ពី​កម្ពុជា មហាសេដ្ឋី​រ៉ូស្សី​ម្នាក់ ​«ប្រកាស​អាសន្ន»​ រក​ជំនួយ

បន្ទាប់ពីបានជាប់ឃុំ នៅក្នុងពន្ធនាគារក្រុងព្រះសីហនុ តាំងពីក្រោយបុណ្យ ចូលឆ្នាំសកលនោះមក អ្នក​ជំនួញ​ជនជាតិ​រ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី (Sergueï Polonski) បានស្រែកសុំជំនួយពី រដ្ឋាភិបាលរូស្សីនៅថ្ងៃនេះ។ សូម​តាម​ដាន​ហេតុការណ៍ របស់បុរស​កំពូល​អ្នក​មាន ជនជាតិរ៉ូស្សីម្នាក់នេះ នៅខាងក្រោមដូចតទៅ។
ពី​កម្ពុជា មហាសេដ្ឋី​រ៉ូស្សី​ម្នាក់ ​«ប្រកាស​អាសន្ន»​ រក​ជំនួយ
លោក ស៊ែរហ្គៃ ប៉ូឡូស្គី មហាសេដ្ឋីរ៉ូស្សី។
Loading...
  • ដោយ: កេសរ កូល - ភ្នំពេញ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: March 17, 2013
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីប៉ុន្មានខែមុនហេតុការណ៍កើតឡើង បុរសអ្នកជំនួញដែលមានលុយយ៉ាងសន្ធឹកសន្ធាប់ និង​ចូលចិត្ត​លេង​ខ្លួន បែប​ផ្លេប៊យ (play-boy) ផងនេះ ធ្លាប់បានគេស្គាល់លោកយ៉ាងច្រើន ជាពិសេស បន្ទាប់​ពី​លោក បាន​ទទួលមួយដៃ​ចំ​កណ្ដាល​មុខ នៅលើកញ្ចក់ទូរទស្សន៍មួយ ក្នុងប្រទេសដើមកំណើតរបស់ខ្លួន។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយពេលចូលឆ្នាំថ្មី ឆ្នាំសកល​នេះ លោកត្រូវបានអាជ្ញាធរខ្មែរ ចាប់ដាក់ឃុំ នៅក្រោយ​ពី​ហេតុ​ការណ៍​សប្បាយ​«ជ្រុល»មួយ បានកើតឡើង។

សូមអានអត្ថបទមុនរបស់មនោរម្យ.អាំងហ្វូ ដែលបានផ្សាយពីការឃាត់ខ្លួន របស់លោក ស៊ែរហ្គៃ ប៉ូឡូស្គី កាលពីខែ​មករាកន្លងមក។

ពីក្នុងពន្ធនាគារ ដែលក្ដៅដូចឡនេះហើយ ដែលបុរសសក់ពណ៌មាស ជំនាញខាងអចលនវត្ថុ និងមាន​ឈ្មោះ​ល្បី ខាង​ស្ថាបត្យកម្មដ៏កំពូលៗផងនោះ បានធ្វើសេចក្ដីអំពាវនាវ បែប«ប្រកាសអាសន្ន»មួយ ទៅ​រដ្ឋាភិបាល​រ៉ូស្សី ដោយបាន​ចោទ​របប«ការិយាធិបតេយ្យ» នៃប្រទេសរបស់លោក ថាមិនបាន«ធ្វើអ្វីទាល់តែសោះ» ដើម្បី​រំដោះ​ជន​រួមជាតិ​ម្នាក់ អោយ​មាន​សេរីភាព។ លោកបានតម្អូញ ដោយលើកយកតួលេខ​បង់ពន្ធ​មក​បញ្ជាក់​ថា លោកបានបង់ពន្ធ​ចូលរដ្ឋរូស្សី បើគិត​មកដល់​ថ្ងៃនេះ ប្រមាណជា ១,៥ពាន់លានដុល្លា រួចមក​ហើយ។

«ដោយហេតុដូច្នេះ ខ្ញុំរងចាំយ៉ាងអន្ទះសារ នូវសេវាដ៏ខ្ពង់ខ្ពស់មួយ សម្រាប់ជួយគាំពារ នូវសេរីភាព សុខភាព សុវត្ថិភាព និងការបណ្ដាក់ទុន របស់ខ្ញុំ» លោក ស៊ែរហ្គៃ ប៉ូឡូស្គី បានសរសេរយ៉ាងដូច្នេះ នៅក្នុង​កំណត់​ហេតុ​ប្រចាំថ្ងៃរបស់លោក។ អត្ថបទសរសេរដោយដៃផ្ទាល់នេះ ត្រូវបានចុះក្នុងគេហទំព័រផ្ទាល់ខ្លួនលោក ហើយ​មាន​​អត្ថន័យ ចង់សំដៅដោយផ្ទាល់ ទៅលោក ស៊ែរហ្គៃ ឡារ៉ូវ (Sergueï Lavrov) ប្រមុខការទូតរ៉ូស្សី។ ជា​ពិសេស​ជាង​នេះ​ទៅទៀត នៅពីក្រោមអត្ថបទ គេ​ឃើញមាន ហត្ថលេខាចុះ​ដោយ​ស្នាមមេដៃ ប្រលាក់​ដាម​ដោយ​«ឈាម»​នោះថែមទៀត។

បោះអ្នកធ្វើការលើកាណូត ៦នាក់ ទៅក្នុងសមុទ្រ

រឿងហេតុការណ៍នេះ អាចនឹងធ្វើអោយទប់សំណើច មិនសើចមិនបាន។

ក្នុងឱកាសចូលឆ្នាំសកលកន្លងមកនេះ លោក ស៊ែរហ្គៃ ប៉ូឡូស្គី និងមិត្តភ័ក្រលោក បីនាក់ទៀត បានជួល​កាណូត​មួយ ពី​ស្ថានីយ៍ទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីចេញទៅលេងក្នុងសមុទ្រខ្មែរ។ ដោយមាន​ជំនួយ​ពី​គ្រឿង​ស្រវឹងផង ពួកលោក​បានបាញ់កាំជ្រួចលេងកំសាន្ដ ពីទូកកាណូតនោះ ហើយបានឃុំឃាំង ក្រុមអ្នក​ធ្វើការ​នៅលើនោះ នៅក្នុងបន្ទប់មួយ​បិត​ជិត មុន​នឹង​​បោះ​អ្នកទាំង៦នាក់នេះ ក្នុងពេលបន្ទាប់មក ចេញពីលើ​កាណូត ទៅក្នុងទឹកសមុទ្រ។

ក្រោយពីលោកត្រូវបានចាប់ខ្លួន ការចរចារសម្រុះសម្រួលមួយ ត្រូវបានព្រមព្រៀងគ្នា ដោយលោកបាន​សុខ​ចិត្ត​​សងជម្ងឺ​ចិត្ត ទៅអោយ​ជន​រង​គ្រោះ ជាប្រាក់សុទ្ធ ក្នុងម្នាក់ៗ១០០០ដុល្លា។ សម្រាប់មិត្តភ័ក្រ​របស់​លោក សំណងនេះ អាចធ្វើអោយ​ពួកគាត់រួចខ្លួន តែសម្រាប់ខ្លួនលោក សុបិន្ត​អាក្រក់ នៅតែតាមលងរហូត មក​ដល់​សព្វថ្ងៃនេះ។ ហើយសំនុំរឿង មិនមែន​មាន​នៅតែកម្ពុជាទេ តែទាក់ទង​យ៉ាង​ជ្រៅផង ពីទីក្រុងម៉ូស្គូ​ប្រទេស​រ៉ូស្សី​ឯណោះ។ លោក ស៊ែរហ្គៃ ប៉ូឡូស្គី បានចោទ​អ្នក​ចូលហ៊ុន រកទទួលទានជាមួយលោក ថាបាន​ប្រាប់​ទៅ​អាជ្ញាធរខ្មែរ អោយបង្ខាំងខ្លួនលោក​ក្នុងពន្ធនាគារកម្ពុជា ដោយ​ហេតុ​មានគោលបំណង​ចង់ឆ្លៀតឱកាស ពី​អវត្តមាន​​របស់​​លោក ដើម្បីយកក្រុមហ៊ុនមកកាន់កាប់។

តម្រូវការគ្រូពេទ្យម្នាក់

មូលហេតុនៃការឃុំខ្លួន ប្រហែលជារឿងមួយ មានភាពមិនច្បាស់លាស់។ តែភាពស្ងាត់ស្ងៀម​នៃ​អាជ្ញាធរ​ប្រទេស​រ៉ូស្សី ចំពោះ​សំនុំរឿងនេះ ត្រូវបានគេចោទជាសំនួរឡើង ព្រោះទំនងជាខុសប្លែកឆ្ងាយ ពីសំនុំរឿង​របស់ វិចទ័រ ប៊ូរ (Viktor Bout) ជនរត់ពន្ធអាវុធ​ដ៏ល្បីឈ្មោះ ដែលក្នុងអំឡុងពេល​ជាប់ឃុំ​នៅ​សហរដ្ឋ​អាមេរិក ត្រូវបានប្រទេស​រ៉ូស្សីធ្វើយុទ្ធនាការ ទាមទារ​​អោយ​​ដោះ​លែង​ជននេះ យ៉ាងខ្លាំងក្លា។

រដ្ឋមន្ត្រីការបរទេសរបស់រ៉ូស្សី លោក ស៊ែរហ្គៃ ឡារ៉ូវ បានការពារខ្លួនថា «ភារកិច្ចរបស់យើង គឺដើម្បី​ការពារ​សិទ្ធិ​ ទៅគ្រប់​ជនរួមជាតិរ៉ូស្សីទាំងអស់។ (...) យើងយល់ហើយ ថាគាត់ត្រូវការគ្រូពេទ្យម្នាក់។»

បញ្ហាដែលចោទ សម្រាប់ជនជាតិរ៉ូស្សីជាទូទៅ អាចប្រហែលមកពី អត្តចរិករបស់លោក ស៊ែរហ្គៃ ប៉ូឡូស្គី ខ្លួនឯង ដែល​ធ្វើ​អោយ​គេមិនចូលចិត្ត។ កាលពីឆ្នាំ២០០៨ លោក ស៊ែរហ្គៃ ប៉ូឡូស្គី ធ្លាប់បានទម្លាយ​ពាក្យ​មួយឃ្លា​យ៉ាងចាស់ដៃ ទៅអោយ​អ្នកដែល«មិនមែនជាមហាសេដ្ឋី» ហើយតាំងពីពេលនោះមក កេរ្តិ៍ឈ្មោះ​របស់​លោក ត្រូវបានកប់ចោល សឹងតែជាស្ថាពរ​រួចស្រេច៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...