ព្រះសង្ឃ វឿង សំណាង៖ វត្ត​ហៅ​ចូល​វិញ តែ​កត់​ចូល​ក្នុង​បញ្ជី​«ខ្មៅ»

ព្រះតេជគុណ វឿង សំណាង គង់នៅវត្តបុទុមវតី ត្រូវបានព្រះគ្រូមេសូត្រស្តាំ និងជាព្រះមេគុណរាជធានី វត្តបុទុមវតី បញ្ជាឲ្យមេកុដិ បណ្តេញព្រះអង្គចេញពីវត្តទាំងយប់ ដោយសារតែព្រះអង្គមានវត្តមាន នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី២៦ ខែសីហាម្សិលម៉ិញនេះ។ នៅថ្ងៃអង្គារនេះ ព្រះសង្ឃអង្គនេះ ត្រូវបានមេកុដហៅចូលទៅវត្តវិញ តែមានសង្ឃដីការថា ព្រះតេជគុណត្រូវបានគេកត់ចូល«បញ្ជីខ្មៅ»របស់វត្ត។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ព្រះតេជគុណ វឿង សំណាង គង់នៅវត្តបុទុមវតី ត្រូវបានព្រះគ្រូមេសូត្រស្តាំវត្ត​ និងជាព្រះមេគុណ​រាជធានី បញ្ជា​ឲ្យមេកុដិ បណ្តេញព្រះអង្គចេញពីវត្តទាំងយប់ ដោយសារតែព្រះអង្គមានវត្តមាន នៅលានប្រជាធិបតេយ្យកាលពីថ្ងៃទី២៦ ខែសីហាម្សិលម៉ិញនេះ។ នៅថ្ងៃអង្គារនេះ ព្រះសង្ឃអង្គនេះ ត្រូវបានមេកុដហៅចូលទៅវត្តវិញ តែមានសង្ឃដីការពន្យល់​ថា ព្រះតេជគុណត្រូវបានគេកត់ចូល«បញ្ជីខ្មៅ»របស់វត្ត។


ព្រះតេជគុណ វឿង សំណាង។ (រូបថត ក្នុងទំព័រហ្វេសប៊ុកព្រះអង្គ)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ព្រះតេជគុណ វឿង សំណាង ជានិស្សិតផ្នែករដ្ឋបាល នៃពុទ្ធិកៈ​សកលវិទ្យាល័យព្រះសីហនុរាជ្យ ស្នាក់នៅក្នុងវត្តបុទុមវតី កុដិលេខ២៥ និងក៏ជានិស្សិតកំពុងសិក្សានៅ សកលវិទ្យាល័យ​បញ្ញាសាស្រ្តផងដែរ។ សាមណនិស្សិត រូបនេះបានមានសង្ឃដីកាថា ព្រះអង្គបានទៅមើលពីទិដ្ឋភាពទូទៅ នៃ«វេទិការ​ម្ចាស់ឆ្នោត ដើម្បីស្វែងរកយុត្តិធម៌» នារសៀលថ្ងៃទី២៦ ខែសីហា នៅទីលានប្រជាធិបតេយ្យ ដែលរៀបចំដោយ​គណបក្ស​សង្គ្រោះជាតិ។

ខុសនឹង«ច្បាប់វត្ត»?

ក្រោយពីព្រះអង្គបាននិមន្តត្រឡប់មកវិញ នៅម៉ោងប្រហែលជា៦.៤០នាទី ត្រូវបានព្រះមេគុណរាជធានី ព្រះតេជគុណ ឃឹម សន និងជាព្រះគ្រូមេសូត្រស្តាំវត្តបុទុមវតី បានបញ្ជាឲ្យព្រះតេជគុណ ឡុង សុភាព ដែលជាមេកុដិ បណ្តេញព្រះអង្គ (ព្រះតេជគុណ វឿង សំណាង) ចេញពីកុដិទាំងយប់។ «អាត្មាគ្រាន់តែបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយបានទៅ​ឈរ​ស្តាប់ទាក់ទងបញ្ហា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ (...) អ្វីដែលអាត្មាបានធ្វើមិនខុសនឹងច្បាប់រដ្ឋទេ ព្រោះអាត្មាជា​ប្រជាពលរដ្ឋ ហើយអាត្មាក៏មិនបានទៅស្រែកឡូឡាឯណាដែរ។» នេះជាការបង្ហាញសង្ឃដីការ របស់ព្រះតេជគុណ វឿង សំណាង។

ការបណ្តេញព្រះអង្គចេញមួយយប់នេះ ព្រះតេជគុណបានឲ្យដឹងថា គេបានធ្វើឡើងតាមរយៈការចោទប្រកាន់ ដោយសារ ព្រះអង្គបានធ្វើខុស​នឹង​«ច្បាប់វត្ត»។ ព្រះអង្គក៏បានចោទជាសង្ឃដីកាថា «ក្នុងព្រះពុទ្ធសាសនាក្តី តាមប្រព័ន្ធច្បាប់រដ្ឋក្តី អាត្មាជាប្រជាពលរដ្ឋម្នាក់ និងជាព្រះសង្ឃមួយអង្គនោះ គ្រាន់តែចូលរួមឈរមើល និងគ្រាន់តែស្តាប់នោះ តើ(វា)ខុស​ដែរ​ឬ​យ៉ាងណា?»

ហៅចូលវត្តវិញ តែត្រូវមាន«កិច្ចសន្យា»

តែទោះជាយ៉ាងនេះក្តី ក្រោយការបណ្តេញចេញតាមរយៈពាក្យសម្តី (មិនមានជាលិខិតស្នាមទេ) ព្រះតេជគុណ​បាន​បញ្ជាក់​ថា ពេលដែលព្រះអង្គ កំពុងស្វះស្វែងរការអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ ពីអង្គការសង្គមស៊ីវិលនានា នៅវេលា​ម៉ោង​ជាងប្រាំបីព្រឹកថ្ងៃទី២៧ ខែសីហានេះ ព្រះអង្គក៏ត្រូវបានមេកុដិហៅ ដោយបានអនុញ្ញាតិឲ្យស្នាក់នៅក្នុងកុដិជាបន្តរទៀត តាមរយៈនៃការធ្វើ«កិច្ចសន្យា»មួយ។

ទោះបីព្រះអង្គបានចូលគង់នៅធម្មតា បានបន្តរការសិក្សាក៏ពិតមែន តែឈ្មោះព្រះអង្គត្រូវបានកត់ត្រា ចូលក្នុងបញ្ជី​«ខ្មៅ»​របស់វត្តរួចទៅហើយ។ តែទោះជាយ៉ាងនេះក្តី ព្រះអង្គមិនមានការខ្លាចរអានោះដែរ ប្រសិនបើ​ព្រះអង្គមិនបាន​ធ្វើខុស​ពិត​មែននោះ។ «អ្វីដែលកើតឡើងចំពោះអាត្មា អាត្មាមិនខ្លាចចំពោះភាពអយុត្តិធម៌នោះទេ អ្វីដែលអាត្មាចង់បាន ការ​រស់​នៅ​ដោយសុក្រិត ដោយយុត្តិធម៌។ (...) អ្វីដែលអាត្មាបានធ្វើ ក្នុងគោលបំណងចង់ស្វែងយល់ អំពីរបត់សង្គមតែប៉ុណ្ណោះ មិន​មែនចូលរួមក្នុងបក្សប្រឆាំងនោះទេ។»

សង្ឃមិនត្រូវចូលរួមក្នុងចលនានយោបាយ រួចចុះសម្តេច ទេព វង្ស ?

ទាក់ទងនិងការត្រឡប់ចូលទៅគង់នៅបន្តរ ដោយមានកិច្ចសន្យានោះ ព្រះអង្គមិនបានបញ្ជាក់អ្វីច្រើននោះទេ ដោយគ្រាន់​តែបង្ហាញថា ជា«កិច្ចសន្យាគោរពតាមច្បាប់វត្ត»។ ព្រះអង្គបានសង្ខេបដោយខ្លីថា ចំណុចល្អរបស់ច្បាប់វត្ត គេមិន​អនុញ្ញាត​ឲ្យចេញពីវត្តដើម្បីធ្វើបាតុកម្ម កុប្បកម្ម ឬធ្វើសកម្មភាពណាមួយ ដែលនាំឲ្យមានបញ្ហាដល់វត្ត (វា) ជាការរក្សាសណ្តាប់ធ្នាប់​របស់វត្ត។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបំភ្លឺពីព្រះតេជគុណ ឃឹម សន ព្រះគ្រូមេសូត្រស្តាំ និងព្រះតេជគុណ ឡុង សុភាព មេកុដិវត្តបុទុមវតីបានទេ នាល្ងាចនេះ ដោយទូរស័ព្ទព្រះអង្គហៅមិនចូល។

បញ្ហានៃការបណ្តេញចេញនេះ ត្រូវបាន លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើការបកស្រាយថា ប្រសិន​បើជាការបណ្តេញចេញដោយ«អាបត្តិ»នោះ វាជាការត្រឹមត្រូវ និងក៏ដើម្បីពង្រឹងនូវប្រពន្ធ័ច្បាប់វត្ត វិន័យសម្រាប់​ព្រះសង្ឃ​ដែលជារឿងចាំបាច់។ លោកបានបន្តរថា តែបើសិនជាបណ្តេញចេញ ដោយសារព្រះអង្គចូលរួមស្តាប់ការសម្តែងមតិនោះ ជាការមិនត្រឹមត្រូវទេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ការបណ្តេញចេញ តាមរយៈការចូលរួមដោយសន្តិវិធីលើការតវ៉ាណាមួយ ដែលមាន​លក្ខណៈជានយោបាយ នោះវាក៏មិនត្រឹមត្រូវដែរ។ ជាមួយគ្នានេះ លោក អ៊ូ វីរះ ក៏បានលើកជាឧទាហរណ៍ថា «នៅពេល ​ដែលសម្តេច ទេព វង្ស មានសង្ឃដីកាលំអៀង ទៅគណបក្សកាន់អំណាចទាំងស្រុងនោះ លោកជេរគេ ជេរឯង ប្រើពាក្យ មិនសមរម្យ ដែលមានលក្ខណៈនយោបាយទាំងស្រុងនោះ ជារឿងមួយមិនល្អសម្រាប់វត្តអារាម ក្នុងប្រទេសកម្ពុជា​យើង​នោះទេ។ នេះជាបញ្ហាមួយត្រូវកែទម្រង់ខ្លាំងណាស់ រួមផ្សំនឹងព្រះសង្ឃដែលខ្វះវិន័យផង។ (…) ទាក់ទងនឹងរឿង​នយោបាយ ព្រះសង្ឃនៅកម្ពុជាត្រូវបានគាបសង្កត់ក្នុងកម្រិតខ្ពស់ និងជាបញ្ហាដែលត្រូវធ្វើការជជែកគ្នាជាបន្តរទៀត។»

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០២ ខែសីហា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានចេញលិខិតប្រកាសគាំទ្រ ចំពោះជ័យជំនេះរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចសម្ភាសកន្លងមក ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក​យ៉ង់ គឹមអេង ក៏បានបង្ហាញដែរថាក្នុងនាមជាស្ថាប័នព្រះសង្ឃ មិនត្រូវធ្វើ«នយោបាយយ៉ាងជ្រៅ»ដូច្នេះទេ។ លោកគួរ​គង់​ជាកណ្តាល ហើយអាចជួយផ្សព្វផ្សាយនូវអ្វី ដែលត្រូវដោះស្រាយដោយសន្តិវិធី និងអហិង្សាក្នុងអំឡុងពេលចាំបាច់ ជា​ជាងការគាំទ្រទៅលើគណបក្សនយោបាយ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...