«កែ ឡេង មិនមែន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​បី​ជំនាន់ ដោយ​ចៃដន្យ​ឡើយ»

លើកពាននៅវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍នេះ បន្ទាប់ពីបំបាក់ក្រុមកីឡាការិនី ប៉េតង់ បារាំង ដែលជាម្ចាស់ផ្ទះរួច លោក អ៊ិន គិមស្រ៊ុន គ្រូបង្វឹក និងជាអ្នកដឹកនាំក្រុមកីឡា ប៉េងតង់កម្ពុជា បានថ្លែងសរសើរ ពីទេពកោសល្យរបស់អ្នកស្រី កែ ឡេង ដែលជាកីឡាការិនីមួយរូប ពីក្នុងចំណោមកីឡាការិនីបីនាក់ ដែលនាំឲ្យកម្ពុជា ទទួលបានជ័យជំនះ ជាច្រើនដងកន្លងមក។
«កែ ឡេង មិនមែន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​បី​ជំនាន់ ដោយ​ចៃដន្យ​ឡើយ»
លោក អ៊ិន គិមស្រ៊ុន (ខាងឆ្វេង) និងកីឡាការិនីទាំងបី (អ្នកស្រី កែ ឡេង នៅកណ្ដាលគេ) លើកពាន «Trophée L'Equipe»។ (រូបថត Yohan Brandt)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 18, 2018
  • ប្រធានបទ: កីឡាប៉េតង់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កែ ឡេង ពិតជាអស្ចារ្យណាស់ ហើយគាត់បានបង្ហាញថា គាត់មិនមែនជាជើងឯកពិភពលោក បីជំនាន់ ដោយចៃដន្យនោះឡើយ» នេះ ជាការថ្លែងឡើង របស់លោក អ៊ិន គិមស្រ៊ុន គ្រូបង្វឹក នឹងជាអ្នកដឹកនាំក្រុមកីឡាប៉េតង់កម្ពុជា បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានបំបាក់ក្រុមកីឡាការិនីបារាំង ដែលជាម្ចាស់ផ្ទះ ដើម្បីដណ្ដើមយកពានរង្វាន់ «L’Équipe» មកលើក ជាមួយនឹងមេដាយមាសផងនោះ។

ក្រុមកីឡាប៉េតង់កម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងការព្រឹត្តិការណ៍ប្រកួតប៉េតង់អន្តរជាតិមួយនេះ ដែលមានឈ្មោះ «Le Trophée L’Équipe» និងដែលរៀបចំឡើង ដោយសារព័ត៌មាន និងទូរទស្សន៍កីឡាបារាំង ឈ្មោះ «L’Équipe»។ ក្រុមកីឡាករជម្រើសជាតិកម្ពុជា ទាំងវិញ្ញាសារខាងបុរស ទាំងវិញ្ញាសារខាងស្ត្រី សុទ្ធតែបានឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត «Trophée L'Equipe» នេះ ដែលប្រព្រឹត្តិទៅ នៅក្រុង តួរ៍ (Tours) ភាគកណ្ដាលប្រទេសបារាំង ក្នុងយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។

កីឡាការិនីប៉េតង់ ជម្រើសជាតិកម្ពុជា ដែលរួមមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ត្រូវជួបជាមួយនឹងក្រុមបារាំង ដែលរួមមានកីឡាការិនី «Charlotte Darodes» - «Anna Maillard» និង «Angélique Colombet»។ ក្រុមកីឡាការិនីកម្ពុជា បានបំបាក់ក្រុមបារាំង ដោយពិន្ទុហៅមិនឮ៖ ១៣ ទល់នឹង ៣។

 

គ្រូបង្វឹក អ៊ិន គិមស្រ៊ុន បានថ្លែងឡើង បន្ទាប់ពីកីឡាការិនីរបស់លោក បានលើកពានរង្វាន់ថា៖ «យើងសប្បាយរីករាយណាស់ ដែលបានឈ្នះពានរង្វាន់ "Trophée L’Équipe"។ វាជាការប្រកួតមួយ ក្នុងចំណោមការប្រកួតធំៗទាំងឡាយ ព្រោះមានការចូលរួម ពីក្រុមជម្រើសជាតិធំៗ ដូចយ៉ាងប្រទេសបារាំង និងបណ្ដាប្រទេស មកពីទ្វីបអាហ្វ្រិកជាដើម។»។

ក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានជ័យលាភីលេខ១ គ្រប់វិញ្ញាសាទាំងបី៖ វិញ្ញាសាឯកត្តជន, វាយគូ ២នាក់ទល់នឹង ២នាក់ និងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់។ ជាការពិតហើយថា ជ័យជំនះខាងលើ កើតឡើងដោយសារស្នាដៃ របស់កីឡាការិនីទាំងអស់។ តែពិសេសជាងគេ គឺស្នាដៃឯក បោះប៊ូលយ៉ាងត្រង់ និងចំស៊ីប របស់កីឡាការិនី កែ ឡេង តែម្ដង។

ការកត់សម្គាល់ខាងលើ មិនមែនទើបនឹងកើតមាន ជាលើកទីមួយនោះឡើយ ព្រោះកីឡាការិនី អាយុ៥៣ឆ្នាំរូបនេះ បានឈ្នះជាជើងឯកពិភពលោក ចំនួន៣លើករួចមកហើយ៖ លើកទី១ ឆ្នំា២០១៣ នៅប្រទេសបារំាង លើកទី២ ឆ្នាំ២០១៥ នៅប្រទេសថៃ និងលើកទី៣ ឆ្នាំ​ ២០១៧ ​នៅប្រទេសចិន។

បើរាប់ពីពេលបង្កើត មកទល់នឹងមុនការប្រកួត «Trophée L'Equipe» នេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឈ្នះបានមេដាយសរុបទាំងអស់ បាន២៥១មេដាយហើយ ក្នុងនោះមេដាយមាសចំនួន ៧០ មេដាយប្រាក់ចំនួន ​៨១ និងមេដាយសំរិទ្ធចំនួន ១០០៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...