គោលនយោបាយដោះស្រាយបញ្ហាស្រ្តី និងកុមារ របស់គណបក្សទាំង៨
គណបក្សនយោបាយ ចំនួនប្រាំបី បានជួបជុំគ្នាពិភាក្សា និងបង្ហាញនូវគោលនយោបាយរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាស្រី្ត និងកុមារក្រោមការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅសណ្ឋាគារសានវេ (SUNWAY) ថ្ងៃទី០៣ខែកក្កដានេះ។
កិច្ចពិភាក្សា រវាងគណបក្សនយោបាយ ស្តីពីបញ្ហាស្ត្រី និងគណបក្សនយោបាយ។ (រូបថត MONOROOM.info/ U. Bory)
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាដោយសេរី និងយុត្តិធម៌ហៅកាត់ថា ខុមហ្រ្វែល បានពន្យល់ថា ការជួបជុំពិភាក្សានេះ មានសារៈសំខាន់ ពីព្រោះក្នុងពេលនេះ ជាយុទ្ធនាការបោះឆ្នោត។ លោកសង្កត់ធ្ងន់ថា៖ «យើងចង់ឲ្យគណបក្សនយោបាយ អ្នកនយោបាយ យល់ដឹង និងបញ្ហាញអំពីដំណោះស្រាយ ចំពោះបញ្ហាស្រ្តី និងកុមារ»។ ដើម្បីជាជំនួយទៅដល់ ខ្មែរម្ចាស់ឆ្នោត យើងសូមលើកយកមកជម្រាបជូនត្រួសៗ គោលនយោបាយសំខាន់ៗ មួយចំនួន ទាក់ទងនឹងការដោះស្រាយបញ្ហាស្ត្រី និងកុមារ នៅក្នុងសង្គមកម្ពុជាទៅអនាគត។
ចំពោះបញ្ហាស្រ្តី និងកុមារ លោក សេង សុខេង ជាប្រធាននៃគណបក្សសញ្ជាតិកម្ពុជា បានផ្តល់ដំណោះស្រាយ ដោយផ្តល់ឲ្យស្ត្រីទទួលបានការងារទាំងថ្នាក់លើជាតិ និងថ្នាក់ក្រោមជាតិ និងផ្តល់នូវការអប់រំដល់ស្រ្តី និងកុមារ។
ឆ្លើយតបទៅនឹងបញ្ហាទាំងនេះដែរ តំណាងមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោកស្រី ប្រាក់ ចន្ថា បានពន្យល់ថា បើគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត គណបក្សលោកស្រ្តី នឹងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារស្រ្តី និងកុមារ ឲ្យទទួលបានយុត្តិធម៌។
លោកស្រី សុខ រត្ន័សុវណ្ណបញ្ចៈសីលា ជាតំណាងរបស់ គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ មិនបានពន្យល់អំពីដំណោះស្រាយឲ្យចំនោះទេ ដោយគ្រាន់តែផ្តល់តម្លៃដល់ការអប់រំដល់ស្រ្តី និងកុមារ។
ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង តំណាងគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានពន្យល់ថា គណបក្ស លោកស្រ្តីមាន គោនយោបាយ យែនឌ័រ និងគាំពារកុមារ ជាពិសេស គឺពង្រឹងការអនុវត្តច្បាប់ ដែលពាក់ព័ន្ធដល់ស្រ្តី និងកុមារ។
ការអនុវត្តច្បាប់នៅកម្ពុជា ត្រូវបានមជ្ឍដ្ឋានទូទៅមើលឃើញថា មានភាពមិនប្រក្រតី ដោយហេតុថា ប្រជាពលរដ្ឋតែងតែលើកឡើងពី ភាពអយុត្តិធម៌ និងវប្បធម៌នៃការរួចទោស ខណៈពេលដែលគេអស់ជំនឿចិត្ត និងចោទប្រកាន់ ប្រព័ន្ធយុត្តិធម៌កម្ពុជា គ្នានភាពឯករាជ្យ និងបានប្រព្រឹត្តអំពោះពុករលួយយ៉ាងធ្ងន់ធ្ងរ។
សូមគួរបញ្ចាក់ថា គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច មិនបានបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមក្នុងកម្មវិធីនេះ នោះទេ។
លោក ក្រវ៉ាញ ដារ៉ន តំណាងគណបក្សខ្មែរឈប់ក្រ បានពន្យល់ថា បញ្ហាស្មុកស្មាញនៅក្នុងសង្គម ដូចជាបញ្ហាស្រ្តី និងកុមារ គឺបណ្តាលមកពីភាពក្រីក្រ និងការអនុវត្តច្បាប់មិនបានត្រឹមត្រូវ លោកសន្យាផ្តល់ឲ្យស្រ្តី និងកុមារនូវការអប់រំ ជាពិសេសនោះ លោកនឹងនាំមកកម្ពុជានូវ បច្ចេកវិទ្យា និងអ្នកបច្ចេកទេស ដើម្បីកាត់បន្ថយភាពក្រីក្រ។
សម្រាប់តំណាងមកពីគណបក្យសង្រ្គោះជាតិ កញ្ញា យ៉ម ផាណែត បានព្យល់ថា គណបក្សសង្រ្គោះបានប្ដេជ្ញាដោះស្រាយបញ្ហាស្រ្តី ដោយដាក់ចេញនូវគោលនយោបាយអត្ថិភាពប្រាំ(៧)ពីរចំណុច ក្នុងនោះរួមមាន៖ទី១ផ្តល់ការអប់រំដល់ស្រ្តី និងកុមារ និងមានការលើកទឹកចិត្តជាពិសេស ទី២ផ្តល់ឲ្យស្រ្តីទទួលបានការងារដូចជាបុរសក្នុងគ្រប់វិស័យ និងស្ថាប័នទី៣លើកទឹកចិត្តដល់សហគ្រិនជាស្ត្រី ទី៤ផ្តល់លទ្ធភាពឲ្យស្រ្តីអាចប្រឡូកចូលក្នុងឆាកនយោបាយ ទី៥ទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ ទី៦បង្កើតមតេយ្យសាលាដល់គ្រប់មូលដ្ឋានដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងកុមារ ទី៧ផ្តល់ការឧបត្ថមដល់ស្រ្តីចំនួនសែសិបប្រាំពីរ(៤៧)ម៉ឺនរៀល នៅពេលដែលគាត់ឆ្លងទន្លេ។
លោកស្រី ប៉ាង វណ្ណថោន តំណាងរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ មិនបានឲ្យតំលៃទៅលើការដោះស្រាយបញ្ហាស្រ្តី និងកុមារនោះទេ។ តំណាងរូបនេះបានពន្យល់ថា បញ្ហាសំខាន់គឺការបែងចែកអំណាចរដ្ឋ។ លោកស្រីសង្កត់ធ្ងន់ថា នៅពេលមានការបែងចែកអំណាចរដ្ឋបានល្អ មិនថាតែបញ្ហាស្រ្តី និងកុមារនោះទេ គ្រប់បញ្ហាទាំងអស់ និងអាចដោះស្រាយបានល្អ និងមានប្រសិទ្ធិភាព។
សូមរំលឹកថា ការជួបជុំតំណាងរបស់គណបក្សនយោបាយទាំងនេះ ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល លើប្រធានបទ វេទិកាពិភាក្សាថ្នាក់ជាតិស្តីអំពី វិធានការពិសេសដើម្បីដោះស្រាយបញ្ហាស្រ្តី និងកុមារនៅកម្ពុជា។ ចំពេល ដែលស្ត្រី និងកុមារនៅតំបន់បឹងកក់ បានកំពុងតែទទួលរងនូវការបង្រាបយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញារធរ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ