មកពីធ្វើការគ្មានមនុស្សនៅផ្ទះ ចងក ធ្វើអត្តឃាតក្នុងផ្ទះបាយ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសធ្វើអត្តឃាត ដោយចងក ទាំងមិនដឹងមូលហេតុរូបនេះ ឈ្មោះ សោម បឿន អាយុ៣៨ឆ្នាំ ធ្វើការនៅឡនំប៉័ងមួយ ក្បែរផ្ទះ។ សព្វថ្ងៃ ជនរងគ្រោះមានប្រពន្ធឈ្មោះ ស៊ុំ សំអាត ជាកម្មការនីរោងចក្រ និងមានកូនប្រុសពីរនាក់ ជាមួយលោក សោម បឿន។
ស្រ្តីជាម្តាយក្មេក របស់ជនរងគ្រោះ បានឲ្យដឹងងថា នៅមុនពេលកើតហេតុ ថ្ងៃទី០៤ ខែវិច្ឆិកានេះ មានអ្នកជិតខាងឃើញកូនប្រសារអ្នកស្រី ចេញពីធ្វើការត្រឡប់មកផ្ទះ ដូចសព្វមួយដង។
លុះទៅដល់ផ្ទះ មិនឃើញមានអ្នកណាម្នាក់នៅផ្ទះ លោក សោម បឿន បានឱកាស ក៏សម្រេចយកខ្សែ នីឡុងពណ៍ស មកចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ។ ពេលអ្នកស្រីជាម្ដាយក្មេក ត្រឡប់មកពីខាងក្រៅវិញ នៅម៉ោង១៤ និង៥០នាទី រសៀលថ្ងៃដដែល ទៅបើកទ្វារផ្ទះបាយ ទើបមានការភ្ញាក់ផ្អើល ដោយឃើញកូនប្រសារអ្នកស្រី ព្យួរកពីដំបូលផ្ទះបាយ។
ក្រោយពីហេតុការណ៍ភ្លាមៗ អ្នកស្រីគិតថា កូនប្រសារនៅ មិនទាន់ស្លាប់នោះទេ បានព្យាយាមហៅអ្នកជិតខាង ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយទម្លាក់ (កូនប្រុស) ហើយប្រញាប់ប្រញាល់ យកទៅមន្ទីរពេទ្យ។ តែអ្វីៗ ដែលមិនអាចត្រឡប់ក្រោយវិញបានឡើយ ព្រោះកូនប្រសារអ្នកស្រី បានបាត់បង់ជីវិតទៅហើយ។
ភ្លាមៗនោះ អ្នកភូមិផ្អើលឆោឡោ ធ្វើឲ្យដំណឹងនេះ ឮទៅដល់សមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការ ពិនិត្យសាកសព។ លទ្ធផលកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារធ្វើអត្តឃាតខ្លួន នឹងខ្សែនីឡុង។
សមត្ថកិច្ច និងក្រុមគ្រួសារនៃសព នៅមិនទាន់ដឹងច្បាស់ ពីមូលហេតុ នៃការធ្វើអត្តឃាតខ្លូននេះទេ។ បច្ចុប្បន្នសមត្ថកិច្ច ដែលចុះធ្វើអន្តរាគមន៍ នៅផ្ទះកើតហេតុ បានប្រគល់សាកសព ឲ្យទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅក្នុងភូមិសង្កាត់ខាងលើ៕