បុណ្យជ័យជំនះរបស់ក្រុមបាល់ទាត់ទីក្រុងប៉ារីស ប្រែជាល្វីងចត់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្ស៣០នាក់ក្នុងនោះ បីនាក់ជាកម្លាំងសមត្ថកិច្ច បានរងរបួស កាលពីថ្ងៃច័ន្ទនេះ នៅក្នុងហេតុការណ៍មិនបានគ្រោងទុក នៃការអបអរជើងឯកឆ្នាំ២០១៣ប្រចាំប្រទេសបារាំង នៃក្រុមបាល់ទាត់ទីក្រុងប៉ារីស។
ក្រុមអ្នកគាំទ្របាល់ទាត់ បានវាយរថយន្ដក្រុងចំនួនបីគ្រឿង នៅក្រោមតួរអេហ្វែល។ (រូបថត D.KEO/ MONOROOM.info)
អាជ្ញាធរបានប្រកាសថា កម្លាំងនគរបាលចំនួន៨០០នាក់ បានដាក់ពង្រាយដើម្បីការពារសន្តិសុខ ឲ្យពិធីអបអរសាទរនេះ ហើយមនុស្សចំនួន២១នាក់ត្រូវបានឃាត់ខ្លួន ពីបទចោលកាំជ្រួចភ្លើង និងពីបទឆាឆៅអុកឡុកទីក្រុង។ អាជ្ញាធរបានបន្ថែមថា មានពួកអ្នកបផ្លិចបំផ្លាញជាច្រើនពាន់នាក់ បានធ្វើសកម្មភាពនៅពេលនោះ។
ស្នងការទីក្រុងប៉ារីស លោកប៊ែរណាដ ប៊ូកូ (Bernard Boucault) បានថ្លែងថា «នឹងមិនមានព្រឹត្តិការណ៍ កំសាន្ដសប្បាយទៀតទេ នៅតាមផ្លូវសាធារណៈ របស់ក្រុមកីឡាបាល់ទាត់នេះ»។
ការអបអរជើងឯករបស់ក្រុមបាល់ទាត់របស់ក្រុងប៉ារីស ដែលបណ្ដាជនអ្នកគាំទ្រទន្ទឹងរងចាំតាំងពី១៩ឆ្នាមកហើយ បានប្រព្រឹត្តិទៅត្រឹមតែប្រមាណជា៥នាទីប៉ុណ្ណោះ។ រយៈពេលនេះ គ្រប់សមល្មមនឹងក្រុមកីឡាករបាល់ទាត់របស់ក្រុម បានលើកពានរង្វាន់ជើងឯកនេះ នៅមុខហ្វូងអ្នកគាំទ្រប្រមាណជា១៥០០០នាក់ នៅលើទីលានត្រូកាដេរ៉ូ (Trocadéro) ជិតតួរអេហ្វែល។ បន្ទាប់ពីនោះមក ក្រុមអ្នកគាំទ្រមួយចំនួន បានប្រែក្លាយពិធីនេះ ទៅជាមិនអាចគ្រប់គ្រងបាន ហើយបានបង្ខំអោយអ្នករៀបចំ កាត់ចោលកម្មវិធីមួយចំនួនចោលទៀត។
ក្រុមបាល់ទាត់ខ្លួនឯង ក៏បានដាក់ពង្រាយក្រុមសន្តិសុខឯកជនជាច្រើនសិបនាក់ នៅក្នុងនិងជុំវិញពិធីនោះដែរ។ នៅពេលរងចាំការមកដល់នៃក្រុមកីឡាករ អ្នកគាំទ្រមួយចំនួនបានដណ្ដើមយកបាន នូវជណ្ដើរដែកដែលដាក់តម្លើង សម្រាប់ជួសជុលសារមន្ទីមួយនៅជាប់នោះ។ អ្នករៀបចំកម្មវិធីបានសុំអោយក្រុមអ្នកបំពារបំពានទាំងនោះ ចុះពីជណ្ដើរដែកនោះសិន មុននឹងគេចាប់ផ្ដើមទទួលពួកកីឡាករ។ បន្តិចក្រោយមកទៀតទីកន្លែងមួយទៀត ដែលគេរៀបចំសម្រាប់ទទួលអ្នកកាសែត ក៏ត្រូវបានពួក«អ្នកសម្បើម»ទាំងនោះ ឡើងកាន់កាប់ទន្ទ្រានដែរ។
«ពីធីបុណ្យ ត្រូវបានឆាឆៅ។ ខ្ញុំជាអ្នករស់នៅក្នុងសង្កាត់នេះ ចំជាគួរអោយមួម៉ៅមែន។» អ្នកគាំទ្រក្រុមកីឡាករម្នាក់ បាននិយាយឡើង ជាមួយនឹងទឹកភ្នែកហូរមក ដោយសារទទួលឧស្ម័នបង្ហូទឹកភ្នែក របស់កម្លាំងនគរបាល។ យុវជននេះ បានបន្ថែមថា «ជាកំហុសរបស់ពួកអ្នកសម្បើម (ULTRAS)។ យើងអស់មានបុណ្យសប្បាយ ដោយសារពួកវា។»
សហជីបនៃសម្ព័ន្ធភាពកងកម្លាំងនគរបាល បានចង្អុលម្រាមដៃដាក់ស្នងការនគរបាលទីក្រុង ថា«ការជួបជុំគ្នានេះ ត្រូវបានវាយតម្លៃខុស» ហើយថាអាជ្ញាធរមិនបានដាក់ពង្រាយកម្លាំង ឲ្យសមធន់ល្មម ដើម្បីការពារសន្តិសុខពិធីបុណ្យនេះទេ៕
---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ