សារភាពតាមហ្វេសប៊ុក ថាបានសម្លាប់ក្រុមគ្រួសារ រួចធ្វើអត្តឃាត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 12, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើមនុស្សមួយចំនួន ចូលចិត្តបង្ហោះ នៅលើបណ្ដាញសង្គម នូវរឿងផ្ទាល់ខ្លួន ឬបញ្ហាសង្គម ដើម្បីឲ្យអ្នកផងបានដឹងនោះ តែក៏មានមនុស្សមួយចំនួនទៀត បានយកបណ្ដាញសង្គម មកបម្រើឲ្យរឿងអាក្រក់ៗ របស់ពួកគេដែរ។ នៅក្នុងប្រទេសកាណាដា បុរសម្នាក់បានសម្លាប់កូនស្រី និងប្រពន្ធ រួមនឹងប្អូនស្រីរបស់ខ្លួន រួចយកទង្វើមនុស្សឃាត ទាំងនេះ មកបង្ហោះនៅលើហ្វេសប៊ុក ដោយមានអម ជាមួយនឹងពាក្យពេជ្រ ធ្វើអត្ថាធិប្បាយ យ៉ាងតក់ស្លុត មុននឹងធ្វើអត្តឃាតតាមក្រោម។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកនាំពាក្យនគរបាលកាណាដា កាលពីចុងសប្ដាហ៍កន្លងទៅ។
«គ្រួសារខ្ញុំ នឹងឈប់ឈឺចាប់»
នៅក្នុងពាក្យពេជ្រធ្វើអត្ថាធិប្បាយ របស់បុរសឈ្មោះ រ៉េនឌី ចេនហ្សេន (Randy Janzen) ដែលរស់នៅក្នុងក្រុង វេនខូវ័រ (ភាគនារតី នៃប្រទេសកាណាដា) បានឲ្យដឹងថា បុរសបានសម្លាប់កូនស្រី អាយុ១៩ឆ្នាំ កញ្ញា អេមីលី (Emily) ព្រោះនាង មានដុំគ្រួស ក្នុងក្បាល បង្កឲ្យឈឺក្បាលជាប្រចាំ តាំងពីកុមារភាព។ បុរស ចេនហ្សេន បានសរសេរទៀតថា ខ្លួនបានសម្លាប់ភរិយា ព្រោះខ្លាចនាងដឹង ពីមរណភាពរបស់កូនស្រី និងបន្ទាប់មក ចេនហ្សេន បានសម្លាប់ប្អូនស្រីខ្លួនបន្ថែមទៀត ដើម្បីកុំឲ្យនាងរស់នៅ ក្នុងសភាពអៀនខ្មាស ពីទង្វើរបស់ខ្លួន។
សំណេរដ៏រន្ធត់ បានបង្ហាញថា បុរសជាឃាតករ បានរៀបរាប់ ពីវិប្បដិសារីយ៉ាងជ្រាលជ្រៅ ជុំវិញទង្វើរបស់ខ្លួន ប៉ុន្តែថាខ្លួន មិនអាចនៅមើលកូនស្រីរបស់ខ្លួន ឈឺចាប់ក្នុងក្បាល ជារៀងរាល់ថ្ងៃ រហូតធ្វើឲ្យនាង ត្រូវបង្ខំចិត្តឈប់ពីសកលវិទ្យាល័យ។ បុរស ចេនហ្សេន បានសរសេរថា៖ «ក្រុមគ្រួសារខ្ញុំ នឹងឈប់ឈឺចាប់អ្វីទាំងអស់ ហើយពួកគេកំពុង រស់នៅឯស្ថានសួគ៌»។
ដុតផ្ទះ ដើម្បីសម្លាប់ខ្លួន
ប៉ុន្មានម៉ោង បន្ទាប់ពីបានបង្ហោះ នៅលើហ្វេសប៊ុក នូវសារដ៏គួរឲ្យតក់ស្លុត ទាំងនេះរួច នគរបាលបានរកឃើញ សាកសពនៃជនរងគ្រោះទីមួយ នៅក្នុងផ្ទះមួយស្ថិតក្នុងតំបន់ជាយក្រុង មុននឹងបានធ្វើដំណើរ ទៅកាន់លំនៅដ្ឋានមួយ ដែលជនសង្ស័យ (បុរស ចេនហ្សេន) ទំនងជាចង់ដុតផ្ទះខ្លួនចោល ដើម្បីសម្លាប់ខ្លួននៅក្នុងភ្នក់ភ្លើង។
ដោយសារលំនៅដ្ឋាននោះ បានឆេះខ្ទេចខ្ទីរ នៅសល់តែផេះនោះ ក្រុមអ្នកស៊ើបអង្កេត នៅមិនទាន់អាចបញ្ជាក់ បានឲ្យច្បាស់នៅឡើយថា តើនឹងអាចមានជនរងគ្រោះ ប៉ុន្មានផ្សេងទៀត នៅក្នុងផ្ទះនេះ។ ប៉ុន្តែការស៊ើបអង្កេត កំពុងបន្តធ្វើនៅឡើយ៕