ថៃ៖ ស្ត្រីម្នាក់សម្លាប់ខ្លួនដោយជ្រើសរើសវិធី... លោតចូលក្នុងអាងក្រពើ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 20, 2014
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងអាងចិញ្ចឹមក្រពើមួយកន្លែង នៃតំបន់ សាមុតប្រាកាន់ (Samut Prakan) ដែលល្បីថា សម្បូរមនុស្សចូលទៅទស្សនា ក្នុងមួយឆ្នាំៗ។ សួនសត្វដែលនៅចំងាយប្រមាណជាមួយម៉ោង បើគេជិះរថយន្ដពីកណ្ដាលរាជធានីបាងកកនេះ ត្រូវបានគេស្គាល់ ជាមួយនឹងផ្ទាំងទស្សនីយភាពជាច្រើន ដូចជាអ្នកបង្ហាត់ក្រពើ យកក្បាលខ្លួនទៅដាក់ក្នុងមាត់ក្រពើ ឬការចាប់ក្រពើធំៗទាំងនោះ ដោយដៃទទេជាដើម។
ប៉ុន្តែនៅពេលនេះ សួនសត្វដ៏ល្បីបានក្លាយជាទីកន្លែងមួយ ដែលស្ត្រីវ័យចំណាស់បានជ្រើសរើស មកធ្វើអត្តឃាត។ ដូនចាស់អាយុ៦៥ឆ្នាំ បានលោតចេញពីស្ពាន ដែលសង់ពីលើអាងក្រពើ ដើម្បីឲ្យអ្នកដែលចូលទស្សនា អាចឈរមើលក្រពើពីទីនោះ និងអាចបោះសាច់ឲ្យក្រពើស៊ី។
នាយកសួនសត្វអាងក្រពើ លោក ឆារ៉ុង យ៉ុងប្រាប៉ាកន (Charron Yongprapakorn) បានអះអាងថា បុគ្គលិករបស់លោក បានរាយការណ៍ប្រាប់នគរបាលជាបន្ទាន់ ពីអំពើអត្តឃាតនេះ។ លោកបានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖ «យើងបានសង់របងឡើងខ្ពស់ៗ ដាក់ម៉ាស៊ីនវីដេអូសុវត្ថិភាព និងមានការដើរត្រួតពិនិត្យជាប្រចាំ»។ ប៉ុន្តែរបងដែលសង់ នៅសងខាងស្ពានដើរនោះ ធ្វើឡើងពីឈើ និងមានកំពស់តែត្រឹម១ម៉ែត្រប៉ុណ្ណោះ (មើលរូបថតខាងលើ)។
ក្បួនខ្នាតដើម្បីរក្សាសុវត្ថិភាព នៅក្នុងសួនសត្វ ឬនៅក្នុងសួនកំសាន្តផ្សេងៗ មិនសូវជាត្រូវបានគោរពប៉ុន្មានទេ នៅក្នុងប្រទេសថៃ។ ជាញយដងគេតែងឃើញ អ្នកចូលទៅកំសាន្ដតែងធ្វើសកម្មភាពលលេង ជាមួយនឹងសត្វកំណាចៗជាច្រើន ក្នុងនោះមានទាំងទៅឈរជិត ដើម្បីថតរូបជាដើម៕