ទៀង សោភា៖ កូនអ្នកស្រែដែលបានសម្រេចសុបិន្ដខ្លួន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ ២០១៣
- កែប្រែចុងក្រោយ: December 18, 2013
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជីវិត - កញ្ញា ទៀង សោភា បានឆ្លៀតឱកាសដើម្បីចែករំលែកពីបទពិសោធន៏ នៃភាពជោគជ័យរបស់កញ្ញាថា ភាពជោគជ័យនេះអាស្រ័យលើកត្តាពីរយ៉ាង គឺខ្លួនកញ្ញាផ្ទាល់ និងគ្រួសាររបស់កញ្ញា។
កត្តាខ្លួនឯងនោះ គឺកញ្ញាបានខិតខំរៀនសូត្រ និងជាមនុស្សចូលចិត្តឆ្លៀងឱកាស ស្វែងរកអ្វីៗថ្មីៗដាក់ក្នុងខ្លួន។ទោះបីជាកញ្ញាជាកូន«អ្នកស្រែ»មកពីស្រុកបាភ្នំ ខេត្តព្រៃវែងក៏ដោយ ក៏ពាក្យ«អ្នកស្រែ»នេះ មិនបានធ្វើឲ្យកញ្ញាអស់សង្ឃឹមឡើយ។ ក្រៅពីរៀននៅសាកលវិទ្យាល័យ កញ្ញាឆ្លៀតពេលសិក្សាភាសាអង់គ្លេស បន្ថែមនៅមជ្ឃមណ្ឌលជីវិតថ្មី (សិក្សាឥតគិតថ្លៃ) បន្ថែម។ ពេលទំនេរកញ្ញា ព្យាយាមអានសៀវភៅច្រើន និងរៀនគ្រប់ពេលវេលា មិនថានៅមុខការផ្សាយ របស់ទូរទស្សន៏ក្តី។
ការជួយដល់ការងារសង្គម ក៏បានក្លាយជាប្រយោជន៏មួយ ជួយដល់កញ្ញាទាំងជីវភាព និងអ្នកដទៃទៀត។ កញ្ញាបានរៀបរាប់ថា កញ្ញាធ្លាប់ធ្វើការនៅអង្គការសម្ព័ន្ធសត្វព្រៃ ប្រចាំខេត្តកោះកុង រយៈពេលបួនឆ្នាំ ដែលបានជំរុញដល់កញ្ញា កាន់តែមានបទពិសោធន៍ ក្នុងជីវិតបន្ថែមទៀត។ កញ្ញាបានជួយផ្តល់ជំនួញសប្បុរសធម៌ ដល់មន្ទីពេទ្យគុន្ធបុប្ជានិង ការជួយសង្គមលើវិស័យផ្សេងៗ ក៏ជាផ្នែកមួយ ជួយឲ្យការដាក់យកអាហាររូបករណ៏ ទៅក្រៅប្រទេសនេះ កាន់តែទទួលបានជោគជ័យ គួរជាទីពេញចិត្តមួយផងដែរ។
ពិតណាស់ថា ភាពជោគជ័យរបស់មនុស្ស មិនមែនអាស្រ័យលើបុគ្គល តែម្យ៉ាងឡើង។ កញ្ញាបានរៀបរាប់ ពីទឹកចិត្ត និងទង្វើររបស់ឪពុកម្តាយ របស់កញ្ញា ដែលធ្វើជាហេតុ បណ្តាលឲ្យកញ្ញាមានថ្ងៃនេះ។ ទង្វើទាំងនោះ មានដូចជា៖ មិនថាជីវិតមានភាពលំបាក និងក្រីក្រយ៉ាងណាម្តេចក្តី ឪពុករបស់កញ្ញា ដែលជាមេគ្រួសារ មិនញុំាស្រា ជក់បារី មាននារីថ្មីក្បត់ចិត្តភរិយាឡើយ គាត់តែងតែរិះរកមធ្យោបាយ និងធ្វើជាគំរូល្អ សម្រាប់កូនៗរបស់គាត់ ព្រមទាំងយកបទពិសោធន៏ នៃសាច់ញាតិរបស់ខ្លួន មកអប់រំកូនទាំងបំនិតជីវិត និងចំណេះដឹង។ លោកមិនខ្វល់ពីការរិះគន់ទាំងឡាយ កើតចេញ ពីអ្នកជិតខាងក្នុងភូមិរបស់ពូឡើយ។ កញ្ញាសោភា បានបន្ថែមទៀតថា បើគ្មានឪពុកម្តាយរបស់កញ្ញាទេ កញ្ញាក៏គ្មានថ្ងៃនេះដែរ។
កញ្ញាសោភាបានរៀបរាប់ថា ទោះបីជាកញ្ញាជាកូនអ្នកស្រែ ប៉ុន្តែឪពុកម្តាយរបស់សោភា តែងតែលើកទឹកចិត្តកូន ឲ្យខិតខំរៀនសូត្រជានិច្ច ទោះជួនកាលមានការរិះគន់ ពីអ្នកជិតខាងម្តេចក្តី។ លោកឪពុក គាត់នៅតែនិយាយ លើកទឹកចិត្តគាត់ មិនឲ្យខ្វល់ពីសម្តី របស់អ្នកជិតឡើយ។
ឪពុកម្តាយ របស់កញ្ញា នៅតែមិនបោះបង់ចោលឆន្ទៈរបស់ខ្លួន និងឆ្លៀតបង្រៀនកូនៗ បន្ថែមនៅផ្ទះ ជូនកូនៗទៅប្រលង ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពួកគាត់។ ឪពុកម្តាយរបស់កញ្ញា តែងងើបពីព្រលឹមស្រាងៗ នាព្រឹកព្រលឹម ដើម្បីបង្រៀនបំនិនជីវិត ពីបទពិសោធន៏ ដែលពួកគាត់បានដឹងដល់កូនៗមិននឿយណាយ។ ឪពុកកញ្ញាតែងតែនាំកញ្ញា ដើរតាមគាត់ដើម្បីដឹងពីរឿងរ៉ាវផ្សេងៗ ដែលជាហេតុ ធ្វើឲ្យគាត់មិនមានភាពភ័យខ្លាច នាពេលចាកចេញទៅឆ្ងាយៗ និងមានទម្លាប់ចូលចិត្តដើរ ដើម្បីសិក្សាស្វែងយល់។ ពិតណាស់ថា ឪពុកម្តាយរបស់កញ្ញាមើលទៅ ហាក់បីដូចជាតឹងរ៉ឹងបន្តិចក្តី ប៉ុន្តែពេលនេះ កញ្ញាបានដឹងប្រាកដណាស់ថា ហេតុអ្វីបានជាឪពុកម្តាយរបស់កញ្ញា ធ្វើបែបនេះចំពោះគាត់ និងបងប្អូនរបស់គាត់។
ម្យ៉ាងវិញទៀត ភាពជោគជ័យនៃកូនទាំងប្រាំពីរនាក់ របស់ឪពុកម្តាយកញ្ញានេះហើយ បានប្រែក្លាយពួកគាត់ ក្លាយជាគំរូរបស់អ្នកភូមិផ្សេងៗទៀត បានយល់ និងធ្វើតាមដោយឥតសង្ស័យ។ ហេតុដូច្នេះហើយ នាពេលក្រោយៗមក ក៏មានសិស្សកាន់តែច្រើនទៅៗ បានមកបន្តការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យ ដូចកញ្ញា និងបងប្អូនរបស់កញ្ញាដែរ។
នេះហើយ ដែលជាដើមហេតុ បណ្តាលឲ្យកញ្ញា បានក្លាយជាស្រ្តីទីមួយក្នុងភូមិ ដែលមានវាសនាបានបន្តការសិក្សា នៅទីក្រុងភ្នំពេញមុនគេ។ មោទនភាពនិងការខិតខំស្រវាស្រទិញ របស់កញ្ញា ក៏បានជួយដល់កញ្ញាមានការងារធ្វើ នៅចាយការ (JICA) ភ្លាមៗ បន្ទាប់ពីរៀនចប់ ព្រមទាំងពេលនេះ អាចបន្តការសិក្សានៅក្រៅប្រទេសបន្ថែមទៀត ខណៈពេលកូនស្រីៗអ្នកភូមិមួយចំនួន បានឈប់រៀន តាំងពីខ្លួននៅតូចៗ ក្លាយជាកម្មកររោងចក្រ រកស៊ីដោយលំបាក ខុសឆ្ងាយពីកញ្ញា ដែលអាចចិញ្ចឹមខ្លួនឯង និងអាចរស់នៅក្នុងជីវិត បែបស៊ីវិល័យនឹងគេបានដែរ។ កាលនៅពីតូច មីងរបស់កញ្ញា ដែលរស់នៅភ្នំពេញ តែងតែមានទម្លាប់ចែកលុយដល់កញ្ញា ក៏បានក្លាយជាគំរូមួយ ដល់កញ្ញាក្នុងការបន្តឥរិយាបថបែបនេះ ក្នុងគោលបំណងលើកទឹកចិត្តក្មេងៗ បង្រប់អត្ថន័យ ឲ្យពួកគេខិតខំចង់មានចង់បាន ដូចកញ្ញាដែរ។
ក្តីស្រមៃមិននៅឆ្ងាយ ប៉ុន្តែវាបិទបាំងដោយរបស់ពីរប៉ុណ្ណោះ គឺឆន្ទៈនិងទង្វើរ។ បើយើងដាក់ចិត្តក្នុងការធ្វើ ពិតណាស់ថាថ្ងៃណាមួយ ភាពជោគជ័យនេះប្រាកដជាអាចកើតមានជាមិនខាន។ យ៉ាងណាមិញ ដូចកញ្ញា ទៀង សោភា អញ្ចឹង បើគ្មានការខិតខំរបស់កញ្ញា និងការលើកទឹកចិត្ត ការយល់ពីតម្លៃ នៃការសិក្សា ភាពជាគំរូរបស់ឪពុកម្តាយរបស់គាត់ទេ ម្លេះសមថ្ងៃនេះ ក្តីស្រមៃរបស់កញ្ញាប្រាកដ ប្រៀបបាននឹងផ្សែង ហោះកាត់វេហាជាមិនខាន៕ ដោយ៖ ក. សេងហុង