សវនាកាជន២៣៖ អំ សំអាត ថាតុលាការរងចាំជំនួបរវាងអ្នកនយោបាយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធយុត្តិធម៌ - ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ស្របពេលដែលគណបក្សជាប់ឆ្នោតទាំងពីរ កំពុងតែនឹងមានគម្រោងក្នុងការចរចាគ្នានោះ ទំនងជាសវនាកា នៃការសម្រេចសេចក្តីរបស់អ្នកទាំង២៣ ហាក់បីជាកំពុងរងចាំមើល នូវសភាពការណ៍នៃជំនួបរវាងគណបក្សទាំងពីរនេះដែរ។
អំណះអំណាងចំពោះបញ្ហានេះ ត្រូវបានលោក អំ សំអាត ពន្យល់យ៉ាងដូច្នេះថា៖ «បើយើងមើលទៅទិដ្ឋភាពនៃអ្នកទាំង២៣នេះ វាគ្រាន់តែជាចំណាត់ខ្មាំង ឬក៏កូនអុករបស់អ្នកនយោបាយ»។
លោកបន្តថា បើមើលទៅលើអង្គហេតុនេះ នៅក្នុងព្រឹត្តការណ៍នោះ មានទាំងអ្នកស្លាប់និងរបួស ត្រូវរកទាំងជនដែលប្រព្រឹត្តបទល្មើស ឱ្យមកប្រឈមមុខចំពោះមុខតុលាការដែរ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។ ប៉ុន្តែពេលនេះ ក្រៅតែពីមន្រ្តីសិទ្ធិអង្គការសង្គមស៊ីវិល និងកម្មករ ដែលត្រូវគេប្ដឹងឲ្យប្រឈមចំពោះមុខច្បាប់នោះ មិនមានជនដែលទាក់ទង នឹងការធ្វើឱ្យមនុស្សស្លាប់និងរបួស ណាម្នាក់ ត្រូវបានចាប់ឡើងតុលាការនោះទេ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិម្នាក់ បានបង្ហើបឲ្យដឹង នៅថ្ងៃទី២២ ខែឧសភា នេះដែរថា ក្រោយពីការចរចារវាងគណបក្សទាំងពីរ បានទទួលបានជោគជ័យ និងដោះស្រាយបញ្ហាជាប់គាំងរួចនោះ អ្នកទាំង២៣នាក់ ក៏នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានថ្លែងទៀតថា៖ «វន់ ពៅ ក៏ត្រូវដោះលែងដែរ។ មិនឃើញម្សិលមិញទេ? រសេមរសាម (រញ៉េរញ៉ៃ) ពេញហ្នឹង។»។
ទាក់ទងនឹងសំនុំរឿងជនទាំង២៣នាក់នេះដែរ ក្រុមសម្ព័ន្ធសហជីពកម្មករចំនួន៦ កាលពីថ្ងៃទី១៩ ខែឧសភា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ស្នើសុំទៅកាន់គណបក្សជាប់ឆ្នោតទាំងពីរ ឱ្យមានការជួបចរចាគ្នា ដើម្បីបញ្ចប់ជម្លោះផ្នែកនយោបាយ និងសុំឲ្យអ្នកទាំង២៣នាក់ គួរត្រូវបានដោះលែងឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ៕