ភ្លុកដំរី៣តោននៅខេត្តព្រះសីហនុ៖ មន្ត្រីគយចេញមកបំភ្លឺ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការអូសបន្លាយពេលមួយរយៈមក ទីបំផុតមន្រ្តីគយខេត្តព្រះសីហនុ បានអះអាង ថាស្ថាប័នគយគ្មានបំណងលាក់លៀម ករណីចាប់បានភ្លុកដំរីទម្ងន់ជាងបីតោន ដែលឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុនោះទេ តែដោយត្រូវការពេលស៊ើបអង្កេត និងលក្ខណៈបច្ចេកទេសផងនោះ ទើបមិនមានការបកស្រាយលំអិតភ្លាមៗក្រោយការចាប់ឃាត់ទុក នូវភ្លុកដំរីល្មើសទាំងនេះ។
ភ្លុកដំរី ដែលកម្ពុជាចាប់បាន នៅក្រុងព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AFP)
បទល្មើស - ក្នុងសន្និសីទការសែតមួយនៅសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការចាប់ភ្លុកដំរី ជាង ៣តោន នៅថ្ងៃទី២២ ខែឧសភា នេះ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ អស់មួយរយៈពេលមក ទើបដឹងថា ភ្លុកដំរី ទម្ងន់ជាងបីតោននោះ មានប្រភពដើម មកពីប្រទេសកេនយ៉ា ទ្វីប អាហ្វ្រិក ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ឆ្ពោះទៅទីផ្សារ នៅបណ្តាប្រទេសផ្សេងទៀត នៅទ្វីបអាស៊ី។
ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ រូបនេះ អត្ថាធិប្បាយបន្តថា ស្ថាប័នគយ ឬមន្រ្តីគយខេត្តព្រះសីហនុ គ្មានបំណងលាក់លៀម ព័ត៌មានអ្វីទេ ហើយការដែលមានការយឺតយ៉ាវផ្តល់ព័ត៌មានលំអិត កន្លងមកនោះ ព្រោះមានបញ្ហាផ្នែកបច្ចេកទេស ដែលលទ្ធផលទទួលបានពីការស៊ើបអង្កេតនេះ គឺបានមកពីការប្រើប្រាស់ជំនាញច្បាស់លាស់។
គួរម្លឹកថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ កន្លងមក កងកម្លាំងគយកម្ពុជា បានរកឃើញភ្លុកដំរីទម្ងន់ជាងបីតោន ដាក់កុងទឺន័រ បន្លំជាមួយសណ្ដែក នៅពេលដាក់ឲ្យឆ្លងកាត់ម៉ាស៊ីស្កេន នៅលើកំពង់ផែខេត្តព្រះសីហនុ។ ក្រោយការចាប់ឃាត់ទុកនូវភ្លុកដំរីទាំងនេះរួច មន្រ្តីគយកម្ពុជា មិនបានឆ្លើយបំភ្លឺលំអិត ជុំវិញការបង្រ្កាបបទល្មើស ភ្លុកដំរីដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាននៅកម្ពុជានេះ នោះឡើយ។
លោក ប៊ុន ជីវ ប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រងទទួលបន្ទុកផ្នែកបង្ក្រាប នៃសាខាគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានបង្ហើបប្រាប់ទីភ្នាក់ងារបារាំងអាអេហ្វប៉េ (AFP) ថា កងកម្លាំងសមត្ថកិច្ចរបស់លោក បានចាប់បានភ្លុកដំរីទម្ងន់ធ្ងន់ជាង៣តោន(៣០០៨គីឡូក្រាម) ដែលត្រូវបានគេលាក់បង្កប់ក្នុងសណ្ដែកនៅក្នុងកុងទឺន័រមួយ។
លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ អះអាងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែឧសភា នេះថា បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធ កំពុងរៀបចំសំណុំរឿងភ្លុកដំរីនេះ បញ្ជូនទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕