អ៊ីណែស្តា៖ ណីម៉ា គ្មានបញ្ហាទេ ទោះភ័យខ្លាចជម្ងឺឈាមសស៊ីឈាមក្រហមក៏ដោយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) មានសុខភាពល្អធម្មតាទេ ហើយគាត់កំពុងតែហ្វឹកហាត់ជាមួយក្រុម ទោះបីជាមានសេចក្តីរាយការណ៏ខ្លះថា គាត់មានសភាពស្លេកស្លាំង ដោយសារមានជម្ងឺឈាមសស៊ីឈាមក្រហមក៏ដោយ។ នេះជាសម្តីរបស់ខ្សែបម្រើឆ្នើមបាសេឡូណា អេនដ្រេស អ៊ីណែស្តា (Andres Iniesta) បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងទីក្រុងបាងកក។
កីឡាករ ណីម៉ា ជាមួយនឹងទង់របស់ក្រុមបាល់ទាត់ បាសឺឡូណា។ (រូបថត wall-height.com)
កីឡាករចំណូលថ្មី របស់ក្រុមបាសា ត្រូវបានគេរាយការណ៏ថា ក្រុមគ្រូពេទ្យប្រចាំក្លិប កំពុងតែយកចិត្តទុកដាក់ខ្លាំង ទៅលើរបបអាហាររបស់គាត់ ក្នុងករណីដែលគាត់មានសភាពស្លេកស្លាំងខុសពីធម្មតា ដែលបណ្តាលមកពីមានជម្ងឺឈាមស៊ីឈាម បន្ទាប់ពីបង្ហាញខ្លួនលេងឲ្យក្លិបជាលើកដំបូងរួចមក។ កាសែតអេស្ប៉ាញ អេល ប៉ែស (El Pais) បានរាយការណ៏។
ប៉ុន្តែទោះជាយ៉ាងណា ខ្សែបម្រើ អ៊ីណែស្តា បានចេញមកបង្ហើបប្រាប់ដល់អ្នកគាំទ្ររបស់ក្លិបទាំងអស់ថា តារាឆ្នើមរបស់ពួកគេ ដែលក្លិបទើបតែទិញចូលនៅក្នុងរដូវក្តៅនេះ នឹងត្រៀមខ្លួនរួចរាល់សម្រាប់ ការប្រកួតចាប់ផ្តើមរដូវកាលថ្មីខាងមុខ។
អ៊ីណែស្តា បាននិយាយនៅក្នុងទីក្រុងបាងកក ខណៈដែលក្រុមបាសេឡូណា ធ្វើដំណើរមកប្រកួតជាមួយក្រុមថៃថា៖ «ការពិនិត្យធ្វើតេស្តឈាម គ្មានបញ្ហាអ្វីនោះទេ គាត់អាចហ្វឹកហាត់បានធម្មតា ហើយខ្ញុំមើលទៅដូចជាគ្មានបញ្ហាអ្វីទាំងអស់។»
កីឡាករអន្តរជាតិប្រេស៊ីល ណីម៉ា បានផ្ទេរមកចូលរួមជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញ កាលពីខែមិថុនា ក្នុងតម្លៃ៥៧លានអ៊ឺរ៉ូ (៧៥.៧លានដុល្លា, ៤៩.៥លានផោន) ហើយគាត់បានបង្ហាញខ្លួន លេងឲ្យក្លិបជាលើកដំបូង កាលពីសប្តាហ៏មុន ខណៈដែល ក្រុមបាសេឡូណា ធ្វើបានត្រឹម ២-២ ស្មើជាមួយក្រុម ឡេជៀ ជីដាសាំង (Lechia Gdasnk) ក្នុងការប្រកួតមិត្តភាព នៅប្រទេសប៉ូឡូញ។
អ៊ីណែស្តា បានបន្ថែមថា៖ «គាត់អាចនឹងត្រូវការពេលវេលា ដើម្បីលេងឲ្យត្រូវជាមួយនឹងមិត្តរួមក្រុមថ្មី។ ខ្ញុំគិតថា ណីម៉ា ហាក់ដូចជាមានភាពជិតស្និទខ្លាំងណាស់ជាមួយនឹង ដានី អាល់វែស (Dani Alves ៖ ខ្សែការពារបាសេឡូណាសញ្ជាតិប្រេស៊ីល)។ គាត់ជាកីឡាករ ដែលមានភាពប៉ិនប្រសព្វ ហើយគាត់អាចលេងជាមួយនឹងកីឡាករទាំងអស់បានយ៉ាងល្អ។ វាគួរតែគ្មានបញ្ហាចោទនោះទេ។»
គួរបញ្ជាក់ថា ណីម៉ា ក៏បានធ្វើដំណើរមកកាន់ប្រទេសថៃដែរ កាលពីថ្ងៃច័ន្ទ ហើយតារាឆ្នើមៗជាច្រើនរូប ក៏បានធ្វើដំណើរមកដូចគ្នា។ ក្រុមអ្នកមានបុណ្យ បាសេឡូណា នឹងត្រូវប្រកួតមិត្តភាព ជាមួយនឹងក្រុមជម្រើសជាតិថៃ នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាម៉ាំងហ្គាឡា (Rajamangala) នាយប់ថ្ងៃពុធ (ប្រទេសថៃ) ហើយណីម៉ា ក៏នឹងបង្ហាញខ្លួនផងដែរ នៅក្នុងរាត្រីនោះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ