បាល់ទាត់អង់គ្លេស៖ ស្វារែសចង់ចាកចេញ តែលីវើភូលមិនលក់គាត់ទេ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់លីវើភូល (Liverpool) បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ល្វីស ស្វារែស (Luis Suarez) មិនមែនសម្រាប់លក់នោះទេ។ អនាគតរបស់កីឡាករវ័យ២៦ឆ្នាំ បានក្លាយជាប្រធានបទដ៏ក្តៅកគុកមួយ នៅសប្តាហ៏នេះ បន្ទាប់ពីគាត់និយាយថា «ពេលនេះ ជាពេលល្អ ដែលត្រូវចាកចេញ»។
ល្វីស ស្វារែស ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល។
អ្នកនាំពាក្យក្រុមបាល់ទាត់លីវើភូល បាននិយាយថា «ល្វីស ស្វារែស មិនមែនសម្រាប់លក់ទេ។ ក្លឹបនឹងគាំទ្រល្វីស ហើយសង្ឃឹមថាគាត់នឹងគោរព តាមកិច្ចសន្យារបស់គាត់។ ក្លឹបសូមមិនធ្វើការបកស្រាយអ្វីច្រើនទេ ចំពោះរឿងនេះ។»
ស្វារែស ជាកីឡាករដ៏ជោគជ័យបំផុត ចាប់តាំងពីមកចូលរួមជាមួយក្រុមលីវើភូល កាលពីខែមករា ឆ្នាំ២០១១។ គាត់ទាត់បញ្ចូលទីបាន ៣០គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងរដូវកាលនេះ ហើយក៏ជាកីឡាករសំខាន់១រូប របស់ក្រុមហង្សក្រហមដែរ។
កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយ បាននិយាយកាលពីថ្ងៃពុធថា «វាពិតជាពិបាកខ្លាំងណាស់ ដែលត្រូវនិយាយថាទេ ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (ក្រុមដែលទាក់ទងចង់ទិញគាត់)»។
ហើយនៅថ្ងៃព្រហស្បតិ៏ គាត់បានបន្ថែមថា «វាជារឿងល្អមួយ ដែលត្រូវផ្លាស់ប្តូរបរិយាកាស ព្រោះរឿងគ្រប់យ៉ាង អាចនឹងប្រសើរជាងនេះ។»
ស្វារែស ដែលលីវើភូលទិញមកពីក្រុមអាស្ស៊ាក (Ajax) ក្នុងតម្លៃប្រមាណ ៣៤.៦១លានដុល្លា បានថ្លែងប្រាប់ក្នុងសន្និសិទសារពត៌មាន ក្នុងប្រទេសអ៊ុយរ៉ាហ្គាយដែលជាប្រទេសដើមកំណើតរបស់គាត់ថា «បើខ្ញុំគិតតែពីរឿងលុយ ខ្ញុំប្រហែលជា ទៅកាន់ប្រទេសផ្សេងបាត់ទៅហើយ។»
ចំពោះរឿងកាសែតអង់គ្លេស ដែលបានចេញផ្សាយរិះគន់ខ្លាំងៗដល់គាត់នោះ គាត់បាននិយាយថា «ខ្ញុំ គ្រួសារខ្ញុំ គ្រូបង្វឹក អ្នកគាំទ្រ និងមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ មានការឈឺចាប់ច្រើនណាស់ហើយ ចំពោះរឿងទាំងនេះ។»
គាត់បន្ថែមថា «ខ្ញុំត្រូវបានគេវិនិច្ឆ័យ និងគិតខុស ហើយខ្ញុំមិនសប្បាយចិត្តនោះទេ។ ខ្ញុំគិតថា ថ្ងៃណាមួយ ពួកគេនឹងយល់ នៅពេលដែលខ្ញុំចាកចេញពីក្រុមលីវើភូល។»
ខ្សែប្រយុទ្ធ ដែលក្រុមលីវើភូលផ្តល់កិត្តិយសឲ្យពាក់អាវដ៏ល្បីល្បាញរបស់ក្រុម (លេខ៧) ស្វារែស បានអវត្តមាន៤ប្រកួតចុងក្រោយ ក្នុងរដូវកាលនេះ បន្ទាប់ពីទទួលរងពិន័យពីសហព័ន្ធបាល់ទាត់អង់គ្លេស ពីបទប្រើប្រាស់អំពើហិង្សា (ខាំកីឡាករគូរប្រកួត) នៅលើទីលានប្រកួត។ ហើយគាត់នឹងត្រូវអវត្តមានចំនួន៦ប្រកួតទៀត នៅរដូវកាលថ្មី ២០១៣-២០១៤៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ