អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

កម្ពុជាអាចនឹងប្រឈមការបែកបាក់ជាតិ នេះបើយោងលើមជ្ឈដ្ឋានទូទៅ និងអ្នកវិភាគនយោបាយឯករាជ្យ ដែល​បានសម្តែងការព្រួយបារម្ភខ្លាំង ក្នុងដំណាក់កាលជាប់គាំងនយោបាយចុងក្រោយនេះ។ ការព្រួយបារម្ភនេះ ត្រូវបាន​គេមើលឃើញ ថាកើតឡើងពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការ​បោះ​ឆ្នោតឡើងវិញ កាន់តែមានទ្រង់ទ្រាយធំឡើងៗ រីឯរដ្ឋាភិបាលក៏បានព្រមានរួចជាស្រេច ពីការត្រៀមលក្ខណៈ​បង្រ្កាប ក្នុងករណីមហាបាតុកម្មរបស់គណបក្សជំទាស់នេះ រាលដាលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាព​របស់ប្រទេស។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្ពុជាអាចនឹងប្រឈមការបែកបាក់ជាតិ នេះបើយោងលើមជ្ឈដ្ឋានទូទៅ និងអ្នកវិភាគនយោបាយឯករាជ្យ ដែល​បានសម្តែងការព្រួយបារម្ភខ្លាំង ក្នុងដំណាក់កាលជាប់គាំងនយោបាយចុងក្រោយនេះ។ ការព្រួយបារម្ភនេះ ត្រូវបាន​គេមើលឃើញ ថាកើតឡើងពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការ​បោះ​ឆ្នោតឡើងវិញ កាន់តែមានទ្រង់ទ្រាយធំឡើងៗ រីឯរដ្ឋាភិបាលក៏បានព្រមានរួចជាស្រេច ពីការត្រៀមលក្ខណៈ​បង្រ្កាប ក្នុងករណីមហាបាតុកម្មរបស់គណបក្សជំទាស់នេះ រាលដាលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាព​របស់ប្រទេស។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លើសពីការព្រួយបារម្ភដូចបានជម្រាបជូនខាងលើ មជ្ឈដ្ឋានដដែលនេះក៏ទទូចឲ្យមេដឹកនាំ​គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ គប្បីទម្លាយការជាប់គាំងនយោបាយនេះដោយសន្តិវិធី និង​ឲ្យបានឆាប់។ ហើយពួកគេ​ក៏​ជា​អ្នកទទួលខុសត្រូវផងដែរចំពោះបញ្ហានេះ ប្រសិនបើវិបត្តិនយោបាយរ៉ាំរ៉ៃ រីក​រាល​ដាលដល់កម្រិតផ្ទុះអំពើហិង្សា និងការ​បែកបាក់ជាតិមែននោះ។

ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ លើប្រធានបទ៖ «ផលវិជ្ជមាន និងអវិជ្ជមាន​ចំពោះការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ» លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ​កម្ពុជា​បាន​លើកឡើងថា វាជាគ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលមេដឹកនាំគណបក្សសង្រ្គោះជាតិ ទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង ហើយគណបក្សសង្រ្គោះជាតិ ថែមទាំងអះអាងពីការបិទផ្លូវចរចា ជាមួយគណបក្ស​ប្រជាជនកម្ពុជា ក្នុងពេលស្ថានករណ៍កំពុងមានភាពក្តៅគគុកផងនោះ។

អ្នកវិភាគនយោបាយដដែលនេះបន្តថា សង្រ្គាមស៊ីវិលអាចនឹងកើតមាន បើទោះជាគណបក្សសង្រ្គោះ​ជាតិមិនមាន​អាវុធក៏ដោយ ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិមានភាពក្មេងខ្ចីខាងនយោបាយ ហើយ​ប្រទេសជិតខាងក៏ចង់ឲ្យកម្ពុជាមានជម្លោះដែរ ដើម្បីពួកគេអាចទទួលប្រយោជន៍ពីវិវាទផ្ទៃក្នុងរបស់កម្ពុជានេះ។ លោក សុខ ទូច បញ្ជាក់ថា៖ «របៀបដោះស្រាយនយោបាយមានច្រើនណាស់(...)។ គណបក្សទាំងពីរបាន​អះអាង​ថាស្រលាញ់ប្រជាធិបតេយ្យ គោរពច្បាប់ ពរដ្ឋគាំទ្រគណបក្សខ្លួន ហេតុអ្វីមិនធ្វើប្រជាមតិ?។ ចំណាយពេល​បោះ​ឆ្នោតវាមិនប៉ុន្មានទេ តែសង្រ្គាមស៊ីវិល យើងមានបទពិសោធ៣០ឆ្នាំ ខ្ទេចខ្ទីរអស់(...)។ មួយអាងកម្លាំង មួយអាង​បង្រ្កាប អ្នកណាជាអ្នករងគ្រោះ គឺពលរដ្ឋខ្មែរ។»

ប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក្នុងកម្មវិធីដដែលនេះបានកត់សម្គាល់ថា ការបោះឆ្នោត​កន្លងមកនេះមានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងមិនមានភាពយុត្តិធម៌នោះទេ ដូច្នេះមិនអាចទទួលយកបានឡើយ។ ការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញនេះ​វាជាការ​ត្រឹមត្រូវ តែត្រូវមានគោលដៅច្បាស់លាស់នោះគឺការទាមទារយុត្តិធម៌ មិនមែនធ្វើអ្វីតាមតែការនឹកឃើញនោះទេ។

លោក ម៉ម សូណង់ដូ បញ្ជាក់ថា៖ «គោលការណ៍ច្បាស់លាស់គឺច្បាប់(...) ការទាមទារឲ្យសម្តេច ហ៊ុន សែន ចុះ​ចេញអាហ្នឹងចាកប្រធាន យើងអត់មានសិទ្ធិអ្វីទាញសម្តេច ហ៊ុន សែន ឲ្យចុះពីតំណែងបានទេ រឿងសំខាន់គឺការ​បោះឆ្នោត ហើយការបោះឆ្នោតក៏យើងអត់ទាន់ដឹងថាអ្នកណាឈ្នះដែរ។ ហេតុដូច្នេះ ខ្ញុំចង់បាន សុចរិត យុត្តិធម៌ តម្លាភាព តម្លាភាពក៏មានព្រំដែនដែរ(...)។»

ជាមួយគ្នានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅ​កម្ពុជា និកហ្វិច (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា បានសម្តែងការព្រួយបារម្ភថា ក្នុងវិបត្តនយោបាយនេះ​អាច​មានក្រុមទីបី ដែលចូលមកអុកឡុកក្នុងបញ្ហានេះ ហើយក្រុមអុកឡុកនេះ អាចកើតចេញពីក្រុមណាមួយផ្សេង និង​ក្រុមដែលបង្កើតចេញពីគណបក្សនយោបាយណាមួយដើម្បីធ្វើសកម្មភាពបម្រើនយោបាយរបស់ពួកគេ។

ជុំវិញវិបត្តិនយោបាយក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «ប្រសិនកម្តៅ​នយោបាយឈានដល់ធ្ងន់ធ្ងរ ដូចការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយពីការអនុវត្តច្បាប់ ការបង្រ្កាប ហើយការបង្រ្កាបនោះមានតែការបង្ហូរឈាម និងការស្លាប់។ ហើយគណបក្សទាំងពីរ បានធ្វើនូវសមយុទ្ធ​របស់​ខ្លួន​អស់ហើយ(...)។ សរុបមកបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ និងការដោះស្រាយរបស់រដ្ឋាភិបាល​អាចជាទុក្ខ​សោករបស់ប្រជាពលរដ្ឋ។»

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...