ស្រ្តី និង ការចូលរួមផ្នែកនយោបាយនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ការអភិវឌ្ឃន៍សង្គមគ្រួសារ ប្រកបដោយ«សុភមង្គល» បានអាស្រ័យ ដោយគ្រួសារមួយ ដែលមានបុរសជាស្វាមី និងស្រ្តីជាភរិយា រួមគ្នាដើម្បីអភិវឌ្ឃន៍គ្រួសារនោះប្រកមដោយចេរភាព។ យ៉ាងណាម៉ិញចំពោះសង្គមជាតិ ក៏ដូច្នេះដែរ ដាច់ខាតត្រូវមានការចូលរួមពីស្ត្រីទើបកិច្ចអភិវឌ្ឍន៍អាចដំណើរទៅដោយសន្តិភាព និងការរើកចំរើន។
ការចូលរួមស្តាប់ កិច្ចពិភាក្សា និងដោះស្រាយបញ្ហាស្ត្រី និងកុមារ នៅសណ្ឋាគារសាន់វ៉េ ថ្ងៃទី០៣ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)
នេះជាវេទិការមួយរបស់គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាន ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលចំនួនប្រាំមួយ។ វេទិការនេះរៀបចំឲ្យមានជំនួបរវាងគណបក្សនយោបាយទាំងប្រាំបី ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហាស្រ្តី និងកុមារ នៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣នេះនៅសណ្ឋាគារ សាន់វ៉េ ក្នុងគោលបំណងផ្តល់ឲ្យគណបក្សនយោបាយ ពិភាក្សាអំពីគោលនយោបាយរបស់ខ្លួន ទាក់ទងនឹងការដោះស្រាយបញ្ហាស្រ្តី និងកុមារក្នុងកិច្ចអភិវឌ្ឍន៍ និងសកម្មភាពសង្គម។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជាលោក គល់ បញ្ញា បានបញ្ជាក់ថា តាមការស្រាវជ្រាវ វត្តមានរបស់ស្រ្តី ចូលរួមក្នុងការដឹកនាំ និងការសម្រេចចិត្ត បានផ្តល់នូវភាពវិជ្ជមាន និងការអភិវឌ្ឃន៍មួយដ៏មានប្រសិទ្ធិភាព។ លោកបានស្នើរឡើងថា សូមឲ្យមានការចូលរួមច្រើនរបស់ស្ត្រីក្នុងរដ្ឋាភិបាល ឬសភាជាតិ។
លោកស្រី វេនី កុសូម៉ា នាយិកាប្រចាំប្រទេសនៃអង្គការយូរអ៊ិនវូម៉ិន (UN WOMEN) បានលើកឡើងថា ពលរដ្ឋទាំងអស់ជាម្ចាស់ឆ្នោត ស្រ្តីមានសិទ្ធគ្រប់គ្រាន់ក្នុងការចូលរួមទាំងនេះ។ លោកស្រ្តីរំពឹងថាគណបក្សដែលចូលរួមទាំងអស់ នឹងផ្តល់ការយកចិត្តទុកដាក់ដល់ស្រ្តី ដើម្បីសម្រេចបាននូវសមភាពយែនឌឺក្នុងឆ្នាំ២០១៥នេះ។ សូមផ្តល់ឲ្យដល់ស្រ្តីនូវសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច បំបាត់អំពើហិង្សាលើស្រ្តី និងកុមារ។ បើមានស្រ្តីច្រើនក្នុងឆាកនយោបាយ នោះមានការទាក់ទាញ មានការចាប់អារម្មណ៍។ ស្រ្តីគួរតែមានលំដាប់ឈ្មោះទីមួយ ក្នុងបញ្ជីគណបក្សនយោបាយ។
កញ្ញា ជា សម្ផស្ស និស្សិតផ្នែកច្បាប់មកពីសកលវិទ្យាល័យបញ្ញាសាស្រ្ត ក្រោយពីបានចូលរួមនៅក្នុងវេទិការនេះ កញ្ញាបានគាំទ្រចំពោះគោលនយោបាយរបស់គណបក្សទាំងប្រាំបី ដែលបានផ្តល់នូវតម្លៃនៃ«សម្លេងស្រ្តី»ក្នុងឆាកនយោបាយ។ កញ្ញាថា «ស្ត្រីគ្រប់រូបត្រូវតែចូលរួមឲ្យសកម្មក្នុងឆាកនយោបាយ ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថា តើគណបក្សនយោបាយនីមួយៗ ផ្តល់ឱកាសដល់ស្រ្តីកំរិតណា ដើម្បីអាចឲ្យស្រ្តីចូលរួម។ ឯស្រ្តីវិញ តើគាត់មានសមត្ថភាពគ្រប់គ្រាន់ ហើយបានត្រោមខ្លួនរួចរាល់ហើយឬនៅកក្នុងការប្រឈមមុខ ទៅនឹងនញ្ហានានា បើសិនជាគាត់ឈានជើងចូលទៅក្នុងឆាកនយោបាយ។»
កញ្ញារំពឹងថា គ្រប់គណបក្សទាំងអស់នឹងគោរពតាមគោលនយោបាយរបស់ខ្លួនក្រោយពេលជាប់ឆ្នោត ទៅលើស្រ្តី និងកុមារ។ កញ្ញាក៏បានលើកឡើងថា ស្រ្តីគួរតែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ ដែលស្ថិតក្នុងតួនាទីមួយទទួលខុសត្រូវខ្ពស់។ កញ្ញាក៏បានបង្ហាញនូវការសោកស្តាយចំណោះអវត្តមានរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ននេះ ដោយសារតែបញ្ហាផ្នត់គំនិតបុរាណ បញ្ហាគ្រួសារ បញ្ហាទំនៀមទំលាប់ បញ្ហាជីវភាព សន្តិសុខ និងសុវត្តិភាពសម្រាប់ស្រ្តី និងកុមារ(កុមារី)។
ទោះបីជាយ៉ាងណា ក៏គេសង្កេតឃើញថាគណបក្សទាំងប្រាំបីដែលនឹងចូលរួមការបោះឆ្នោតក្នុងអាណត្តិទីប្រាំនេះ មានពីរគណបក្ស គឺហ្វុនស៊ីនប៉ិចដែលមានអ្នកអង្គម្ចាស់អរុណរស្មី និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលមានលោកស្រី សុខ រត័្នសុវណ្ណបញ្ចៈសីលា ជាប្រធាន។ លោកស្រីសុខ រត័្នសុវណ្ណបញ្ចៈសីលា ធ្លាប់បានបញ្ជាក់ប្រាប់មនោរម្យព័ងអាំងហ្វូ ថ្វីត្បិតគណបក្សលោកស្រីទើបតែបង្កើតថ្មី តែលោកស្រ្តីបានផ្តល់តំលៃលើស្រ្តីច្រើន ដើម្បីបានចូលរួមក្នុងការអភិវឌ្ឃន៍ប្រទេសជាតិ ដូច្នេះក្នុងគណបក្សលោកស្រីភាគច្រើនថ្នាក់ដឹកនាំជាស្ត្រី។
លោកស្រី វេនី កុសូម៉ា បានបញ្ជាក់ថា មកទល់នឹងពេលនេះមានប្រទេសតែហាសិបប៉ុណ្ណោះ ដែលបានអនុម័ត្រច្បាប់ដើម្បីដាក់បញ្ជូលការចូលរួមរបស់ស្រ្តី ក្នុងឆាកនយោបាយ។ សម្រាប់កម្ពុជាវិញ វត្តមានស្រ្តីក្នុងនយោបាយ ហាក់បីដូចជាមិនមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឬមិនមានការគំទ្រពីបុរសជាឪពុក បងប្អូន ជាពិសេសពីស្វាមីតែម្តង ដោយគាត់នៅមានឥទ្ធិពលនៃវប្បធម៌ ទំនៀមទំលាប់ ក្បួនច្បាប់ដែលចាត់ទុកថា «ជាស្ត្រីគ្រប់ល័ក្ខណ៍ និងស្រ្តីជាផ្ទាំងក្រណាត់សមួយដែលងាយនឹងប្រឡាក់»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតអាណត្តិទីប្រាំនេះ ក្នុងបញ្ជីឈ្មោះគណបក្សនយោបាយដែលបានដាក់តំកល់នៅ គ.ជ.ប មានការបញ្ជូលបេក្ខភាពជាស្រ្តី និងយុវជនច្រើនជាងអាណត្តិមុនៗ។ តែទោះជាយ៉ងនេះក្តី តាមរបាយការណ៍របស់គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាយ បានបង្ហាញថា ក្នុងចំណោមគណបក្សទាំងប្រាំបី បេក្ខជនជាស្រ្តីពេញសិទ្ធិសរុបមានត្រឹមតែ១៦៨នាក់ ដែលស្មើនឹង១៩ភាគរយ ក្នុងចំណោមបេក្ខជនពេញសិទ្ធិសរុប៨៨៦នាក់។
ទោះជាយ៉ាងនេះក្តី ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់កម្ពុជា មិនត្រឹមតែមិនហាមឃាត់ស្ត្រីចូលរួមក្នុងការធ្វើនយោបាយនោះទេ ថែមទាំងបានគាំទ្រឲ្យមានការចូលរួមរបស់ស្រ្តីទៀតផង។ ជាក់ស្តែងតាមរដ្ឋធម្មនុញ្ញ មាត្រា៣៤-៣៥ និងមាត្រា៤៥ បានបញ្ជាក់ពីសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ សម្រាប់ពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ភេទ ព្រមទាំងហាមប្រាមដាច់ខាត រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ៕
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ