ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) នឹងត្រូវជួបជាមួយក្រុមចាស់របស់គាត់ បាសេឡូណា (Barcelona) ក្នុងការប្រកួតឆែមពានលីក (Champions League) វគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុម ប៉ារីស ហ្សិន ជឺ ម៉ិន (Paris Saint-Germain) ចាប់គូរប៉ះចំក្រុមអ្នកមានបុណ្យ កាលពីយប់ថ្ងៃទី១៥។
កីឡាករ លីយ៉ូនែល មេស៊ី របស់បាសឺឡូន និង ស្លាតាន អ៊ីប្រាហ៊ីម៉ូវីករបស់ប៉ារីស។
អ៊ីប្រាហ៊ីម៉ូវីក ដែលជាប់បំរាម មិនអាចចូលលេងក្នុងជើងទី១ ឲ្យក្រុមប៉ារីសរូបនេះ បានចាកចេញពីក្រុមបាសេឡូណា ហើយបាននៅក្នុងទឹកដី ខេមនូ (Camp Nou) ត្រឹមតែរយះពេលមួយរដូវកាលតែប៉ុណ្ណោះ។ មកទល់ពេលនេះ មានរយះ-ពេល ២ឆ្នាំហើយ ដែលគាត់បានចាកចេញ ហើយគាត់នឹងចូលលេងក្នុងការប្រកួតជើងទី២។
កីឡាករអន្តរជាតិស៊ុយអែតរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២៨គ្រាប់ ក្នុងរដូវកាលលើកដំបូងរបស់គាត់ នៅកីឡាករដ្ឋាន ផាកដេស ព្រីនសេស (Parc des Princes) ហើយគាត់នឹងត្រូវជួបជាមួយ តារាឆ្នើមរបស់ក្រុមបាសេឡូណា លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលកីឡាកររូបនេះ ទើបតែទម្លាក់ក្រុមចាស់របស់អ៊ីប្រាហ៊ីម៉ូវីក អេស៊ី មីឡាន (AC Milan) ឲ្យធ្លាក់ចេញពីការប្រកួតកាលពីវគ្គមុន។
ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ដែលបានយកឈ្នះក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បន្ទាប់ពីឈ្នះដោយសារគ្រាប់បាល់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នោះ នឹងត្រូវជួបជាមួយក្រុម កាឡាតាសារ៉ាយ (Galatasaray) ដែលក្រុមមួយនេះ មានអតីតវីរបុរសរបស់ក្រុម ឆែលស៊ី (Chelsea) កីឡាករ ឌីឌីយ៉េ ដ្រក់បា (Didier Drogba) ដែលកំពុងតែលេងបានយ៉ាងល្អនៅទីនោះ។
ដ្រក់បា កំពុងតែចង់លើកពានរង្វាន់ឆែមពានលីកនេះ ជាលើកទី២ ក្នុង២រដូវកាលរបស់ខ្លួន។ កីឡាកររូបនេះ បានរកគ្រាប់បាល់ប៉េណាល់ទី ឲ្យក្រុមឆែលស៊ី យកឈ្នះក្រុម បាយឺន ម៉ូនិជ (Bayern Munich) ក្នុងកីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena) កាលពីឆ្នាំមុន។
ក្រុមបាយឺន ដែលបានយកឈ្នះក្រុមកាំភ្លើងធំ អាសិណល (Arsenal) យ៉ាងត្រដាបត្រដួសដែរនោះ នឹងត្រូវជួបជាមួយនឹងក្រុមដែលកំពុងតែនាំមុខគេ នៅអ៊ីតាលីស៊េរីអេ (Serie A) ជូវីនទូស (Juventus) ដែលបានទម្លាក់ក្រុមម្ចាស់ជើងឯកនៅ ប្រទេសស្កតឡេន ស្សែលទិក (Celtic) ក្នុងវគ្គ ១៦ក្រុមកន្លងមក។
ក្រុម២ទៀត ដែលគួរឲ្យចាប់អារម្មណ៏ដែរនោះ ក្រុមអ្នកមានថ្មីរបស់អេស្ប៉ាញ ម៉ាឡាកា (Malaga) នឹងត្រូវជួបជាមួយក្រុម ម្ចាស់ជើងឯកនៃប្រទេសអាឡឺម៉ង បូរ៉ាស្ស៊ែ ដតម័ន (Borussia Dortmund) ដែលជើងទី១ នឹងត្រូវធ្វើការប្រកួតនៅកីឡា-ដ្ឋាន ឡា រ៉ូសារ៉េដា (La Rosaleda) នៃប្រទេសអេស្ប៉ាញ។
ការប្រកួតឆែមពានលីក វគ្គ១ភាគ៨ផ្តាច់ព្រ័ត្រមានដូចជា៖
• ម៉ាឡាកា (Malaga) ប្រកួតជាមួយ បូរ៉ាស្ស៊ែ ដតម័ន (Borussia Dortmund)
• រៀលម៉ាឌ្រីដ (Real Madrid) ប្រកួតជាមួយ កាឡាតាសារ៉ាយ (Galatasaray)
• ប៉ារីស ហ្សិន ជឺ ម៉ិន (Paris Saint-Germain) ប្រកួតជាមួយ បាសេឡូណា (Barcelona)
• បាយឺន ម៉ូនិជ (Bayern Munich) ប្រកួតជាមួយ ជូវីនទូស (Juventus)
ការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី២ ឬទី៣ ខែមេសា ហើយជើងទី២ នៅថ្ងៃទី៩ ឬទី១០ ខែមេសា ខាងមុខ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ