វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាងដាក់លក្ខខ័ណ្ឌ ចូលតុចរចាជាមួយសេអ៊ូលនិងវ៉ាស៊ីនតោន
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កូរ៉េខាងជើងបានបញ្ចូននូវលក្ខខ័ណ្ឌមួយចំនួន មុននឹងខ្លួនចូលទៅជជែកជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលក្នុងនោះមានការដកចេញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងបញ្ឈប់លែងឲ្យមាន កិច្ចសហប្រតិបត្តិការយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ទាហានកូរ៉េខាងជើង កំពុងហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ។
«ប្រសិនជាខ្មាំងសត្រូវ ដែលមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិតជាចង់ឲ្យមាន នូវកិច្ចពិភាក្សានិងការចរចារមែននោះ ពួកគេត្រូវចាត់ចែងទទួលយកនូវវិធានការនេះ» នេះជាការប្រកាសជាសាធារណៈ របស់គណកម្មាធិការការពារជាតិកូរ៉េខាងជើង។
លក្ខខ័ណ្ឌទាំងនេះ ទំនងជានឹងត្រូវទាត់ចោលដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលទាមទារអោយកូរ៉េខាងជើង ធ្វើកាយវិការមួយ ដែលឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរជាមុនសិន។
តាំងពីការសាកល្បងនុយក្លេអ៊ែរលើកទីបី នៅថ្ងែទី១២កុម្ភះ របស់កូរ៉េខាងជើងនោះមក ទណ្ឌកម្មរបស់អ.ស.ប. ត្រូវបានអនុម័ត្រចេញជាបន្តបន្ទាប់ ដាក់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយក៏បានធ្វើអោយសភាពតានតឹង នៅក្នុងឧបទ្វីបកូរ៉េ មានកម្រិតកាន់តែខ្លាំងឡើងដែរ។
លក្ខខ័ណ្ឌដើម្បីដើរចូលតុចរចា ជាប្រធានបទដ៏ក្ដៅគគុក នៅបន្ទាប់ពីកង្វល់អស់ជាច្រើនថ្ងៃ របស់សហគមន៍អន្តរជាតិ ពីការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ជាពិសេសនៅថ្ងៃទី១៥ខែមេសា ដែលជាថ្ងៃខួបកំណើតរបស់ស្ថាបនិកនៃរបបនេះ និងជាជីតារបស់មេដឹកនាំវ័យក្មេងសព្វថ្ងៃ។
កងទ័ពកូរ៉េខាងជើង ក៏ទើបតែនឹងដាក់ឱសានវាទមួយ អោយទៅកូរ៉េខាងត្បូងដែរ ដោយបានបញ្ជាក់ថា «បើប្រទេសកូរ៉េខាងត្បូង ចង់បានអោយមានការជជែកគ្នាមែន ប្រទេសនេះត្រូវសម្ដែងការសុំទោស ពីរាល់សកម្មភាពអមិត្តប្រឆាំងកូរ៉េខាងជើង»។
ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោកស្រីប៉ាក ជនហេ (Park Geun-Hye) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) បានបញ្ជាក់ច្បាស់ៗ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក នៅអាស៊ីកាលពីអាទិត្យមុនថា ការចូលតុចរចារណាមួយ អាចធ្វើទៅកើត លុះត្រាតែកូរ៉េខាងជើង«ផ្លាស់ប្ដូរ»ឥរិយាបថ និងគោរពកតព្វកិច្ចអន្តរជាតិរបស់ខ្លួន ជាពិសេសទាក់ទងនឹងគម្រោងការនុយក្លេអ៊ែរ ជាមុនសិន៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ