អាមេរិក៖ ផ្ទុះរោងចក្រផលិតចំណីសត្វនៅតិចសាស ស្លាប់៦០ទៅ៧០នាក់
មនុស្សច្រើនជាងមួយរយនាក់ បានរងរបួស នៅក្នុងការផ្ទុះដ៏ធំមួយ កាលពីយប់ថ្ងៃពុធប្រមាណជាម៉ោង០៨យប់ នៅក្នុងរោងចក្រផលិតចំណីអាហារសត្វមួយ នៅវ៉េស្ត៍ (West) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas)។ ព្រឹត្តិការណ៍នេះបានកើតឡើងទៀត តែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភេវរកម្មនៅទីក្រុងប៊ូស្តុន ដែលបានធ្វើអោយមនុស្សបីនាក់ស្លាប់ និងជាង១៧០នាក់របួស។
ការផ្ទុះ ដែលបង្កអោយមានជាអគ្គិភ័យ យ៉ាងខ្លាំង។
ការផ្ទុះដ៏ធំនេះ បានបំផ្លាញអាគារជាច្រើន ក្នុងនោះមានមជ្ឈមណ្ឌលថែរក្សាសុខភាពមួយ អាគារសាលារៀន និងលំនៅដ្ឋានជាច្រើនផ្សេងទៀត។ នេះបើតាមការប្រកាសអោយដឹង របស់អាជ្ញាធរប្រចាំតំបន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សស្លាប់ជាច្រើន។ តួលេខដំបូងដែលបានអោយដឹង មានមនុស្សស្លាប់ពី៦០ទៅ៧០នាក់ តែតួលេខនេះនៅ«មិនទាន់អាចបញ្ជាក់» បានអោយច្បាស់នៅឡើយ។
អ្នកនាំពាក្យនៃក្រុមលត់អគ្គិភ័យ លោក ដុន យ៉ាជ័រ (Don Yeager) បានថ្លែងថា ការផ្ទុះនេះមានកម្លាំងខ្លាំងអស្ចារ្យ ហើយមិនដឹងមកពីមូលហេតុអ្វីអោយច្បាស់នៅឡើយ តែទំនងអាចបណ្ដាលមកពីជាតិអាម៉ូនីញ៉ាក (ammoniac)។ លោកថា មានអ្នកលត់អគ្គិភ័យជាច្រើននាក់ បានរងរបួស ហើយត្រូវជម្លៀសទៅកាន់មន្ទីពេទ្យ។
សាក្សីនៅនឹងកន្លែង ដែលជាអ្នកទទួលភ្ញៀវនៅក្នុងសណ្ឋាគារមួយក្បែរនោះ បានអះអាងថា «មុនដំបូងមានអគ្គិភ័យតែបន្តិចបន្តួចទេ ហើយទឹកបានហូរចូល លាយជាមួយនឹងជាតិអាម៉ូនីញ៉ាក មុននឹងការផ្ទុះដ៏ខ្លាំងនេះបានកើតឡើង»។ ស្រង់សម្ដីដោយ ទូរទស្សន៍ដាលាស ម៉នីង (Dallas Morning) សាក្សីដដែលបាននិយាយថា «ខ្ញុំនៅប្រមាណជា ៣០០ម៉ែត្រពីទីនោះ តែកញ្ចក់ទ្វា និងបង្អួចរបស់ខ្ញុំបានរញ្ជួញយ៉ាងខ្លាំង»។
អភិបាលរដ្ឋតិចសាស លោករីក ភើរី (Rick Perry) បានប្រកាសប្រាប់អ្នកកាសែតថា បានដាក់ពង្រាយនូវគ្រប់មធ្យោបាយ ដើម្បីជួយដល់អាជ្ញាធរប្រចាំតំបន់ ក្នុងការប្រឈមនឹងហេតុការណ៍នេះ៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ