភ្លាមថា៖ «ជូនអាត្រូវគ្រាប់ Chham Chhany ជ្រាប! ការផ្សព្វផ្សាយព័ត៌មានភូតកុហក បំផ្លើសបំភ្លៃការពិតជាចរិក របស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ។ ពួកគេមានជំនាញ ពូកែខាងបំភ្លៃការពិត ជាពិសេស អាត្រូវគ្រាប់ Chham Chhany នេះតែម្ដង។ សូម្បីរូបដំរីជាន់ខ្លា នៅខេត្តកំពង់ធំ ក៏អាត្រូវគ្រាប់ Chham Chhany នេះវាផ្សាយថា គេគាស់យកទៅបាត់ដែរ តែធាតុពិតរូបសំណាក ដំរីជាន់ខ្លានៅខេត្តកំពង់ធំ នៅកន្លែងដដែល គ្មានការរុះរើទៅណាទេ។ ចំណែករូបខ្ញុំ ក៏វាផ្សាយចោទថា ជាកូនយួនដែរ។ ឥលូវនេះ អាត្រូវគ្រាប់ Chham Chhany បានផ្សាយព័ត៌មានបំភ្លៃទៀត ដោយវាបានផ្សាយថា ឧកញ៉ា សុខ ប៊ុន ដែលប្រើហឹង្សាលើកញ្ញា សាសា ថាជាកូនប្រសារ ឯកឧត្តម កែប ជុតិម៉ា អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ទៅវិញ។»
តារាពិភពហ្វេសប៊ុក ផែង វណ្ណៈ បានពន្យល់បន្តថា៖ «ការពិត ឯកឧត្តម កែប ជុតិម៉ា មានកូនប្រសារប្រុស តែម្នាក់គត់ បំរើការងារនៅក្រសួងការបរទេស មិនមែនឈ្មោះ សុខ ប៊ុន ទេ។ តើហេតុអ្វី បានអាត្រូវគ្រាប់ Chham Chhany វាចូលចិត្តផ្សាយព័ត៌មានភូតកុហក?» បន្ទាប់មកមហាបុរសរូបនេះ បានសរសេរប្រកាស ស្វែងរកអ្នកស្គាល់ «អាត្រូវគ្រាប់ Chham Chhany ច្បាស់ សូមផ្ដល់ព័ត៌មានមកខ្ញុំបាទ តាមរយៈលេខទូរស័ព្ទ (...) ខ្ញុំនឹងជូនសាគុណ» ។»
រីឯមហាបុរស ឆាំ ឆានី វិញបានតបវិញថា៖ «ឆាំ ឆានី សូមប្រាប់ទៅ ផែង វណ្ណះ វិញថា ហ៊ុន សែន ធ្លាប់ឲ្យតម្លៃខ្លួន ឆាំ ឆានី ម្តងហើយ។ បើ ផែង វណ្ណះ ចង់ចាយលុយដើម្បីរក ឆាំ ឆានី សូមទៅសួរ ហ៊ុន សែន ទៅថា ហ៊ុន សែន ធ្លាប់ឲ្យតម្លៃខ្លួន ឆាំ ឆានី ប៉ុន្មាន?»
វរៈជនកំពូលក្បាច់គុនទាំងពីរ នៅតែថ្លែងសារទៅវិញទៅមក ដាក់គ្នាជាបន្តបន្ទាប់ រហូតឈានដល់ចំណុចមួយ គឺការបកអាក្រាត នូវប្រវត្តិរៀងៗខ្លួន។ លោក ឆាំ ឆានី បានថ្លែងក្នុងបណ្តាញសង្គមខ្លួនថា លោក ផែង វណ្ណៈ ការពិតមានឪពុក ជាជនជាតិវៀតណាម ហើយមកអូតថាខ្លួនជាខ្មែរ និងមានការងារជាមន្រ្តីខ្មែរទៀត។ ឯលោក ផែង វណ្ណៈក៏បានប្រដូចមុខលោក ឆាំ ឆានី ថាជាចៅរបស់ហូរជីម៉ិញ ដែលមកបង្កប់ខ្លួន ដើម្បីបង្កឲ្យខ្មែរឈ្លោះគ្នាដែរ។
នេះជាសំណេររបស់លោក ឆាំ ឆានី៖ «នេះជារូបភាព ម៉ែ ឪ ផែង វណ្ណះ ដែលអ្នកស្គាល់អះអាងថា ជាយួនសុទ្ធសាធ។ នេះជាសារ ពីអ្នកដែលស្គាល់គ្រួសារ ផែង វណ្ណះ "ផែង វណ្ណះ កូនយួនសុទ្ធ ជាក្មួយប៊ិត គឹមហុង អតីតស្នងការរងក្រុងភ្នំពេញ ទទួលបន្ទុក ពត័មានទូទៅ(ចារកិច្ច)។ ផែង វណ្ណះ មានឈ្មោះមួយទៀត សម សារិ ធ្លាប់ធ្វើងចាងហ្វាងកាសែត សេរីភាពខ្មែរ។ អគុណ ឆានី លាក់ប្រភពអោយបងផង"។»
ខណៈលោក ផែង វណ្ណៈ បានសរសេរតបវិញថា៖ «បែកធ្លាយអា Chham Chhany ជាចៅហូជីម៉ិញ វាមកបន្លំខ្លួនជាខ្មែរ ដើម្បីបំបែកបំបាក់ជាតិខ្មែរ តាមរយៈការសរសេរព័ត៌មាន បំពុលសង្គម តាមបណ្ដាញ Facebook។ អាចៅហូជីម៉ិញរូបនេះ វាមិនដែលផ្សាយព័ត៌មានពិតទេ វាចូលចិត្តផ្សាយព័ត៌មាន ភូតកុហកប្រជាពលរដ្ឋខ្មែរ។»៕