ទីជែរី ហង់រី ចាប់​ផ្ដើម​បង្វឹក​បន្ទាប់​ពី​ក្លាយ​ជា​គ្រូ​ក្រុម​ម៉ូណាកូ​ជា​ផ្លូវការ

ចាប់ពីចុងសប្ដាហ៍កន្លងមក អតីតខ្សែប្រយុទ្ធដ៏ល្បីរបស់ក្រុមកាំភ្លើងធំ អាសឺណល (Arsenal - អង់គ្លេស) លោក ទីជែរី ហង់រី (Thierry Henry) បានក្លាយជាគ្រូបង្វឹករបស់ក្រុម ម៉ូណាកូ (AS Monaco) ហើយ។ នៅរសៀល​ថ្ងៃចន្ទនេះ លោក ហង់រី ថែមទាំងបានផ្ដើមការងារបង្វឹករបស់លោក ជាមួយកីឡាករមួយចំនួន របស់ក្រុមបាល់ទាត់នេះផង។
ទីជែរី ហង់រី ចាប់​ផ្ដើម​បង្វឹក​បន្ទាប់​ពី​ក្លាយ​ជា​គ្រូ​ក្រុម​ម៉ូណាកូ​ជា​ផ្លូវការ
លោក ទីជែរី ហង់រី គ្រូបង្វឹកថ្មីរបស់ក្រុម ម៉ូណាកូ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 16, 2018
  • ប្រធានបទ: បាល់ទាត់​បារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចអ្វី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ជូន តាំងពីមួយសប្ដាហ៍មុន ពីដំណើរមកដឹកនាំក្រុម ម៉ូណាកូ (AS Monaco) ជើងឯករងរដូវកាលមុន របស់ប្រទេសបារាំង ពីសំណាក់លោក ទីជែរី ហង់រី (Thierry Henry) ដែលធ្លាប់ជាកីឡាករ​ខ្សែប្រយុទ្ធ ដ៏ល្បី នៅក្នុងក្រុមបាល់ទាត់ជាច្រើន រាប់ចាប់ពីក្រុម ម៉ូណាកូ នេះផង ដែលលោកបានចូលមកលេង តាំងពីលោកមានអាយុ១៧ឆ្នាំ។ គឺក្រុមបាល់ទាត់ ម៉ូណាកូ ជាអ្នកប្រកាស ដោយខ្លួនឯងថា លោក ទីជែរី ហង់រី បានក្លាយជាគ្រូបង្វឹក របស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃសៅរិ៍ សប្ដាហ៍មុននេះ។ បើតាមសារព័ត៌មានក្នុងប្រទេសបារាំង បានអះអាងថា លោកបានចុះកិច្ចសន្យា រយៈពេល៣ឆ្នាំ ដើម្បីដឹកនាំក្រុម ម៉ូណាកូ រាប់ពីពេលនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២១។

ដោយមិនបង្អង់យូរ លោក ហង់រី អាយុ៤១ឆ្នាំ ដែលបានធ្វើដំណើរ មកដល់ប្រទេសម៉ូណាកូ នៅថ្ងៃអាទិត្យម្សិលម៉ិញ បានចាប់ផ្ដើមការបង្វឹករបស់លោកខ្លះហើយ នៅរសៀលថ្ងៃចន្ទនេះ ជាមួយនឹងកីឡាករមួយចំនួន ដែលកំពុងមានវត្តមាន នៅក្នុងក្រុម (ខណៈមួយចំនួនទៀត បានចេញទៅទាត់ ឲ្យក្រុមជម្រើសជាតិ តែរៀងៗខ្លួន)។ គ្រូបង្វឹកថ្មីរូបនេះ នឹងត្រូវបង្ហាញខ្លួន នៅចំពោះអ្នកសារព័ត៌មាន នៅថ្ងៃពុធខាងមុខ នៅក្នុងមណ្ឌលហ្វឹកហាត់របស់ក្រុម ម៉ូណាកូ។

កាលពីព្រឹកម៉ិញ (ថ្ងៃចន្ទ) លោក ហង់រី បានពិភាក្សាការងារ ជាមួយក្រុមការងារ នៃផ្នែកជាច្រើនរបស់ក្រុម ដូចជា ផ្នែកទំនាក់ទំនង ផ្នែកពិនិត្យសុខភាព និងផ្នែកថតវីដេអូជាដើម។ បន្ទាប់មក គ្រូបង្វឹកថ្មីថ្មោងរូបនេះ បានធ្វើកម្មវិធីបង្វឹករបស់លោក សម្រាប់រយៈពេល ពេញមួយសប្ដាហ៍ ដើម្បីត្រៀមឲ្យក្រុម ម៉ូណាកូ របស់លោក ចេញទៅប្រកួតជាបន្តបន្ទាប់ និងជាបន្ទាន់៖

- ថ្ងៃសៅរ៍ខាងមុខ ទល់នឹងក្រុម ស្ត្រាស្បួរ៍ (Strasbourg - បារាំង) ក្នុងក្របខណ្ឌបូកពិន្ទុ ដណ្ដើមជើងឯក «Ligue 1» របស់បារាំង
- ថ្ងៃពុធសប្ដាហ៍ខាងមុខ ទល់នឹងក្រុម ព្រូច (Bruges - ប៊ែលហ្សិក) ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»
- ថ្ងៃសៅរ៍សប្ដាហ៍ខាងមុខ ទល់នឹងក្រុម ឌីហ្សុង (Dijon - បារាំង) ក្នុងក្របខណ្ឌបូកពិន្ទុ ដណ្ដើមជើងឯក «Ligue 1» របស់បារាំង

ដូច្នេះ បើមើលទៅកាលវិភាគខាងលើនេះ អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ មិនមានពេលច្រើនប៉ុន្មានឡើយ ដើម្បីរៀបចំក្រឡាបាល់ និងតម្លើងសមត្ថភាពទាត់បាល់ សម្រាប់ក្រុម ម៉ូណាកូ ដែលកំពុងធ្លាក់ដុនដាប នៅក្នុងរដូវកាលថ្មីនេះ។ រាល់ការប្រកួតទាំង៩ដង នៃក្របខណ្ឌបូកពិន្ទុ សម្រាប់រដូវកាល ២០១៨-២០១៩ ក្រុមជើងឯករងបារាំងមួយនេះ រកបានតែ ៦លើ២៧ ពិន្ទុប៉ុណ្ណោះ ខណៈក្រុមប៉ារីស (Paris Saint-Germain - បារាំង) រកបានពិន្ទុគ្រប់ ទាំង២៧លើ២៧ពិន្ទុ ដោយយកឈ្នះ នៅគ្រប់គូប្រកួតទាំងអស់ ដែលបានប៉ះជាមួយខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...