អនិច្ចា... «ខ្នោះ​ដៃ»​នៅ​កម្ពុជា រើស​អើង​ជន​ល្មើស!

បើអ្នកដាក់ខ្នោះ អះអាងថាខ្លួនជាអ្នកគោរពច្បាប់ ដោយត្រឹមត្រូវ និងស្មើភាពនោះ ដូច្នេះរឿង​មាន​តែ​ម្យ៉ាង​ទេ គឺលោក​«ខ្នោះដៃ»​នេះ​តែ​ម្ដង ដែល​ចេះ​រើសអើង​មនុស្ស ថា​តើ​មនុស្ស​នោះ អា​ចពាក់«ខ្លួន»បានឬអត់! ព្រោះបើសួរ​ពី​អ្នក​ត្រូវ​ជាប់​ខ្នោះ​វិញ ពួកគេ​ក៏ដូច​ជា​មនុស្ស​ទូទៅ​ដែរ គ្មាន​នរណា​ម្នាក់​ចង់​ពាក់​លោក«ខ្នោះ»ឯងនោះឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 07, 2015
  • ប្រធានបទ: នីតិរដ្ឋ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើមានលក្ខណៈខុសគ្នា យ៉ាងដូចម្ដេចខ្លះ នៅចំពោះ​មុខ​ច្បាប់ ទើបលោក«ខ្នោះដៃ» ដែលតែងត្រូវបាន​បំពាក់ ឲ្យតំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា តែលោក​«ខ្នោះដៃ»ដដែលនេះ បែរជាមិនត្រូវបានបំពាក់ ជូន​ជនសង្ស័យ ក្នុងបទល្មើសផ្សេងទៀត ដូចជាលោក សុខ ប៊ុន (ឧកញ៉ា ដែល​វាយតប់តារាទូរទស្សន៍ សាសា) លោក ឈូក បណ្ឌិត (អតីតអភិបាលក្រុងបាវិត ដែលបាញ់បោះ លើកម្មករ) និងថ្មីៗនេះ ដូចជាជនទាំងបី ដែល​សង្ស័យ​ថា បានវាយស្ទើស្លាប់ស្ទើរស់ តំណាងរាស្ត្រពីររូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ។

រឿងបែបនេះ បានកើតឡើងច្រើនដងណាស់។ នៅក្រោយព្រឹត្តិការណ៍ស្ពាននាគ តំណាងរាស្រ្ត (កាល​នោះ​ជាបេក្ខជនជាប់ឆ្នោត) មកពីគណបក្សប្រឆាំង ឬនៅក្នុងព្រឹត្តិការណ៍ ចាប់សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ក៏ដោយ ពួកគេសុទ្ធតែ​ត្រូវបានវាយខ្នោះដៃ និងចាប់ក្រៀកថតដាក់ទូរទស្សន៍ មើលទៅយ៉ាងអស្ចារ្យ គួរឲ្យព្រឺសម្បុរខ្ញាកៗតែម្ដង។ ដោយឡែក សកម្មជនគណបក្សប្រជាជនកម្ពុជា អ្នកមានប្រាក់មានអំណាច​ជាច្រើន ដែលជាប់សង្ស័យប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដូចជាការវាយតប់ បាញ់បោះ និងដែលមានស្ថាន​ទំងន់​​ទោស​នោះ ពួកគេបែរជាត្រូវបានបញ្ជូន ឡើងមក ឬចេញពីតុលាការ ដោយមិនមានដាក់​ខ្នោះដៃ​អ្វី​ឡើយ។

» សូមមើលរូបខាងក្រោម៖


ជុំវិញបញ្ហានេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល ក៏ដូចជាអ្នកប្រើប្រាស់​បណ្តាញ​សង្គម សម្ដែងប្រតិកម្ម ដើម្បីស្វែងរកចម្លើយ។ តែមកទល់ពេលនេះ មិនទាន់មានចម្លើយ​ណា​មួយ ត្រូវ​បាន​ទម្លាយ​ចេញ ពីមាត់របស់មន្ត្រីអាជ្ញាធរជំនាញណាម្នាក់ សោះឡើយ។

តំណាងរាស្រ្ត មណ្ឌលសៀមរាប លោក អ៊ុំ សំអាន មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងទំព័រ​ហ្វេសប៊ុករបស់លោកថា បាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា វាយ និងប៉ងធ្វើឃាតតំណាងរាស្រ្ត បែរជា​មិនត្រូវបានគេ (សមត្ថកិច្ច) ដាក់ខ្នោះដៃ។ ឯតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងលោក ហុង សុខហួរ រួមទាំងសកម្មជនបក្សសង្រ្គោះជាតិ មួយចំនួនទៀត បែរជាត្រូវបានគេវាយខ្នោះ។ លោក សំអាន បាន​សរសេរ​​ថា៖ «ពួកគាត់ (ជនដៃដល់ទាំងបីរូប) ដើរយ៉ាងសង្ហា និងគាសកាមេរ៉ាអ្នកថតចេញទៀត។»

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ លោក យូ ដាវីដ បានស្នើឲ្យធ្វើការពិចារណា នូវការអនុវត្តច្បាប់ ក្នុងសង្គមខ្មែរ​បច្ចុប្បន្នថា៖ «តំណាងរាស្រ្ត Cnrp វាយខ្នោះ, តំណាងព្រឹទ្ធសភា CNRP វាយខ្នោះ, សកម្មជន CNRP វាយ​ខ្នោះ, សកម្មជន ដីធ្លី វាយខ្នោះ, ព្រះសង្ឃខ្មែរ វាយខ្នោះ, យុវជនការពារសម្បត្តិធម្មជាតិ វាយខ្នោះ,... ចុះ​ចំណែក​ជន​អន្ធពាល បាតដៃទីបី ប្រព្រឹត្តអំពើរហិង្សា វាយដំទាត់ធាក់ បាញ់សម្លាប់ ជាកូនជឹង ជាឃាតករ​នយោបាយ​របស់ CPP មិនត្រូវបានដាក់ខ្នោះឡើយ។»

» ខាងក្រោមនេះ ជារូបភាពបណ្ដើរទណ្ឌិត ឈូក បណ្ឌិត (រូបកណ្ដាលពាក់អាវខ្មៅ) ដើរនៅកណ្ដាលផ្លូវយ៉ាង​សង្ហា យកទៅឃុំ តាមអំណាចសាលដីការ ដែលចូលជា​ស្ថាពរ ​​របស់​តុលាការកំពូល៖

» វីដេអូបង្ហាញពីលោក សុខ ប៊ុន ដែលជាប់សង្ស័យរឿងវាយតប់ តារាទូរទស្សន៍ នាង សាសា ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន មកកាន់តុលាការ៖


» សូមទស្សនាសកម្មភាព បញ្ជូនជនបីនាក់ ដែលសង្ស័យថាវាយតំណាងរាស្ត្រ ឡើងតុលាការដូច​ខាង​ក្រោម៖


» សូមទស្សនាសកម្មភាព បញ្ជូនជនបីនាក់ ដែលសង្ស័យថាវាយតំណាងរាស្ត្រ ទៅកាន់ពន្ធនាគារ ដូចខាង​ក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...