សម រង្ស៊ី​ថា​បាតុកម្ម​នឹង​​កើត​​មុន​​ការ​​ប្រកាស​​លទ្ធផល​​ផ្លូវ​​ការ តែ​ផៃ ស៊ីផាន ប្រតិកម្ម

គណបក្សសង្រ្គោះជាតិបានបង្ហាញគោលជំហរជាថ្មីថា មហាបាតុកម្មដោយអហិង្សានឹងកើតមាន នៅមុនការប្រកាស​លទ្ធផលបោះឆ្នោតផ្លូវការ ប្រសិនបើការស្នើរឲ្យបង្កើតគណៈកម្មការចម្រុះមានភាពឯករាជ្យ ដើម្បីស៊ើបអង្កេត​ពីភាពមិន​ប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត មិនអាចសម្រេចបានទេនោះ។ នេះបើតាមការប្រកាសរបស់ មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវបានរងប្រតិកម្មតបវិញ ពីសំណាក់លោក ផៃ សីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: August 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិបានបង្ហាញគោលជំហរជាថ្មីថា មហាបាតុកម្មដោយអហិង្សានឹងកើតមាន នៅមុនការប្រកាស​លទ្ធផលបោះឆ្នោតផ្លូវការ ប្រសិនបើការស្នើរឲ្យបង្កើតគណៈកម្មការចម្រុះមានភាពឯករាជ្យ ដើម្បីស៊ើបអង្កេត​ពីភាពមិន​ប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត មិនអាចសម្រេចបានទេនោះ។ នេះបើតាមការប្រកាសរបស់ មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវបានរងប្រតិកម្មតបវិញ ពីសំណាក់លោក ផៃ សីផាន អ្នកនាំពាក្យរដ្ឋាភិបាល។


លោក សម រង្ស៊ី និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ ស្ថិតនៅទីលានប្រជាធិបតេយ្យ នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ថា៖ «យើងនឹងធ្វើមហាបាតុកម្មដោយអហិង្សា មុនការប្រកាសលទ្ធផលផ្លូវការ»។ ប្រធាន​គណបក្សប្រឆាំង ដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានបន្តថាគណបក្សសង្រ្គោះជាតិ មិនអាចរង់ចាំ​ការប្រកាស​លទ្ធផលផ្លូវការបានទេ។ លទ្ធផលផ្លូវការដែលគេរំពឹងថា អាចនឹងប្រកាសឲ្យដឹងដោយ គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត គ.ជ.ប នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ។

ទាក់ទងនឹងការព្រមានរបស់គណបក្សប្រឆាំងនៅពេលនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចាំផ្ទះ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបា្រប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូតាមទូរស័ព្ទនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣នេះ ដោយលើកជាចម្ងល់ថា៖ «តើលោក សម រង្ស៊ី និងលោក កឹម សុខា ស្រលាញ់ប្រជាពលរដ្ឋ និងប្រជាធិបតេយ្យកម្រិតណា យល់ពីច្បាប់ និងសណ្តាប់ធ្នាប់សង្គមកម្រិតណា គាត់ហ៊ានទទួលខុសត្រូវ ចំពោះឆន្ទះប្រជាពលរដ្ឋ ដែលស្តែងពីសន្តិភាព​កម្រិតណា»។

មន្រ្តីអ្នកនាំពាក្យរូបនេះ បានអះអាងថា ការស្វែងរកការពិតអំពីភាពមិនប្រក្រតី ក្នុងអំឡុងពេលបោះឆ្នោត វាមិនអាស្រ័យ​លើការលើកឡើង របស់មេដឹកនាំគណបក្សប្រឆាំងនោះទេ គឺវាអាស្រ័យលើការស្វែងរកការពិត ស្របតាមនីតិវិធីច្បាប់​ជា​បន្តបន្ទាប់។ ទន្ទឹមនឹងនេះលោក ផៃ ស៊ីផាន បានអះអាងថាភាពមិនប្រក្រតីបន្តិចបន្តួច ដែលបានរកឃើញកន្លងមក មិន​បានបង្ករផលប៉ះពាល់ធំដុំ ដល់លទ្ធផលបោះឆ្នោត និងការបែងចែកអាសនៈនៅក្នុងសភានោះទេ។

ចំពោះការព្រមាន ធ្វើមហាបាតុកម្មដោយអហិង្សាប្រឆាំងលទ្ធផលបោះឆ្នោត ដោយលោក សម រង្ស៊ី ក៏ព្រោះតែមិនជឿ​ទុកចិត្តពីឯករាជ្យភាពរបស់ គ.ជ.ប នៅពេលនេះ ត្រូវបានលោក ផៃ ស៊ីផាន ចាត់ទុកថាវាគ្រាន់តែជាជម្រើសនយោបាយ តែប៉ុណ្ណោះ វាមិនមែនជាការស្វែងរកពីភាពមិនប្រក្រតី ដែលបង្កផលប៉ះពាល់ ដល់ការបែង​ចែកអាសនៈនៅ​ក្នុងសភា​នោះ​ទេ។

ខុសពីការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខាងលើនេះ នាយកប្រតិបត្តិអង្គការសង្កេតការណ៍​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថា៖ «ភាពមិនប្រក្រតី​ទាំងនេះ អាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត»។ ការថ្លែងរបស់លោក បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ ក្នុងពិធីបង្ហាញរបាយការណ៍ ពីភាពមិនប្រក្រតី ដែលអង្គការ ខុមហ្វ្រែល បានរកឃើញក្នុងអំឡុងពេលនៃការបោះឆ្នោត និងក្រោយការបោះឆ្នោត។

ភាពមិនប្រក្រតីដែលអង្គការ ខុមហ្វ្រែលរកឃើញ រួមមាន ៤៨ ភាគរយក្នុងចំណោម អ្នកដែលអត់បានបោះឆ្នោត បាន​អះ​អាងថាពួកគេបានទៅ តែបានជួបឧបស័គ្គមួយចំនួនដូចជា គ្នានឈ្នោះក្នុងបញ្ជីបោះឆ្នោត មានបញ្ហាទាក់ទង​នឹង​ឯកសារ​បោះឆ្នោត រកទីតាំងបោះឆ្នោតមិនឃើញ ឈ្នោះរបស់ខ្លួនត្រូវបានគេបោះរួចហើយ បញ្ជីប៉ោង មានការដឹកជញ្ជូន​មនុស្ស​ឲ្យមកបោះឆ្នោត និងការរកឃើញថាទឹកខ្លៅជ្រលក់ដៃអាចលាងជ្រះជាដើម។

តែទោះជាយ៉ាងណា ការថ្លែងរបស់លោក សម រង្ស៊ី ត្រូវបានគេវាយតម្លៃថា ហាក់ដូចជាមិនចង់មានមហាបាតុកម្ម ដោយ​អហិង្សាកើតមានឡើងទេ។ ព្រោះប្រធានគណបក្សប្រឆាំងរូបនេះ បានបន្តបង្ហាញចេតនាជម្រុញឲ្យ មានការបង្កើត​«គណៈកម្មការចម្រុះ» ដើម្បីស៊ើបអង្កេតរកឲ្យឃើញការពិត និងយុត្តិធម៌ ហើយវាក៏ជាលក្ខខណ្ឌសម្រាប់​គណបក្ស​សង្រ្គោះជាតិ ពិចារណាបោះបង់ចោលការធ្វើមហាបាតុកម្ម ដោយអហិង្សាផងដែរ។ នៅក្នុងសន្និសិទការសែតរបស់​គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៦ខែសីហា លោក សម រង្ស៊ី បានអំពាវនាវជាថ្មីទៀត ឲ្យគណបក្សប្រជាជនកម្ពុជា វិលមក​រក«តុចចារវិញ»។

លោក ស ខេង មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងជាថ្នាក់ដឹកនាំក្រុមជំនាញចរចារកដំណោះស្រាយ ជា​មួយគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣នេះថា លោកនឹងចូលរួមចរចា ជាមួយគណបក្សប្រឆាំង ប្រសិនបើមានការស្នើរជាផ្លូវការជាក់លាក់មួយ ពីថ្នាក់ដឹកនាំគណបក្ស។ ជាមួយគ្នានេះលោក ស ខេង បានបញ្ជាក់ថា៖ «ខ្ញុំមានត្រង់ស៊ីប (គោលជំហរ?) មួយរបស់ខ្ញុំ គឺថាធ្វើអ្វីដែលមិនជាក់លាក់ ខ្ញុំមិនអាចធ្វើបានទេ»។

សូមរម្លឹកថា គិតចាប់ពី ក្រោយការបោះឆ្នោតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានជួបចរចារគ្នា៣ដងមកហើយ អំពីការបង្កើតគណៈកម្មការចម្រុះ។ តែរាល់ជំនួបទាំង​នេះ មិនបានទទួលផល​សម្រេច​អ្វីនោះទេ ហើយជារឿយៗ គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គ្មានចេតនាពិត​ប្រាកដ​ក្នុងការបង្កើតគណៈកម្មការចម្រុះនេះ ដោយបញ្ជូនតែមនុស្សដែលគ្មានសិទ្ធិសម្រេច ឲ្យមកប្រជុំ៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...