ប៊ែកខេម រីករាយក្នុងពេលប្រកួតដំបូង សំរាប់ក្រុមបាល់ទាត់នៃទីក្រុងប៉ារីស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតកីឡាករប្រធានក្រុម បាល់ទាត់ជម្រើសជាតិអង់គ្លេស ដេវ៉ីដ ប៊ែកខេម (David Beckham) ពេញចិត្តការ ប្រកួតរបស់ខ្លួនជាលើកដំបូង សំរាប់ក្រុមបាល់ទាត់ នៃទីក្រុងរបស់បារាំងឈ្មោះ ប៉ារីស ហ្សិន ចឺម៉ែន (Paris St Germain ឬ ប៉េអេសហ្សេរ) ដែលឃើញក្រុមអ្នកគាំទ្រជាច្រើន បានទទួលស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះរូបគាត់ រួមទាំងក្រុមទាំងមូល ក្នុងការយកឈ្នះក្រុមអូឡាំពិក ម៉ាសេល (Olympique Marseille) ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាករបាល់ទាត់ ដេវ៉ីដ ប៊ែកខេម នៅថ្ងៃអាទិត្យទី២៤កុម្ភះ ក្នុងក្រុមប៉េអេសហ្សេរ។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានបង្កើតទំរង់លេងដ៏អស្ចារ្យ ក្នុងកីឡាដ្ឋាន ប៉ាក ដឺ ប្រាំស៍ (Parc des Princes ៖ កីឡាដ្ឋានរបស់ក្រុមប៉ារីស ហ្សិន ចឺម៉ែន) ក្នុងកំឡុងពេល វត្តមានលើកដំបូងសំរាប់ក្រុម ស្ថិតក្នុងនាមជាកីឡាករបំរុង ដែលបានដូរជំនួសក្នុងនាទី ៧៥ ហើយបានបង្ហាញពីសមត្ថភាពដ៏ល្អ។ នេះបើតាម គ្រូបង្វឹកជនជាតិអ៊ីតាលី លោក កាឡូ អេនសេឡូទី (Carlo Ancelotti) នៃក្រុមបាល់ទាត់របស់បារាំងនេះ។
លោក អេនសេឡូទី បានប្រាប់ថា «គាត់បានបង្ហាញពី ជំនាញទាត់បាល់ខ្លីៗ បទពិសោធន៏ និង បចេ្ចកទេសខ្លះៗ របស់គាត់។ គាត់ចូលលេងបានតែ ២០នាទី នៅយប់នេះ ប៉ុន្តែគាត់បាន បង្ហាញពីចំណុចល្អជាច្រើន។ គាត់នឹងក្លាយជាកីឡាករ សំខាន់មួយរូប របស់ក្រុម»។
កីឡាករ ប៊ែកខេម មកចូលរួមជាមួយក្រុមដែលស្ថិតក្នុងទីក្រុងប៉ារីសមួយនេះ ក្នុងកិច្ចសន្យា រយះពេល ៥ខែ។ គាត់មានតួនាទីជាខ្សែបំរើ ក្នុងការចូលលេងរបស់គាត់ គាត់ធ្វើបានយ៉ាងល្អ ទាំងបំរើ និងការពារ ដែលធ្វើឲ្យក្រុម ម៉ាសេល មិនអាចធ្វើអ្វីបានក្នុងវគ្គទី២។
លោក អេនសេឡូទី បានបដិសេដ ចំពោះការលើកឡើងថា គាត់ឲ្យ ប៊ែកខេម ចូលលេងព្រោះ តែគាត់ជាកីឡាករនិមិត្តរូប ដល់កីឡាករទូទៅ និងមានភាពល្បីល្បាញ។
លោកបានបន្តថា «គាត់គ្រាន់តែជាកីឡាករមួយរូប ដូចជាកីឡាករទូទៅ តែប៉ុណ្ណោះសំរាប់ រូបខ្ញុំ។ គាត់នឹងអាចចូលលេង នៅថ្ងៃពុធ ក្នុងការប្រកួតពានរង្វាន់ ហ្វ្រិន ខាប់ (French Cup) ក្នុង វគ្គ ១៦ក្រុម ដែលត្រូវប្រកួតជាមួយក្រុម ម៉ាសេល ម្តងទៀត។»
ប៊ែកខេម ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប របស់ពិភពលោក រួមទាំងភរិយារបស់គាត់ នាង វិកតូរៀ (Victoria) ជាអ្នកឆ្នៃម៉ូដសំលៀកបំពាក់ និងជាតារាចម្រៀងដ៏ល្បីរបស់ប្រទេស អង់គ្លេសដែរនោះ បានក្លាយជាការចាប់អារម្មណ៏ របស់ប្រជាជនបារាំង បន្ទាប់ពី ប៊ែកខេម មក ចូលរួមជាមួយនឹងក្រុមប៉េអេសហ្សេរ កាលពី ៣សប្តាហ៏មុន។
ខ្សែបំរើរូបនេះបាននិយាយថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ រីករាយព្រោះខ្ញុំក៏ជាផ្នែកមួយ ដែលជួយឲ្យក្រុមទទួលបានជោគជ័យ ក្នុងការប្រកួតដ៏ធំ។ វាជាយប់ដ៏ពិសេសសំរាប់ខ្ញុំ និង សំរាប់ក្រុម ហើយវាពិតជាអស្ចារ្យ»។
ខ្សែបំរើសញ្ជាតិបារាំង កីឡាករ ប្លេសេ ម៉ាទ្វីឌី (Blaise Matuidi) វ័យ ២៥ឆ្នាំ ដែលរូបគាត់ចាត់ ទុកកីឡាករ ប៊ែកខេម ជាវីរបុរសរបស់គាត់ ពេលនេះគាត់បានលេងជាដៃគូរជាមួយនឹង ប៊ែកខេម ផ្ទាល់ក្នុងក្រុមភីអេសជី។
ម៉ាទ្វីឌី បាននិយាយថា «វាពិសេសខ្លាំងណាស់ សំរាប់ខ្ញុំ។ កាលខ្ញុំនៅក្មេង ខ្ញុំគឺជាអ្នកគាំទ្ររបស់ គាត់។ តែពេលនេះ ខ្ញុំពិតជាពេញចិត្តជាទីបំផុត ដែលបានលេងជាដៃគូរជាមួយវីរបុរស របស់ខ្លួន»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ