ហេតុការណ៍ស្ត្រីត្រូវរថយន្ដកិនពីរដង បង្កក្ដីក្ដៅក្រហាយនៅចិន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 12, 2017
- ប្រធានបទ: សង្គមចិន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទិដ្ឋភាព នៅក្នុងវីដេអូ (ដាក់ជូនជាព័ត៌មានខាងក្រោម តែវីដេអូនេះអាចប៉ះពាល់អារម្មណ៍) ដែលថតដោយកាម៉េរ៉ាសុវត្តិភាព នៅនឹងផ្លូវខ្វែង បានបង្កភាពរន្ធត់ណាស់! រឿងរ៉ាវបានកើតឡើង នៅក្នុងទីក្រុង «Zhumadian» ភាគខាងកើតប្រទេសចិន តាំងពីថ្ងៃទី២១ ខែមេសាកន្លងទៅ តែវីដេអូនៃព្រឹត្តិការណ៍ខាងលើ ទើបនឹងត្រូវបានយកមកបង្ហោះ នៅតាមបណ្ដាញសង្គមចិន «Webo» កាលពីពេលថ្មីៗនេះ ហើយបានបង្កើត ឲ្យមានការខឹងសម្បារជាទូទៅមួយ ពីសំណាក់ប្រជាជនចិន។
ស្ត្រីម្នាក់បានឆ្លងថ្នល់ នៅលើគំនូសសសម្រាប់អ្នកថ្មើរជើង និងបានឈប់រេរាបន្តិច ដើម្បីរង់ចាំឲ្យរថយន្ដជាច្រើន(នៅខាងមុខនាង)ទៅផុត។ ប៉ុន្តែរំពេចនោះ ស្ត្រីរូបនេះត្រូវបានរថយន្ដតាស៊ីមួយគ្រឿង បើកបរក្នុងទិសខាងក្រោមខ្នងនាង បុកឲ្យដួលដេកនៅលើដី។ ក្នុងរយៈពេលនេះ ស្ត្រីរងគ្រោះទំនងជានៅដឹងខ្លួននៅឡើយ ប៉ុន្តែមិនអាចងើបឡើងវិញបាន (ក្នុងវីដេអូ គេឃើញនាងបានសាកល្បងងើបឡើងពីដី)។
ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺមនុស្សនៅជុំវិញ ទាំងអ្នកបើកបរ ទាំងអ្នកដំណើរថ្មើរជើងទាំងឡាយ បានឆ្លងកាត់ទីនោះ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងដូច្នេះ។ គ្មាននរណាម្នាក់ បានចូលទៅជួយយកអាសារស្ត្រី ដែលកំពុងដេកដួលនៅកណ្ដាលថ្នល់ ម្នាក់នេះទេ។ រហូតជាងមួយនាទីក្រោយមក រថយន្ដមួយគ្រៀងទៀត ដែលបើកបរដោយស្ត្រីម្នាក់ បានបើកកិនបន្ថែម ពីលើស្ត្រីរងគ្រោះ ធ្វើឲ្យខ្លួននាងវិលត្រឡប់ជាច្រើនជុំ។
គ្រោះថ្នាក់លើកទីមួយ ស្ត្រីអភ័ពអាចមានសង្ឃឹមនៅរស់ ប៉ុន្តែនាងគ្មានសំណាង បានរួចរស់ជីវិតឡើយ បន្ទាប់ពីរថយន្ដទីពីរ បានបើកកិនពីលើនាងបង្ហើយ ពេញទាំងដងខ្លួន ទាំងកង់មុននិងកងក្រោយដូច្នេះ។
ចំណោទសង្គមបានផ្ទុះឡើង...
ការមិនយកអាសារ មានលក្ខណៈជាទូទៅ... និងកំពុងក្លាយជាវប្បធម៌? ហេតុអ្វី? ពេលបើកបរមកដល់ផ្លូវខ្វែង ដែលសម្បូរដោយមនុស្ស តែអ្នកកាន់ចង្កូតយានយន្ដ បែរជាមិនខ្វល់ខ្វាយ ក្នុងការបង្កើនការប្រុងប្រយ័ត្ន និងចាត់ទុកជីវិតមនុស្ស មិនស្មើរនឹងសំឡី? ទាំងនេះ សុទ្ធសឹងជាការចោទសួរឡើង ពីសំណាក់បណ្ដាជនចិន ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម «Weibo»។
» កំណត់សម្គាល់៖ រូបភាពវីដេអូខាងក្រោម អាចប៉ះពាល់អារម្មណ៍ សម្រាប់ប្រិយមិត្តខ្លះ!
តែការជជែកវែកញែក រហូតដល់ផ្ទុះសង្គ្រាមសំដី ទាក់ទងនឹងប្រធានបទខាងលើ មិនមែនទើបតែកើតមាន នៅថ្ងៃនេះទេ ហើយហេតុការណ៍ប្រហាក់ប្រហែលគ្នា ក៏មិនមែនទើបតែកើតមាន តែម្ដងនោះដែរ។
កាលពីខែតុលា ក្នុងឆ្នាំ២០១១កន្លងទៅ កុមារី «Wang Yue» ដែលមានអាយុទើបតែ២ឆ្នាំ ត្រូវបានរថយន្ដដឹកទំនិញមួយបុកឲ្យដួល មុននឹងត្រូវរថយន្ដមួយផ្សេងទៀត កិនឲ្យដាច់ខ្លួនត្រឹមពាក់កណ្ដាល។ នៅក្នុងរយៈពេលនេះ ទាំងអ្នកបើកបររថយន្ដ ទាំងអ្នកជិះម៉ូតូ ទាំងអ្នកដំណើរថ្មើរជើង គ្មាននរណាម្នាក់ ចូលមកយកអាសារនាងតូចនេះឡើយ ខណៈនាងកំពុងរងភាពវេទនាខ្លោចផ្សារ នៅក្នុងថ្លុកឈាម។ កុមារី «Wang Yue» បានផុតដង្ហើម នៅពេលរូបនាងត្រូវបានដឹកទៅដល់មន្ទីរពេទ្យ។
ក្នុងឆ្នាំទៅម៉ិញ យុវតីម្នាក់ផ្សេង ត្រូវបានរំលោភបំពានលើរាងកាយ នៅក្នុងសណ្ឋាគារមួយកន្លែង។ ហើយមិនខុសពីហេតុការណ៍មុនៗទេ គ្មានបុគ្គលិករបស់សណ្ឋាគារណាម្នាក់ ឬអតិថិជនដែលមានវត្តមាន នៅក្បែរនោះរូបណាមួយ បានរង្គើខ្លួន ដើម្បីជួយយកអាសារនាងឡើយ។ រហូតដល់ហេតុការណ៍នេះ ត្រូវបាននារីរងគ្រោះ យករូបភាពមកបង្ហោះដោយខ្លួនឯង នៅលើបណ្ដាញសង្គមក្នុងពេលក្រោយមក ទើបបណ្ដាជនចិនខ្លះ បានចោទសួរជាសំនួរឡើង...។ តែការចោទសួរនោះ វាមិនគ្រប់គ្រាន់ទេ បើនិយាយធៀបមកករណីស្ត្រីរងគ្រោះ ដែលត្រូវបានរថយន្ដកិនសម្លាប់ពីរដង (ករណីខាងលើ)។
លោកសាស្ត្រាចារ្យ «Zhang Ming» មកពីសកលវិទ្យាល័យប្រជាជន ដ៏ធំមួយ ធ្លាប់បានថ្លែងឡើង ទាក់ទងនឹងហេតុការណ៍ទាំងនេះថា៖ «នៅកន្លែងខ្លះក្នុងស្រុកយើង (ប្រទេសចិន) ជីវិតមនុស្សមានតម្លៃ មិនស្មើនឹងជីវិតសត្វផង»៕